អន្តរជាតិ
តួ​ក​គី​ទទួលបាន​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល S-400 របស់​រុស្ស៊ី​ដែល​បញ្ជូន​មកដល់​លើកដំបូង​
13, Jul 2019 , 7:59 pm        
រូបភាព
ដោយ: VOA
​ក្រសួងការពារជាតិ​ប្រទេស​តួ​ក​គី​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ប្រទេស​នេះ​បានទទួល​មី​ស៊ី​ល S-400 របស់​រុស្ស៊ី​ជា​លើកដំបូង​កាលពី​ថ្ងៃ​សុក្រ​។

 
​ប្រព័ន្ធ​មី​ស៊ី​ល​ការពារ​ដែនអាកាស​វង់​ប្រតិបត្តិការ​មធ្យម​ត្រូវបាន​បញ្ជូន​ទៅដល់​មូលដ្ឋាន​ទ័ពអាកាស Murted នៅ​ខាងក្រៅ​រដ្ឋធានី​អង់កា​រ៉ា​។ កិច្ចព្រមព្រៀង​ទិញ​អាវុធ​រុស្ស៊ី​ជា​លើកដំបូង​ដោយ​សមាជិក​អង្គការ​អូតង់​នេះ បាន​នាំ​ឲ្យ​មានការ​ព្រួយបារម្ភ​ថា ប្រទេស​តួ​ក​គី​កំពុង​ខិត​កាន់តែ​ជិត​ទៅរក​ឥទ្ធិពល​របស់​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​។ 
 
​សហរដ្ឋអាមេរិក​បាន​ជំ​រុញឱ្យ​ប្រទេស​តួ​ក​គី​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​ទិញ​អាវុធ​តម្លៃ​ជាង​២​ពាន់​លាន​ដុល្លារ​នេះ ដោយ​ព្រមាន​ដាក់ទណ្ឌកម្ម​រដ្ឋាភិបាល​ក្រុង​អង់កា​រ៉ា និង​បណ្តេញ​ចេញពី​កិច្ចព្រមព្រៀង​ធ្វើ​យន្តហោះ​ចម្បាំង F-35 ដែល​អាចធ្វើ​ឲ្យ​ប្រទេស​តួ​ក​គី​ខាតបង់​ប្រាក់​រាប់ពាន់​លាន​ដុល្លារ​ក្នុងការ​បាត់បង់​កិច្ចសន្យា​នេះ​។​
 
​ប្រទេស​តួ​ក​គី​គ្រោង​នឹង​ទិញ​យន្តហោះ F-35 ក្រោម​កម្មវិធី​ដែល​រួមមាន​ការបណ្តុះបណ្តាល​អាកាសយានិក​តួ​ក​គី​នៅ​សហរដ្ឋអាមេរិក​ផង​។ ឥឡូវ​កម្មវិធី​នេះ​ទំនងជា​ត្រូវ​ផ្អាក​។ 
 
​សហរដ្ឋអាមេរិក​បាន​និយាយ​ម្តង​ហើយ​ម្តង​ទៀតថា ប្រព័ន្ធ​អាវុធ​រុស្ស៊ី​គឺ​មិន​ស្រប​នឹង​ប្រព័ន្ធ​របស់​អង្គការ​អូតង់​ទេ ហើយ​វា​ជាការ​គំរាមកំហែង​ដល់​យន្តហោះ F-35​។ 
 
​ប្រទេស​តួ​ក​គី​បាន​បដិសេធ​មិន​ធ្វើតាម​ការទាមទារ​រប​ស់​អាមេរិក ដោយ​ទទូចថា​ការសម្រេច​ជ្រើសរើស​ទិញ​ឧបករណ៍​ការពារជាតិ​គឺជា​បញ្ហា​អធិបតេយ្យភាព​ជាតិ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com