អាមេរិក ចង់​បង្កើត​សម្ព័ន្ធភាព​យោធា​ដើម្បី​ការពារ​ច្រក​សមុទ្រ Hormuz
អន្តរជាតិ
អាមេរិក ចង់​បង្កើត​សម្ព័ន្ធភាព​យោធា​ដើម្បី​ការពារ​ច្រក​សមុទ្រ Hormuz
10, Jul 2019 , 5:07 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
​សហរដ្ឋអាមេរិក កំពុង​ប្រមែប្រមូល​ប្រទេស​នានា​ឲ្យ​ចូលរួម​ក្នុង​សម្ព័ន្ធភាព​យោធា​មួយ​ដើម្បី​ការពារ​ការដឹកជញ្ជូន​តាម​ច្រក​សមុទ្រ Hormuz ដែល​សព្វថ្ងៃ​ត្រូវបាន​កាង​ជាប់​ដោយ​អ៊ីរ៉ង់ និង​ផ្លូវ​សមុទ្រ​ក្បែរ​យេ​ម៉ែន​។ នេះ​បើតាម​ការលើកឡើង​រប​ស់​ប្រមុខ​កងទ័ព​អាមេរិក​នៅ​ថ្ងៃទី​៩ ខែកក្កដា​។ ក្រោម​គំនិត​ផ្ដួចផ្ដើម​ថ្មី​នេះ អាមេរិក​ទទួលបន្ទុក​ផ្ដល់ព័ត៌មាន​ការ​ស៊ើបការណ៍ ឯ​ប្រទេស​ដែល​ចូលរួម ត្រូវការពារ​កប៉ាល់​ដែល​ពាក់​ទង់ជាតិ​ប្រទេស​នោះ​។

 
​អាមេរិក ទំនងជា​បោះ​បង់អ​ម្រែ​ក​សន្តិសុខ​ដ៏​ធ្ងន់​នៅ​តំបន់​ឈូង​សមុទ្រ​ហើយ និង​ចង់​ឲ្យ​ប្រទេស​ដែល​ទទួល​ប្រយោជន៍​ពី​ច្រក​សមុទ្រ​សំខាន់​នេះ ចេញមុខ​លី​អ​ម្រែ​ក​នេះ​ទៅតាម​ប្រយោជន៍​ដែល​ពួកគេ​ទទួលបាន​។ នាយសេនាធិការ​ចម្រុះ​កងទ័ព​អាមេរិក ឧ​ត្ត​ម​សេនីយ៍ ចូ​សេ​ហ្វ ដាន់​ហ្វ​ត និយាយ​ថ្ងៃទី​៩ ខែកក្កដា ថា អាមេរិក​រំពឹងថា នឹងមាន​សម្ព័ន្ធមិត្ត​ចូលរួម​ក្នុង «​សម្ព័ន្ធភាព​យោធា​» មួយ​ដើម្បី​ការពារ​ដែនទឹក​នៅក្បែរ​អ៊ីរ៉ង់ និង​យេ​ម៉ែន ជាទី​ដែល​អាមេរិក និង​អ៊ីរ៉ង់​កំពុង​ទាស់​គ្នា​។ 
 
​ក្រោម​គម្រោង​ថ្មី​ដែល​ទើប​បញ្ចប់​ថ្មីៗ​នេះ អាមេរិក នឹង​ផ្ដល់​កប៉ាល់​បញ្ជា និង​ដឹកនាំ​ផ្នែក​ស៊ើប​យក​ព័ត៌មាន​ឲ្យ​សម្ព័ន្ធភាព​ចម្រុះ​។ កប៉ាល់​របស់​ប្រទេស​សមាជិក នឹងធ្វើ​ដំណើរ​អម​កប៉ាល់​បញ្ជា​របស់​អា​មេ​រិ​ក ហើយ​ការពារ​កប៉ាល់​ដឹកទំនិញ​ដែលមាន​ទង់ជាតិ​របស់ខ្លួន​។ លោក​ឧ​ត្ត​ម​សេនីយ៍ ដាន់​ហ្វ​ត បញ្ចេញ​ព័ត៌មាន​នេះ ក្រោយ​ជំនួប​ជាមួយ​រដ្ឋមន្ត្រីការបរទេស ម៉ៃ ប៉ុ​ម​ប៉េ​អូ និង​រដ្ឋមន្ត្រី​ស្ដីទី​ក្រសួងការពារជាតិ Mark Esper ។​
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters លោក ដាន់​ហ្វ​ត បញ្ជាក់ថា អាមេរិក​កំពុង​ទាក់ទង​ប្រទេស​មួយចំនួន​ដើម្បី​ពិនិត្យមើល​លទ្ធភាព​ចូលរួម​បង្កើត​សម្ព័ន្ធភាព​មួយ​សំដៅ​ការពារ​សេរីភាព​នាវាចរណ៍​ទាំង​នៅ Hormuz និង​ច្រក Bab al-Mandab ក្បែរ​យេ​ម៉ែន​។ លោក​បន្តថា ពីរ​បី​សប្ដាហ៍​ខាងមុខ អាច​រកឃើញ​ប្រទេស​ដែលមាន​ឆន្ទៈ​ក្នុងការ​គាំទ្រ​គំនិត​ផ្ដួចផ្ដើម​នេះ ហើយ​បន្ទាប់មក នឹង​ចាប់ផ្ដើម​ធ្វើការ​ជាមួយ​ក្នុងចំណោម​កងទ័ព​តែម្ដង​។​
 
​តាមពិតទៅ នេះ​ជា​មិនមែនជា​រឿង​ថ្មី​ឡើយ​ដែល​អាមេរិក​បបួល​ប្រទេស​ផ្សេង​ឲ្យ​ចូលរួម​ក្នុងការ​ប្រតិបត្តិការ​នៅ​តំបន់​ដ៏​សំខាន់​មួយ​នេះ​។ លោក​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ថែមទាំង​ប្រកា​សទារ​ថ្លៃ​ការពារ​ពី​ប្រទេស​ដែល​ឲ្យ​អាមេរិក​ការពារ​កប៉ាល់​ដឹកទំនិញ​របស់ខ្លួន​ទៀតផង​។ 
 
​គំនិត​របស់​អាមេរិក​ខាងលើនេះ ទទួល​សញ្ញា​វិជ្ជមាន​បន្ទាប់ពី​ការវាយប្រហារ​បន្តបន្ទាប់​លើក​ប៉ាល់​ដឹកទំនិញ​នៅ​តំបន់​នោះ ហើយ​ស្របគ្នា​នឹង​ភាព​តានតឹង​រវាង​អាមេរិក និង​អ៊ីរ៉ង់​ផង​នោះ​។ ជម្លោះ​នៅ​តំបន់​នោះ ពិតជា​ប៉ះពាល់​ដល់​ការផ្គត់ផ្គង់​ប្រេង​លើ​ពិភពលោក​មិន​ខាន ដូចនេះ​ប្រទេស​ធំៗ​ដែល​ពឹង​ផ្អែកលើ​ប្រេង​មជ្ឈិមបូព៌ា ប្រាកដជា​ពិចារណា​គំនិត​ផ្ដួចផ្ដើម​របស់​អាមេរិក​។ ជុំវិញ​រឿងនេះ ជប៉ុន​ដែល​ត្រូវការ​ប្រេង​ពី​តំបន់​នោះ ប្រកាសថា នឹង​ទាក់ទង​ជាមួយ​អាមេរិក​ដើម្បី​ស្ថិរភាព​នៅ​មជ្ឈិមបូព៌ា​៕

Tag:
 អាមេរិក​
  អ៊ីរ៉ង់​
  Hormuz
© រក្សាសិទ្ធិដោយ thmeythmey.com