ជនជាតិ​កូរ៉េ​នាំ​លុយ​ជាង ២​លាន​ដុល្លារ​តាម​ព្រលានយន្តហោះ​សៀមរាប ត្រូវ​ឃាត់ខ្លួន​
ជាតិ
ជនជាតិ​កូរ៉េ​នាំ​លុយ​ជាង ២​លាន​ដុល្លារ​តាម​ព្រលានយន្តហោះ​សៀមរាប ត្រូវ​ឃាត់ខ្លួន​
08, Jul 2019 , 5:43 pm        
រូបភាព
​ភ្នំពេញ​៖ កម្លាំង​នគរបាល​អន្តោរ​ប្រវេសន៍ នៅ​ថ្ងៃទី​៨​ខែកក្កដា​នេះ បាន​ឃាត់ខ្លួន​ជនជាតិ​កូរ៉េខាងត្បូង​២​នាក់ និង​រឹបអូស​ប្រាក់​ដុល្លារ​ជាង ២​លាន​ដុល្លារ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​។​



​គេហទំព័រ​របស់​អគ្គ​ស្នងការ​នគរបាលជាតិ​បាន​ផ្សាយ​ថា ជនជាតិ​កូរ៉េខាងត្បូង ទាំងពីរ​នាក់​នេះ បានធ្វើ​ដំណើរ​តាម​ជើងយន្តហោះ​ពី​ទីក្រុង​ហុងកុង ហើយ​ពេលមកដល់​ព្រលានយន្តហោះ​សៀមរាប ក៏ត្រូវ​កម្លាំង​ប៉ុស្ដិ៍នគរបាល​អន្តោប្រវេសន៍ ឃាត់ខ្លួន​។ ជនបរទេស​ទាំងពីរ​នាក់​នេះ​បាន​នាំចូល​ប្រាក់​ដុល្លារ​ចំនួន ២​លាន​២​សែន​ដុល្លារ ដែល​សង្ស័យថា​ជា​លុយ​ខុសច្បាប់​។ 
 
​ក្រោយ​ឃាត់ខ្លួន ជនជាតិ​កូរ៉េ​ពីរ​នាក់​នេះ ត្រូវ​ប្រគល់ជូន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី ចំណែកឯ​ប្រាក់​ដុល្លារ​ជាង​២​លាន ត្រូវ​រក្សាទុក​បណ្ដោះអាសន្ន​នៅ​ការិយាល័យ​គយ និង​រដ្ឋាករ​ប្រចាំការ​ក្នុង​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប ដើម្បី​បន្ត​នីតិវិធី​។​
 
​គួរ​បញ្ជាក់ថា ក្នុងពេល​ថ្មីៗ​នេះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន និង​រឹបអូស​លុយ ក្នុងករណី​ចំនួន​ពីរ ដែល​ស្រដៀង​គ្នា​នេះ គឺ​សង្ស័យ​នាំចូល​លុយ​ខុសច្បាប់ ឬ​លុយ​កង្វក់​។ ទាំងពីរ​ករណី​មុននេះ គឺ​កើតឡើង​នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ដែលមាន​មួយ​ករណី មាន​ទឹកប្រាក់​ជាង​៣​លាន​ដុល្លារ និង​មួយ​ករណី​ទៀត​គឺ ៨០​ម៉ឺន​ដុល្លារ​៕

Tag:
 ព្រលានយន្តហោះ​
  លុយ​កង្វក់​
© រក្សាសិទ្ធិដោយ thmeythmey.com