ជាតិ
មន្ត្រី​រដ្ឋាភិបាល ចង់បាន​កិច្ចសហការ​ជាមួយ​អ្នកកាសែត ដើម្បី​ទប់ស្កាត់​ព័ត៌មាន​ក្លែងក្លាយ​
09, Jul 2019 , 8:59 pm        
រូបភាព
​ភ្នំពេញ​៖ អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល និង​ប្រជុំពិភាក្សា​ជាមួយ​អ្នកកាសែត ដើម្បី​កំណត់​វិធានការ​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ ដែល​បង្កើតឡើង​ក្នុង​គោលបំណង​វាយប្រហា​រដ្ឋាភិបាល នៅ​ថ្ងៃទី​១០ កក្កដា​។

 
​លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រដ្ឋាភិបាល បាន​និយាយថា កិច្ចប្រជុំ​ពិភាក្សាគ្នា​នេះ គឺ​ផ្ដោតទៅលើ​បញ្ហាសំខាន់​២​ចំណុច ដែល​ទាក់ទង​ការផ្សព្វផ្សាយ​ព័ត៌មាន​នៅ​កម្ពុជា ដោយ​ក្នុងនោះ​រួមមាន ក្រមសីលធម៌​អ្នកកាសែត និង​ការប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ ។ 
 
​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លោក ផៃ ស៊ី​ផាន បញ្ជាក់​ដូច្នេះ​ថា​៖«​គោលបំណង​ធំ​យើង​ចង់​ពង្រឹង​ក្រមសីលធម៌ និង​កាត​ព្វ​អ្នកសារព័ត៌មាន ដោយ​យើង​នឹង​សុំ​ការផ្ដល់​យោបល់ ឱវាទ​ពី​ប្រធាន​ក្លិប ប្រធាន​សមាគម​ទាំងអស់ តើ​គួរ​ពង្រឹង​អ្វី​ដែលជា​ក្រមសីលធម៌ និង​កាតព្វកិច្ច​របស់​អ្នកព័ត៌មាន ដែលមាន​ចែង​នៅក្នុង​រដ្ឋធម្មនុញ្ញ​ថា ពលរដ្ឋ​ខ្មែរ​មាន​កាត​ព្វ​អ្វីខ្លះ ដែល​យើង​ត្រូវ​យកមក​ពិភាក្សាគ្នា ដើម្បី​ឲ្យ​អ្នកសារព័ត៌មាន​ក្លាយជា​កម្លាំង​ជាតិ ក្នុង​កិច្ចការពារ​សន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ​។ ចំណុច​ទី​២ យើង​នាំគ្នា​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ (Fake News) ដែល​បានសេចក្តីថា យើង​នាំគ្នា​មិន​បំពង ឬ​ឃោសនា​បន្ទរ នូវ​ព័ត៌មាន​ណា ដែល​គ្មាន​ប្រភព​ត្រឹមត្រូវ ដើម្បី​ការពារ​វិស័យ​ព័ត៌មាន​ឲ្យ​ក្លាយជា​មរតក​សម្រាប់​ស​ង្គ​ម និង​មាន​ប្រសិទ្ធភាព​»​។​
 
​ត្រង់ចំណុច​នេះ លោក ផៃ ស៊ី​ផាន សង្កត់ធ្ងន់ថា មូល​ហេតុដែល​រដ្ឋាភិបាល​រៀបចំ​កិច្ចពិភាក្សា​នេះ គឹ​ចង់បាន​កិច្ចសហការ​ជាមួយ​អ្នកកាសែត ដើម្បី​ទប់ស្កាត់​ព័ត៌មាន​ក្លែងក្លាយ ដែលមាន​បំណង​វាយប្រហារ​លើ​រដ្ឋាភិបាល​ប៉ុណ្ណោះ ពោលគឺ​មិនមែន​មានន័យថា អ្នកកាសែត​នៅ​កម្ពុជា​គ្មាន​ក្រមសីលធម៌​នោះទេ​។ «​អ្នកសារព័ត៌មាន​មួយចំនួន នៃ​ស្ថាប័ន​ធំៗ គាត់​មាន​ក្រមសីលធម៌ និង​វិជ្ជាជីវៈ​ត្រឹមត្រូវ​។ ប៉ុន្តែ​នៅក្នុង​ការលើកតម្កើង​វិស័យ​ព័ត៌មាន ដែលជា​តម្រូវការ​រប​ស់​មហាជន នៅក្នុង​បរិបទ​សង្គម​បើកចំហរ យើង​ចង់បាន​ឲ្យ​លើសពីនេះ​តទៅទៀត ដើម្បី​យក​ព័ត៌មាន​ជា​ខ្លឹមសារ​មួយ ដើម្បី​ជាការ​ពិចារណា និង​ការចូលរួម​ពី​មហាជន​យើង​។ ហើយ​យើង​មិន​ចង់បាន​ព័ត៌មាន​ដែល​ធ្វើ​ឲ្យ​មហាជន​មានការ​ពិបាកចិត្ត​ជាមួយ​សារព័ត៌មាន​ទេ​»​។ នេះ​ជាការ​លើកឡើង​របស់​អ្នកនាំពាក្យ​រដ្ឋាភិបាល ។​
 
​អ្នក​ដែល​ចូលរួម​កិច្ចពិភាក្សា​នោះ រួមមាន​ក្លិប​អ្នកកាសែត​កម្ពុជា  សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា សមាគម​អ្នកកាសែត​កម្ពុជា​-​ចិន , ខាង​តំណាង​មកពី​រាជបណ្ឌិត្យសភា និង​ក្រសួង​ព័ត៌មាន រួមទាំង​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងទៀត​។ នេះ​ជាការ​បញ្ជាក់​របស់លោក ផៃ ស៊ី​ផាន ដែល​បាន​បន្ថែមថា ក្រោយ​កិច្ចប្រជុំ​ពិភាក្សាគ្នា​នោះ អង្គការ​ភាព​លោក នឹងធ្វើ​សន្និសីទកាសែត និង​ចេញ​សេចក្តីថ្លែងការណ៍​ទៀតផង​៕ 

Tag:
 ផៃ ស៊ី​ផាន​
  ព័ត៌មាន​ក្លែងក្លាយ
© រក្សាសិទ្ធិដោយ thmeythmey.com