ទស្សនៈ ៖ បណ្ឌិត រស់នៅតែមួយថ្ងៃ ក៏ប្រសើរជាងជនពាលរស់នៅមួយរយឆ្នាំ
ជាតិ
សាសនា / ធម៌
ទស្សនៈ ៖ បណ្ឌិត រស់នៅតែមួយថ្ងៃ ក៏ប្រសើរជាងជនពាលរស់នៅមួយរយឆ្នាំ
10, Jul 2019 , 4:07 pm        
រូបភាព
កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៦ ប្រជាពលរដ្ឋ ចូលរួមដង្ហែសពលោកបណ្ឌិត កែម ឡី ពីរាជធានីភ្នំពេញ ទៅបញ្ចុះនៅស្រុកត្រាំកក់ ខេត្តតាកែវ ដែលជាស្រុកកំណើតរបស់លោក (រូបពី AFP)
កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៦ ប្រជាពលរដ្ឋ ចូលរួមដង្ហែសពលោកបណ្ឌិត កែម ឡី ពីរាជធានីភ្នំពេញ ទៅបញ្ចុះនៅស្រុកត្រាំកក់ ខេត្តតាកែវ ដែលជាស្រុកកំណើតរបស់លោក (រូបពី AFP)
ដោយ: ថ្មីៗ



សារជាតិរបស់បណ្ឌិត គឺមិនដែលបៀតបៀន ឬប៉ងប្រព្រឹត្តអំពើអាក្រក់ដាក់អ្នកដទៃ។ ផ្ទុយមកវិញ បណ្ឌិត មានតែឈឺឆ្អាល និងចង់ជួយអ្នកដទៃ និងសង្គមជាតិ។

បណ្ឌិត រស់មួយថ្ងៃ នាំផលប្រយោជន៍ដល់គេមួយថ្ងៃ។ បណ្ឌិត សុខចិត្តរងការឈឺចាប់ តែមិនបង្កការឈឺចាប់។ បណ្ឌិត គិតពីប្រយោជន៍រួម មិនគិតប្រយោជន៍ផ្ទាល់ខ្លួន និងមិនអាត្មានិយម។

មានបណ្ឌិតនៅទីណា ភាពរុងរឿង និងភាពសុខដុមរមនា កើតមាននៅទីនោះ។ បណ្ឌិត រស់នៅដោយប្រាជ្ញា ហើយនាំមកនូវភាពភ្លឺស្វាងដល់សង្គម និងចែករំលែកទស្សនទានដល់អ្នកដទៃ ដែលជាមាគ៌ាឆ្ពោះទៅរកសម្មាទិដ្ឋិ។

បណ្ឌិត មិនធ្វើជាបន្ទុកដល់អ្នកដទៃ តែធ្វើជាទីពឹងពាក់ដល់អ្នកដទៃ។ បណ្ឌិត រស់នៅ គេគោរពស្រឡាញ់ ពេលចាកចេញឬបាត់បង់ គេនឹកស្រណោះ។ បណ្ឌិត គេ តែងប្រាថ្នាចង់ចូលទៅជិត និងចង់សេពគប់។

បណ្ឌិត រលត់តែជីវិត តែកេរ្តិ៍ឈ្មោះ មិនសាបសូន្យ ហើយមនុស្សផងទាំងពួង នៅតែចងចាំ និងរម្លឹកពីវីរភាពជានិច្ច។ បណ្ឌិត អាចជាប់ឈ្មោះក្នុងប្រវត្តិសាស្រ្ត ហើយក្លាយគំរូ និងតម្រាប់របស់មនុស្សគ្រប់រូប។

ចំណែក ជនពាល រស់នៅបង្កតែបញ្ហាដល់គេឯង រស់នៅ កាន់តែយូរ នាំទុក្ខដល់គេកាន់តែច្រើន។ ដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួន ជនពាល អាចនឹងផ្តាច់ផ្តិលជីវិតអ្នកដទៃ ដូចពាក្យពោលថា ជនពាល ហ៊ានដុតផ្ទះគេ ដើម្បីតែស្ងោរពងមាន់មួយ សម្រាប់ខ្លួនបរិភោគ។

ជនពាល រស់នៅ គ្មានភាពចម្រុងចម្រើន គឺមានតែក្តីវិនាសអន្តរាយដល់សង្គម។ គេរាល់គ្នា តែងព្យាយាមគេចចេញឲ្យឆ្ងាយពីជនពាល។

ជនពាល រស់នៅដោយខ្វះការយល់ដឹង រស់នៅដោយភាពល្ងង់ខ្លៅ និងស្ថិតក្នុងភាពវង្វេង។ ជនពាល រស់នៅតែនៅក្នុងភាពក្តៅក្រហល់ក្រហាយ គ្មានសន្តិភាពក្នុងចិត្ត។

ជនពាល រស់នៅ គេមិនរាប់ ស្លាប់គេមិនស្រណោះ ហើយ ជួនណាល គេ បន់ឲ្យតែឆាប់ស្លាប់ថែមទៀត។ ពេលខ្លះ គេ យល់ថា ជនពាល ស្លាប់ប្រសើរជាងរស់។

«បណ្ឌិត ប្រៀបដូចជាកម្រងមាលា ឯជនពាល ប្រៀបដូចជាលាមក»៕

Tag:
 បណ្ឌិត
  ជនពាល
  ទស្សនៈ
  ធម៌
  ព្រះពុទ្ធ
  សាសនា
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម