គិតតែត្រឹមរយៈពេល៦ខែដំបូង ឆ្នាំ២០១៩នេះ តម្លៃដីខេត្តព្រះសីហនុ បានហក់ឡើងខ្ពស់់ គួរឲ្យកត់សម្គាល់ ដែលតំបន់មួយចំនួន កើនឡើងស្ទើរតែគុណនឹងពីរ ធៀបនឹងឆមាសទី២ ឆ្នាំ២០១៨។
យោងតាមរបាយការណ៍តម្លៃដី ចេញផ្សាយថ្មីៗនេះ ដោយក្រុមហ៊ុន ឃី រៀល អ៊ីស្ទេត តម្លៃដីនៅក្នុងក្រុងព្រះសីហនុ កំពុងបន្តកើនឡើងខ្ពស់។ ក្នុងចំណោមសង្កាត់ ចំនួន៤ សង្កាត់មួយមានតម្លៃដីកើនឡើង រហូតជាង ៦០% និងសង្កាត់៣ មានតម្លៃដីកើនឡើងជាង ៩០%។
របាយការណ៍ដដែលបង្ហាញថា ក្នុងរយៈ ៦ខែដំបូង ក្នុងឆ្នាំ២០១៩នេះ តម្លៃដីនៅសង្កាត់បី កើនឡើងដល់ជាង ១,៧០០ ដុល្លារ/ម៉ែត្រការ៉េ ធៀបទៅនឹងឆមាសទី២ កាលពីឆ្នាំមុន ដែលតម្លៃដីជាមធ្យម ៨០០ ដុល្លារ/ម៉ែត្រការ៉េ។ រីឯសង្កាត់មួយ ក៏មានការកើនឡើងខ្ពស់ គួរឲ្យកត់សម្គាល់ដែរ ដែលពីតម្លៃដីជាមធ្យមខ្ទង់ ៣០០ ដុល្លារ/ម៉ែត្រការ៉េ រហូតដល់ត្រីមាសទី១ ឆ្នាំនេះ កើនដល់ ៥០០ ដុល្លារ/ម៉ែត្រការ៉េ។
លោក ស៊ន សៀប ស្ថាបនិក និងជានាយកប្រតិបត្តិរបស់ ក្រុមហ៊ុន ឃី រៀល អ៊ីស្ទេត បានឲ្យដឹងថា មូលហេតុដែលធ្វើឲ្យតម្លៃដីនៅសង្កាត់ ៣ កើនឡើងខ្ពស់ជាងគេ ដោយសារតែតំបន់នេះ ស្ថិតនៅជាប់មាត់សមុទ្រ និងមានសក្តានុពលបំផុត សម្រាប់គម្រោងអភិវឌ្ឍន៍ធំៗ និងជាអគារខ្ពស់ៗ បែបលំនៅដ្ឋាន ពាណិជ្ជកម្ម និងសណ្ឋាគារលំដាប់ផ្កាយ។ លោកថា បច្ចុប្បន្នគម្រោងធំៗ ដូចជាគម្រោង Blue Bay និងគម្រោង Treasure Bay ជាដើម កំពុងសាងសង់នៅក្នុងតំបន់នេះ។ មើលលម្អិតពីគម្រោង Blue Bay ចុចនៅទីនេះ!
ទាក់ទងនឹងការកើនឡើងនៅសង្កាត់មួយវិញ លោក សៀប ពន្យល់ថាដោយសារតែតម្លៃដីនៅក្នុងតំបន់ មានលក្ខណៈទាបស្រាប់ ដែលធ្វើឲ្យការកើនឡើង មានកម្រិតខ្ពស់។ ម្យ៉ាងវិញទៀត ការទិញលក់នៅតំបន់ក្រៅក្រុង ចាប់ផ្តើមមានប្រតិបត្តិការច្រើន ដោយហេតុថាភាគច្រើន អ្នកក្នុងក្រុង បានលក់ដីរបស់ខ្លួន ក្នុងតម្លៃថ្លៃ រួចមកទិញ ដីនៅផ្នែកខាងក្រៅវិញ។
លោកសៀប បញ្ជាក់ថា ដីសង្កាត់មួយពេលនេះ ត្រូវប៉ាន់សម្រាប់ការទិញ ដើម្បីធ្វើលំនៅដ្ឋាន និងផ្ទះជួល។
ចំណែកសង្កាត់ពីរ ដែលមានតម្លៃដីខ្ពស់ជាងគេស្រាប់ គឺមានកំណើនប្រមាណតែ ១៥.២% ប៉ុណ្ណោះ ដោយសារតែការអភិវឌ្ឍនៅក្នុងសង្កាត់នេះ មានការលូតលាស់រួចស្រេចទៅហើយ។ បច្ចុប្បន្ន ទីនេះមានតម្លៃជាមធ្យម គឺជិត ២, ០០០ ដុល្លារ/ម៉ែត្រការ៉េ។
ផ្ទុយពីសង្កាត់ទាំង ៣ ខាងលើ សង្កាត់បួន ជាសង្កាត់ដែលមានតម្លៃដីកើនឡើង តិចជាងគេ ត្រឹមតែប្រមាណជិត ៦%។ ការកើនឡើងតិចតួចនេះ ត្រូវបានលោក សៀប បញ្ជាក់ថា ដោយសារការកើនឡើងយ៉ាងគំហុក នៅក្នុងឆមាសទី១ និងឆមាសទី២ នៃឆ្នាំ២០១៨ រួចមកហើយ។ ម្យ៉ាងវិញទៀត ដីនៅក្នុងសង្កាត់បួនភាគច្រើន ជាដីធំៗ ដែលធ្វើឲ្យមានការទិញដូរតិចតួច។ ទោះយ៉ាងណានេះក្តី តំបន់នេះមានតម្លៃដីខ្ពស់គួរសមរួចទៅហើយ។ បើតាមរបាយការណ៍ ដីពីមុន តម្លៃជាមធ្យម ១,២០០ ក្នុងមួយម៉ែត្រការ៉េ ឥឡូវនេះ កើនដល់ ១,៥០០ ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។
ទិដ្ឋភាពទូទៅនៃការអភិវឌ្ឍនៅក្នុងក្រុងព្រះសីហនុ
ត្រង់ចំណុចនេះ លោក សៀប បានឲ្យដឹងថា ការសាងសង់កំពុងធ្វើឡើងយ៉ាងមមាញឹក នៅក្នុង ក្រុងព្រះសីហនុ ដែលនេះមានន័យថា គម្រោងភាគច្រើន មិនទាន់បានបញ្ចប់នៅឡើយ ។ ហើយជាមូលហេតុដែលធ្វើឲ្យតម្លៃជួលកើនឡើងខ្ពស់។ លោកសៀប បន្តទៀតថា បច្ចុប្បន្ន ទីនេះ ហាក់មានបញ្ហាមួយចំនួនដែលធ្វើឲ្យក្រុងព្រះសីហនុ មិនទាន់ជាកន្លែងដែលអាចទាក់ទាញអ្នកទេសចរច្រើននោះទេ។ ប៉ុន្តែលោកព្យាករណ៍ថា នៅពេលដែលការសាងសង់បញ្ចប់ ខេត្តព្រះសីហនុ នឹងមានដំណើរការល្អឡើងវិញ សម្រាប់វិស័យទេសចណ៍។ ចំណែកតម្រូវការជួល និងស្នាក់នៅ នឹងមានកាន់តែច្រើនថែមទៀត។
លោក សៀប ជឿជាក់ថា ការវិនិយោគនៅក្នុងខេត្តព្រះសីហនុ នឹងទទួលបានឱកាសចំណេញ នៅពេលខាងមុខ៕
(អត្ថបទពាណិជ្ជកម្ម)