អន្តរជាតិ
ឥណ្ឌូណេស៊ី គ្រោង​សង់ស្ពាន​ប្រវែង​៧​គីឡូម៉ែត្រ ភ្ជាប់​កោះ​ពីរ​នៅក្បែរ​សិង្ហ​បុរី​
12, Jul 2019 , 10:27 am        
រូបភាព
ទិដ្ឋភាពពីលើអាកាស បង្ហាញពីចំណតនាវា ក្នុងកោះ Batam ឥណ្ឌូណេស៊ី (Reuters)
ទិដ្ឋភាពពីលើអាកាស បង្ហាញពីចំណតនាវា ក្នុងកោះ Batam ឥណ្ឌូណេស៊ី (Reuters)
ដោយ:
​ឥណ្ឌូណេស៊ី មាន​ផែនការ​សាងសង់​ស្ពាន​ឆ្លង​សមុទ្ទ​ដ៏​វែង​បំផុត​របស់ខ្លួន ដែលមាន​ប្រវែង ៧ គីឡូម៉ែត្រ ដើម្បី​ភ្ជាប់​កោះ​សំខាន់​ពីរ​ក្នុង​ច្រក​សមុទ្រ ម៉ា​ឡា​កា (Malacca Strait) នៅក្បែរ​ប្រទេស​សិង្ហ​បុរី​។ គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​មហិច្ឆតា​នេះ គឺជា​ផ្នែក​មួយ​នៃ​កិច្ចប្រឹងប្រែង​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម និង​ទេសចរណ៍​ក្នុង​តំបន់​នោះ ខណៈ​លោក​ប្រធានាធិបតី​ឥណ្ឌូណេស៊ី លោក ចូ​កូ វី​ដូ​ដូ ត្រៀម​ចូលកាន់​តំណែង​ក្នុង​អាណត្តិ​ទី​ពីរ​។

 
​ក្នុង​សេចក្តីថ្លែងការណ៍ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១១ ខែកក្កដា លេខាធិការដ្ឋាន​នៃ​គណៈរដ្ឋមន្ត្រី​ឥណ្ឌូណេស៊ី  បានបញ្ជាក់​ឲ្យ​ដឹងថា ស្ពាន​ប្រវែង ៧​គីឡូម៉ែត្រ ដែល​ភ្ជាប់​កោះ បា​តាម (Batam) និង​ប៊ី​ន​តាន (Bintan) នឹងត្រូវ​ចំណាយ​ថវិកា​អស់​ប្រមាណ ២៨៤​លាន​ដុល្លារ ហើយ​ការសាងសង់ អាច​ប្រើប្រាស់​ពេលវេលា​ចាប់ពី ៣​ឆ្នាំទៅ ៤​ឆ្នាំ​។ 
 
​លោក​ប្រធានាធិបតី​ឥណ្ឌូណេស៊ី ចូ​កូ វី​ដូ​ដូ ដែល​ទើបតែ​ឈ្នះ​ការបោះឆ្នោត​សម្រាប់​អាណត្តិ​ទី​ពីរ ត្រៀម​ចំណាយលុយ​ជាង ៤០០​ពាន់​លាន​ដុល្លារ ដើម្បី​ជំរុញ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុងប្រទេស​។ តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters រដ្ឋាភិបាល​ក្រុង​ហ្សា​ការ​តា ចង់​ប្រែក្លាយ​កោះ បា​តាម (Batam) ឲ្យ​ទៅជា​មជ្ឍមណ្ឌល​ឧស្សាហកម្ម និង​ដឹកជញ្ជូន​សម្រាប់​ប្រទេស​សិង្ហ​បុរី ជាមួយ​សក្កា​នុព​ល​ទាញ​ការវិនិយោគ​ថ្មី​ក្នុង​ទំហំ​ទឹកប្រាក់ ៦០​ពាន់​លាន​ដុល្លារ​។ 
 
​យោងតាម​សេចក្តីថ្លែងការណ៍​ដដែល​នេះ ក្រសួង​សាធារណការ​ឥណ្ឌូណេស៊ី កំពុង​ចាប់ផ្តើម​សិក្សា​លើ​គម្រោង​នេះ និង​គិតគូរ​ពី​រូបរាង​របស់​ស្ពាន​នេះ ហើយ​មានបំណង​បញ្ចប់​កិច្ចការ​ទាំងនេះ ត្រឹម​ដំណាច់ឆ្នាំ​២០១៩ នេះ ។ ការសាងសង់​ស្ពាន​នេះ  គ្រោង​ចាប់ផ្តើម​នា​ឆ្នាំ ២០២០​។  
 
​តាម Reuters ប្រធាន​គម្រោង​អភិវឌ្ឍន៍​កោះ Batam លោក Edy Putra Irawady លើកឡើងថា ឥណ្ឌូណេស៊ី កំពុង​អភិវឌ្ឍ​តំបន់​ក្នុង​កោះ Batam ដើម្បី​ឆក់យក​ឱកាស​នានា ដែល​អាច​កើតមានឡើង​ពី​ជម្លោះ​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក និង​ចិន​។ 
 
​ជាមួយគ្នានេះដែរ ស្ពាន​ដ៏​វែង​នេះ ក៏មាន​គោលដៅ​ទាញ​ផលប្រយោជន៍​លើ​ការពង្រីក​អាកាសយានដ្ឋាន Changi របស់​ប្រទេសជិតខាង សិង្ហ​បុរី​ផងដែរ ជាមួយ​ការអភិវឌ្ឍ​ស្ថានីយ​ទី​ប្រាំ​របស់ខ្លួន ដែល​នឹងមាន​បណ្តាញ​ដឹកជញ្ជូន​ទៅកាន់​កោះ Bintan ។ 
 
​សូមបញ្ជាក់ថា គោលដៅ​ចម្បង​នៃ​ការស្ថាបនា​ស្ពាន​ប្រវែង ៧​គីឡូម៉ែត្រ​នេះ ឥណ្ឌូណេស៊ី ចង់​កាត់បន្ថយ​ការចំណាយ​លើ​សេវា​ដឹកជញ្ជូន ពង្រឹង​ការតភ្ជាប់ និង​ផ្តល់​សន្ទុះ​ដល់​វិស័យ​ទេសចរណ៍​ក្នុង​តំបន់​៕

Tag:
 ឥណ្ឌូណេស៊ី​
  សិង្ហ​បុរី​
  ហេដ្ឋារចនាសម្ព័ន្ធ​
© រក្សាសិទ្ធិដោយ thmeythmey.com