ក្រសួងធនធានទឹក៖ ភ្លៀងនៅតែបន្តធ្លាក់ពីតិចទៅច្រើន ចាប់ពីថ្ងៃទី០៩-១៥ កក្កដា
ជាតិ
ក្រសួងធនធានទឹក៖ ភ្លៀងនៅតែបន្តធ្លាក់ពីតិចទៅច្រើន ចាប់ពីថ្ងៃទី០៩-១៥ កក្កដា
09, Jul 2019 , 1:30 pm        
រូបភាព
ដោយ៖ ឃុន សម្ផស្ស

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានព្យាករថា ចាប់ពីថ្ងៃទី០៩-១៥ កក្តដានេះ តំបន់មាត់សមុទ្រ, តំបន់វាលទំនាបភាគកណ្តាល, ភាគខាងជើង, ភាគខាងពាយ័ព្យ, តំបន់វាលទំនាបភាគខាងក្រោម និងខេត្តនៅភាគខាងកើតជាប់វៀតណាម នឹងមានភ្លៀងធ្លាក់ពីតិចទៅច្រើន។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក ដែលចេញផ្សាយនៅថ្ងៃទី០៩ កក្កដានេះ។



បើតាមការព្យាកររបស់ក្រសួងធនធានទឹក កម្ពុជា កំពុងទទួលរងឥទ្ធិពលជ្រលងសម្ពាធទាប ជាមួយនិងរបបខ្យល់មូសុងនិរតីកម្រិតមធ្យម។ ស្ថានភាពអាកាសធាតុបែបនេះ បណ្ដាលឲ្យបណ្ដាខេត្តជាប់មាត់សមុទ្រ ខេត្តកោះកុង និងព្រះសីហនុ នឹងអាចមានភ្លៀងធ្លាក់ពីតិចទៅមធ្យម។ ដោយឡែក បណ្ដាខេត្ត-ក្រុងនៅតំបន់វាលទំនាបភាគកណ្ដាល ភាគខាងជើង និងភាគពាយ័ព្យ នឹងមានភ្លៀងធ្លាក់ពីតិចទៅបង្គួរ ក្នុងនោះ ភាគខ្លះមានភ្លៀងធ្លាក់ខ្លាំង។ 
 
សេចក្ដីជូនដំណឹងខាងលើ បន្ថែមថា បណ្ដារាជធានី-ខេត្ត នៅតំបន់វាលទំនាបភាគខាងក្រោម និងខេត្តភាគខាងកើត ជាប់និង វៀតណាម អាចនឹងមានភ្លៀងពីតិចទៅមធ្យម និងភាគខ្លះមានភ្លៀងធ្លាក់ខ្លាំង។ ក្រសួងធនធានទឹក និងឧតុនិយម ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ទ្រាក់ ដែលអាចកើតមានឡើងជាយថាហេតុ ជាពិសេស តំបន់វាលទំនាប៕ 
 

Tag:
 អាកាសធាតុ
  ភ្លៀង
© រក្សាសិទ្ធិដោយ thmeythmey.com