កម្ពុជា នឹងដាក់ដំណើរការមណ្ឌលសិក្សា កម្មវិធីអប់រំកម្រិតមូលដ្ឋានតាមអ៊ីនធើណិត នៅសៀមរាប
ជាតិ
កម្ពុជា នឹងដាក់ដំណើរការមណ្ឌលសិក្សា កម្មវិធីអប់រំកម្រិតមូលដ្ឋានតាមអ៊ីនធើណិត នៅសៀមរាប
10, Jul 2019 , 3:19 pm        
រូបភាព
ដោយ៖ សុផល រតនៈ

ភ្នំពេញ៖ នៅថ្ងៃទី១១ កក្កដានេះ ក្រសួងការងារ, ក្រសួងអប់រំ និងការិយាល័យអង្គការយូណេស្កូភ្នំ្ពពេញ នឹងប្រកាសសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនូវមណ្ឌលសិក្សា នៃកម្មវិធីអប់រំសមមូលកម្រិតមូលដ្ឋានតាមអ៊ីនធើណិត ហៅថា (ប៊ីប) ចំនួន ២កន្លែង នៅក្នុងខេត្តសៀមរាប។ មណ្ឌលសិក្សានេះ រួមមាន វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ (NPIA) និង វិទ្យាស្ថានពហុបច្ចេកទេសភូមិតេជោសែនសៀមរាប។

 
កម្មវិធីអប់រំសមមូលកម្រិតមូលដ្ឋានតាមអ៊ីនធើណិត (ប៊ីប)  ជាកម្មវិធីផ្ដួចផ្ដើមរវាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រសួងអប់រំ យុវជន និងកីឡា និងអង្គការយូណេស្កូ ដើម្បីផ្ដល់ការអប់រំដល់យុវជនដែលបោះបង់ការសិក្សា។ កម្មវិធីសិក្សាអនឡាញ (ប៊ីប)នេះ នឹងជួយយុវជនកម្ពុជាឲ្យបន្តការសិក្សា ដើម្បីឲ្យពួកគេបញ្ចប់ការសិក្សាថ្នាក់មូលដ្ឋានដែលមានតម្លៃស្មើនឹងថ្នាក់ទី ៩ ស្របពេលពួកគេកំពុងបំពេញការងារផ្ទាល់ខ្លួន។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានដែលចេញផ្សាយលើទំព័រហ្វេសប៊ុកក្រសួងការងារ។
 
កម្មវិធីសម្ពោធនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១១ កក្កដា នាវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ (NPIA) ដោយមានការចូលរួម លោក ពេជ សោភ័ណ រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការងារ, លោក សិរី ជំនះ អនុរដ្ឋលេខាធិការ ក្រសួងអប់រំ, តំណាងអង្គការយូណេស្កូនៅកម្ពុជា។ មណ្ឌលសិក្សានៃកម្មវិធីអប់រំសមមូលកម្រិតមូលដ្ឋានតាមអ៊ីនធើណិត ហៅកាត់ថា (ប៊ីប) ២កន្លែង នៅក្នុងខេត្តសៀមរាបរួមមាន វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ (NPIA) និង វិទ្យាស្ថានពហុបច្ចេកទេសភូមិតេជោសែនសៀមរាប។
 
វគ្គសិក្សា ប៊ីប ត្រូវបានដាក់បញ្ចូលនៅលើបណ្ដាញនៃកម្មវិធីសិក្សា Moodle ជាភាសាខ្មែរដែលមានការសហការរវាង ប៊ីប និង មជ្ឈមណ្ឌល EdTech នៃអង្គការអប់រំពិភពលោក ក្នុងនោះមានវគ្គសិក្សាចំនួន ១១មុខ សម្រាប់ឲ្យសិស្សជ្រើសរើស។ ប៊ីប នឹងត្រូវដាក់ដំណើរការសាកល្បងនៅមណ្ឌលសិក្សាចំនួន ១០ (រាជធានីភ្នំពេញ ៥ និងខេត្តសៀមរាប ៥)។ 
 
គួរបញ្ជាក់ថា នៅខែកុម្ភៈ ឆ្នាំ២០១៩នេះ មជ្ឈមណ្ឌលសិក្សាទី១ ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់នៅភ្នំពេញដោយមានសិស្សចំនួន ១៥៥៣នាក់ មកពីខេត្តនានានៅកម្ពុជា។ ក្នុងនោះចំនួនសិស្សស្រីចុះឈ្មោះតាមប្រព័ន្ធអនឡាញមានចំនួន ២៨% និងសិស្សដែលកំពុងសិក្សាមានចំនួន ១៤៨នាក់៕
 

Tag:
 ក្រសួងអប់រំ
  ក្រសួងការងារ
  អ៊ីនធើណិត
  យូណេស្កូ
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម