លោក ផៃ ស៊ី​ផាន ៖​រដ្ឋាភិបាល​គ្មាន​គោលនយោបាយ​ចំណាយ​ថវិកា​ដោះស្រាយ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​ទេ​
ជាតិ
លោក ផៃ ស៊ី​ផាន ៖​រដ្ឋាភិបាល​គ្មាន​គោលនយោបាយ​ចំណាយ​ថវិកា​ដោះស្រាយ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​ទេ​
11, Jul 2019 , 9:39 pm        
រូបភាព
​ភ្នំពេញ​៖ គិត​ត្រឹម​ថ្ងៃទី​១១ កក្កដា​នេះ មាន​ជ្រូក​ជាង​២០០០​ក្បាល​ហើយ ដែល​ត្រូវបាន​សម្លាប់ និង​ងាប់​ដោយសារ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​។ រដ្ឋាភិបាល កំពុង​ព្យាយាម​ដោះស្រាយ និង​ទប់ស្កាត់​បញ្ហា​នេះ ប៉ុន្តែ​គ្មាន​គម្រោង​ជួយ​រំលែក​ការបង់​ខាត​របស់​ពល​រដ្ឋ​ឡើយ​។​

 
​លោក តាន់ ផាន់​ណា​រ៉ា អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ បាន​និយាយថា ក្នុងចំណោម​ជ្រូក​ជាង​២០០០​ក្បាល​នោះ គឺមាន​ជ្រូក​៧៩៨​ក្បាល​ត្រូវបាន​សម្លាប់ចោល ហើយ​មាន​ជ្រូក​ជាង ១​ពាន់​ក្បាល​ផ្សេងទៀត​ងាប់​ដោយសារ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​នេះ​។ ដ្បិត​មិនទាន់​ហ៊ាន​អះអាងថា ជា​បញ្ហា​ធ្ងន់ធ្ងរ​ក្តី ប៉ុន្តែ​លោក តាន់ ផាន់​ណា​រ៉ា បាន​និយាយថា ករណី​ផ្ទុះ​ជំងឺប៉េស្ត​ជ្រូក​នេះ មិនមែនជា​រឿង​ធូរស្រាល​សម្រាប់​កម្ពុជា​នោះទេ​។ 
 
​សូម​ស្ដាប់​សំឡេង​លោក តាន់ ផាន់​ណា​រ៉ា​៖



 
​ឆ្លើយ​នឹង​សំនួរ​អ្នកកាសែត ជុំវិញ​បញ្ហា​ប៉េស្ត​ជ្រូក​អាហ្វ្រិក​នេះ អគ្គនាយកដ្ឋាន​សុខភាព​សត្វ​និង​ផលិតកម្ម​សត្វ នៃ​ក្រសួងកសិកម្ម​រូបនេះ បាន​និយាយថា​៖«​នៅក្នុង​ប្រទេស​យើង ដែល​ផ្ទុះ​ជំងឺ​(​ប៉េស្ត​ជ្រូក​អាហ្វ្រិក​)​នេះ គឺ​វា​បង្កដោយ​វីរុស​ប្រភេទ​ទី​២ ដែលមាន​លក្ខណៈ​ស្រួចស្រាវ​ធ្វើ​ឲ្យ​សត្វ​ស្លាប់​លឿន​១០០​ភាគរយ​»​។​
 
​បើតាម​លោក តាន់ ផាន់​ណា​រ៉ា ក្រសួងកសិកម្ម ក៏​ចង់​ចេញ​វិធាន​ការបិទ​ការ​នាំចូល​ជ្រូក​ទាំងស្រុង​ពី​ប្រទេសជិតខាង​ដែរ ប៉ុន្តែ​មិនទាន់​អាចធ្វើ​បាន​នោះទេ ដោយសារតែ​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​នៅ​កម្ពុជា មិនអាច​មានលទ្ធភាព​គ្រប់គ្រាន់ ក្នុងការ​ផ្គត់ផ្គង់​តម្រូវការ​ក្នុងស្រុក​។ បច្ចុប្បន្ន​កម្ពុជា បិទ​ការ​នាំចូល​ជ្រូក​ពី​វៀតណាម ដែល​កំពុង​ផ្ទុះ​ជំងឺប៉េស្ត​ជ្រូក​នេះ ពោលគឺ​នាំចូល​ជ្រូក​ពី​ថៃ​ចន្លោះ​ពី​១៥០០​ក្បាល ទៅ​២០០០​ក្បាល ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ពលរដ្ឋ ។ នេះ​បើតាម​អ្នកនាំពាក្យ​ក្រសួងកសិកម្ម​។​
 
​នៅពេល​អ្នកកាសែត​សួរថា តើ​រដ្ឋាភិបាល​នឹងមាន​ការដោះស្រាយ​យ៉ាងម៉េច ចំពោះ​បញ្ហា​ខាតបង់​របស់​ពលរដ្ឋ​ដែល​រកស៊ី​ចិញ្ចឹម​ជ្រូក ហើយ​ជួប​បញ្ហា​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​នេះ​។ លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រដ្ឋាភិបាល ចូលខ្លួន​បកស្រាយ​ថា រដ្ឋាភិបាល​គ្មាន​គោលនយោបាយ​ចំណាយ​ថវិកា​ដោះស្រាយ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​ទេ ពោលគឺ​វា​អាស្រ័យ​លើ​ការសម្រេចចិត្ត​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប៉ុណ្ណោះ​។​
 
​ប៉ុន្តែ​អ្វីដែល​រដ្ឋាភិបាល អាច​ធ្វើបាន​នៅពេលនេះ គឺ​អំពាវនាវ​ដល់​ឈ្មួញ កុំ​ឆ្លៀតឱកាស​ដំឡើងថ្លៃ​ជ្រូក ក្រៅពី​វិធានការ​រឹតបន្តឹង​ការនាំ​ចូល​ជ្រូក ដើម្បី​ទប់ស្កាត់​បញ្ហា​ជំងឺប៉េស្ត​ជ្រូក​នេះ​។​
 
​សូម​ស្ដាប់​សំឡេង​លោក ផៃ ស៊ី​ផាន​៖



 
«​ដំណាក់កាល​យើង មិនទាន់មាន​គម្រោង​នូវ​ការជួយ​ចែករំលែក​ការបង់​ខាត​របស់​អ្នក​ចិ​ញ្ចឹ​ញ​នៅក្នុង​គ្រួសារ​នោះទេ​។ ប៉ុន្តែ​មិនមែន​បានសេចក្តីថា ដាច់​ណាត់​យើង​មិន​ធ្វើ​នោះទេ ព្រោះ​វា​ជាការ​សម្រេចចិត្ត​នៅក្នុង​នយោបាយ​ទៅវិញ​។ ខ្ញុំ​មិនដឹង​ទេ ពី​ការសម្រេចចិត្ត​ផ្នែក​នយោបាយ ប៉ុន្តែ​បើតាម​ច្បាប់ តាម​គោលការណ៍​យើង​អត់​មាន​ចែករំលែក នៅក្នុង​ការខូចខាត​នេះ​ទេ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក ផៃ ស៊ី​ផាន ដែល​បាន​បន្ថែមថា ករណី​កម្ទេច​សត្វ​ជ្រូក​ដែល​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​នេះ គឺជា​ការព្រមព្រៀង​រវាង​ពលរដ្ឋ​អ្នកជំងឺ​ជ្រូក ជាមួយ​ខាង​អាជ្ញាធរ​ជំនាញ​របស់​រដ្ឋាភិបាល ដើម្បី​ចូលរួម​ទប់ស្កាត់​ជំងឺ​នេះ​ប៉ុណ្ណោះ​។​
 
​គួរ​បញ្ជាក់ថា មកដល់ពេលនេះ ករណី​ផ្ទុះ​រីក​រាលដាល​ជំងឺប៉េស្ត​ជ្រូក​នេះ បាន​កើតឡើង​នៅក្នុង​ខេត្ត​ចំនួន​៥​ហើយ ដោយ​ក្នុងនោះ​រួមមាន ខេត្តរតនគិរី ត្បូងឃ្មុំ ស្វាយរៀង តាកែវ និង​កណ្ដាល​៕

Tag:
 ផៃ ស៊ី​ផាន​
  ប៉េស្ត​ជ្រូក​អាហ្វ្រិក
© រក្សាសិទ្ធិដោយ thmeythmey.com