លោក តែម ម៉ឺន​៖ កីឡាករ​ជម្រើសជាតិ​ត្រូវមាន​ទាំង​សមត្ថភាព និង​វិន័យ​
កីឡាជាតិ
ជាតិ
លោក តែម ម៉ឺន​៖ កីឡាករ​ជម្រើសជាតិ​ត្រូវមាន​ទាំង​សមត្ថភាព និង​វិន័យ​
12, Jul 2019 , 8:19 pm        
រូបភាព
​កីឡាករ​ជម្រើសជាតិ​មាន​សមត្ថ​ភាពខ្លាំង តែមួយ​មុខ​មិន​គ្រប់គ្រាន់​នោះទេ គឺ​ពួកគេ​ត្រូវមាន​វិន័យ​ល្អ​ក្នុងការ​ហ្វឹកហាត់ និង​ប្រកួត ព្រោះ​ពួកគេ​ជា​អ្នកតំណាង​ឲ្យ​ប្រទេសជាតិ​នៅលើ​ឆាក​អន្តរជាតិ​។ លោក តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​ជំរុញ​ឲ្យ​គ្រូបង្វឹក​បង្កើន​ការយកចិត្តទុកដាក់​ព​ង្រឹ​ង​វិន័យ​បន្ថែម​ដល់​កីឡាករ ពិសេស​ត្រូវ​តាមដាន​ពី​បញ្ហា​សុខភាព និង​កម្លាំង​របស់​ពួកគេ​។​

 
​លោក តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​ជំរុញ​ឲ្យ​លោក អេ ភូ​ថង និង​លោក ឡុង សាល​វ័​ន្ត ដែលជា​គ្រូបង្វឹក​ក្រុម​កីឡាករ​ជម្រើសជាតិ បង្កើន​ការយកចិត្តទុកដាក់​ប​ន្ថែ​ម​លើ​ការពង្រឹង​វិន័យ​ដល់​កីឡាករ​ជម្រើសជាតិ​។ ព្រោះ​លោក​យល់ថា ការ​មាន​សមត្ថភាព​តែមួយ​មុខ វា​មិន​គ្រប់គ្រាន់​នោះទេ​សម្រាប់​កីឡាករ​ជម្រើសជាតិ ក្នុងនាម​ពួកគេ​តំណាង​ប្រទេសជាតិ​នៅលើ​ឆាក​អន្តរជាតិ​។​
 
​ប្រធាន​សហព័ន្ធ​រូបនេះ ក៏​ជំរុញ​ឲ្យ​គ្រូបង្វឹក​ទាំងពីរ​អភិវឌ្ឍន៍​សមត្ថភាព​បង្វឹក​របស់ខ្លួន និង​ស្វែងរក​វិធីសាស្ត្រ​ល្អៗ​ដើម្បី​ហ្វឹកហាត់​ពង្រឹងសមត្ថភាព​កីឡាករ​ឲ្យ​កាន់តែ​ប្រសើរ​ផងដែរ​។ បន្ថែម​លើ​នេះ លោក​ប្រាប់​ឲ្យ​បង្កើន​ការយកចិត្តទុកដាក់ និង​តាមដាន​លើ​បញ្ហា​កម្លាំង និង​សុខភាព​របស់​កីឡាករ ហើយ​បើ​មាន​បញ្ហា​អ្វី​កើតឡើង គឺ​ត្រូវ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជាបន្ទាន់​។ 
 
​ការ​ក្រើនរំលឹក​ទាំងនេះ ធ្វើឡើង​ក្នុង​គោលបំណង ដើម្បី​រួមចំណែក​អភិវឌ្ឍន៍​សមត្ថភាព​កីឡាករ​ជម្រើសជាតិ សម្រាប់​ត្រៀម​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣០​នៅ​ប្រទេស​ហ្វីលីពីន នា​ចុងឆ្នាំ​២០១៩​នេះ​។ ពិសេស​ក្នុង​ដំណើរ​ឆ្ពោះទៅ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។​
 
​ការលើកឡើង​បែបនេះ​របស់លោក តែម ម៉ឺន ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​បូកសរុប​ការងារ​ប្រចាំត្រីមាស​និង​តាមដាន​វឌ្ឍនភាព​ហ្វឹកហាត់​របស់​ក្រុម​កីឡាករ​ជម្រើសជាតិ កាលពីពេល​កន្លងទៅ​ថ្មីៗ​នេះ​។ ក្នុង​កិច្ចប្រជុំ​នោះដែរ មានការ​ចូលរួម​ពី​សមាជិក​ប្រតិបត្តិ​របស់​សហព័ន្ធ មន្ត្រី​បច្ចេកទេស អាជ្ញាកណ្តាល​ចៅក្រម និង​គ្រូបង្វឹក​។​
 
​សម្រាប់​ការប្រកួត​កីឡា​ស៊ី​ហ្គេម​នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ​ប្រទេស​ម៉ាឡេស៊ី កាលពី​ឆ្នាំ​២០១៧ កីឡាករ​ប្រដាល់​គុន​ខ្មែរ​ដណ្តើមបាន​មេដាយមាស​១​រកបាន​ដោយ​កីឡាករ ឃីម ឌី​ម៉ា​, មេដាយប្រាក់​១​រកបាន​ដោយ​កីឡាករ ម៉ឺន សុភា និង​មេដាយ​សំរឹទ្ធ​ពីរ ដោយ​រកបាន​ដោយ​កីឡាករ ឡៅ ចិ​ត្រា និង វ៉ាន់ វឿន​៕    

Tag:
 ប្រដាល់​គុន​ខ្មែរ​
  អេ ភូ​ថង​
  តែម ម៉ឹ​ន​
  ឡុង សាល​វ័​ន្ត
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម