គង់ សំបូរ និង នៅ ស្រី​ពៅ ត្រៀម​ឡើង​សង្វៀន​ឯក​ភ្នំ​ដែលមាន​ក្បួនច្បាប់​ប្រកួត​ដូច ONE
ONE Championship
កីឡាជាតិ
ជាតិ
គង់ សំបូរ និង នៅ ស្រី​ពៅ ត្រៀម​ឡើង​សង្វៀន​ឯក​ភ្នំ​ដែលមាន​ក្បួនច្បាប់​ប្រកួត​ដូច ONE
13, Jul 2019 , 10:19 pm        
រូបភាព
ដោយ​៖ ស៊ី​ធី 
 
«​សង្វៀន​ប្រដាល់​គុន​ខ្មែរ​ឯក​ភ្នំ​» ឬ « Ek Phnom Kun Khmer Arena»  ទទួលបាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ក្រោយ​ដំណើរការ​ប្រកួត​ប្រមាណ​ជា ៥ ខែ​មកនេះ​។ សង្វៀន​ថ្មី​នេះ​បាន​ផ្លាស់ប្ដូរ​ក្បួនច្បាប់ ឬ គោលការណ៍​មួយចំនួន​ឲ្យ​ដូច​ទៅ​សង្វៀន​កម្រិត​អន្តរជាតិ ONE Championship កាល​ចុងខែ មិថុនា និង អញ្ជើញ​កីឡាករ​ល្បីៗ​ទៅ​ប្រកួត​ជា​ញឹកញាប់​រៀងរាល់ សប្ដាហ៍​។ នៅ​ល្ងាច​ថ្ងៃអាទិត្យ​ទី ១៤ កក្កដា ខាងមុខនេះ ជើង​ខ្លាំង​លំដាប់​ប្រទេស​ពីររូប ពោល គង់ សំបូរ និង នៅ ស្រី​ពៅ នឹងមាន​វត្តមាន​ប៉ះ​គូប្រកួត​រៀងៗ​ខ្លួន​នៅ​សង្វៀន​នា​ខេត្តបាត់ដំបង​ខាងលើ​។ ជើង​ខ្លាំង គង់ សំបូរ មកពី​ក្លិប​ប្រដាល់​គុហារ​ព្រហ្ម​ជ័យ​ខេត្តសៀមរាប​ត្រូវ​តតាំង​នឹង កីឡាករ​សញ្ជាតិ​អេ​ហ្ស៊ី​ប Ahmed Gamal Mohamed ក្នុង​ប្រភេទ​ទម្ងន់ ៦៣,៥ គីឡូក្រាម ខណៈដែល នៅ ស្រី​ពៅ ជួប​កីឡាការិនី​ថៃ Malia ក្នុង​ប្រភេទ​ទម្ងន់ ៥៤ គីឡូក្រាម​។​

 
​មុន​ឡើង​សង្វៀន​ក្នុង​លំដាប់​គូ​ឯក​នេះ គង់ សំបូរ ដែលជា​កូនសិស្ស​គ្រូបង្វឹក ជា រិ​ទ្ធ បាន​បញ្ចេញ​ទស្សនៈ​ថា ៖«​ការប្រកួត ៣​ទឹក​ដូច​សង្វៀន ONE នេះ វា​ខុសប្លែក​ពី​៥ ទឹក​។ បើ​វ៉ៃ ៥ ទឹក គឺ ទឹក​១ និង ទី​២ យើង​ត្រូវ​ស្ទាបស្ទង់​បច្ចេកទេស​សិន​។ ប៉ុន្តែ វ៉ៃ​៣​ទឹក គឺ​ត្រូវ​ដើរចូល​វ៉ៃ​តាំងពីរ​ទឹក​ទី​១​តែម្ដង​។ ហើយ​ខ្ញុំ​ត្រៀមខ្លួន​រួចរាល់​ហើយ​ពេល​ជួប Gamal​។ ខ្ញុំ​ព្យាយាម​ធ្វើ​ឲ្យ​បានល្អ​ដើម្បី​ឲ្យ ONE គេ​ឃើញ​និង ចង់ទៅ​ប្រកួត​នៅ ONE ជាថ្មី​»​។ ក្នុងការ​ប្រកួត ៣ ទឹក​នៅ​សង្វៀន ONE កន្លងទៅ​កាល​ខែ កុម្ភៈ នៅ​សិង្ហ​បុរី គង់ សំបូរ ចាញ់​ពិន្ទុ​កីឡាករ​ចិន Zhang Chenlong​។ 


 
​ស្រដៀង​គ្នា​នេះដែរ នៅ ស្រី​ពៅ បាន​បង្ហើប​ទស្សនៈ​ថា ៖«​វា​អាច​ល្អមើល​ជាង​៥​ទឹក​បង ដូច​វ៉ៃ​នៅ ONE អីចឹង​វា​ស្រួល​ជាង​។ ពេល​វ៉ៃ​៣​ទឹក យើង​ចូល​បុក​យកតែ​ម្ដង​មិនបាច់​ដកស្រង់​បច្ចេកទេស​ច្រើន​នៅ​ទឹក​ដំបូង​ទេ​។ ខ្ញុំ​បាន​ត្រៀមខ្លួន​រួចជាស្រេច​ហើយ​ដើម្បី​ការពារ​និង​យកឈ្នះ ហើយ​ខ្ញុំ​បាន​មើល​វីដេអូ​របស់ Malia ។ Malia គេ​ល្អ​ទាត់​និង​ល្អ​ធាក់​ទប់​។​»​។ កីឡាការិនី​ឆ្នើម​ប្រចាំ​សង្វៀន World Lethwei Championship នៅ​ប្រទេស​មី​យ៉ាន់​ម៉ា​នា​ចុងឆ្នាំ ២០១៨​នោះ មានបទពិសោធន៍​ឡើង​ប្រកួត​នៅ​សង្វៀន ONE បាន​ចំនួន ២ លើក​ក្នុង​ការប្រកួត ៣​ទឹក​។ កូនសិស្សលោក ហ៊ុន ច័ន្ទ​រាជ្យ ឈ្នះ​កីឡាការិនី​ថៃ Riga នៅ​ដើមឆ្នាំ មុននឹង​ចាញ់​ពិន្ទុ Priscilla Hertati Lumban Gaol កាល​ដើមខែ ឧសភា ឆ្នាំ ១០១៩​។ ដោយមាន​បទពិសោធន៍​ប្រកួត ៣ ទឹក​នៅ​សង្វៀន​អន្តរជាតិ ONE ស្រី​ពៅ ជឿជាក់ថា​នឹងធ្វើ​បានល្អ​នៅ​សង្វៀន​ឯ​ខេត្តបាត់ដំបង​។ 


 
​ការផ្លាស់ប្ដូរ​ពី ការប្រកួត​៥​ទឹក​មក​ប្រកួត​៣​ទឹក​តាំងពី​ចុងខែ មិថុនា កន្លងទៅ​ក្នុង​គោលដៅ​សម្រប​ទៅតាម​សង្វៀន​កម្រិត​ពិភពលោក ONE ហើយ​ធ្វើ​ឲ្យ​កីឡាករ​ប្រកួត​កាន់តែ​ល្អ​ជាង​មុន ដោយ​មិន​សន្សំ​កម្លាំង​។ រីឯ​អ្នកទស្សនា​ទៀតសោត​ក៏​រំភើប និង​ទទួលបាន​ការគាំទ្រ​កាន់តែច្រើន​។ 
 
​លោក Matias Andrés អ្នកគ្រប់គ្រង​ទូទៅ​នៅ​សង្វៀន​ប្រដាល់​គុន​ខ្មែរ​ឯក​ភ្នំ បានបញ្ជាក់​ដូច្នេះ ៖« Ek Phnom Kun Khmer Arena ចង់ឃើញ​គុន​ខ្មែរ​រីកចម្រើន​ទាំង​នៅក្នុង​ស្រុក និង​ឆាក​អន្តរជាតិ​។ យើង​ត្រូវ​សម្រប​តាម​ស្ដង់ដារ​អន្តរជាតិ​។ ការប្រកួត​៥​ទឹក គឺ​បញ្ចប់ទៅ​យឺត​។ វា​មិនមែន​ងាយស្រួល​ទេ​ព្រោះ​ប្រើពេល​ដល់ ១៥ នាទី​។ ខ្ញុំ​យល់ឃើញ​បែបនេះ​។ ប៉ុន្តែ​បើសិន​វ៉ៃ​ត្រឹម ៣ ទឹក​គឺមាន​កម្លាំង​ពេញ​តែម្ដង​និង​ការ​ទស្សនា ក៏​រំភើប​ទៅតាម​ហ្នឹង​។ យើង​ចង់​ឲ្យ​ការ​ទស្សនា​គុន​ខ្មែរ​គឺ​រំភើប​ញាប់​ញ័រ និង ទាក់ទាញ​អ្នកគាំទ្រ​មក​ទស្សនា​ច្រើន​នៅ​សង្វៀន​របស់​យើង​។ ពេល​មានការ​គាំទ្រ​កាន់តែច្រើន យើង​រឹត​តែមាន​កីឡាករ​ល្អៗ​កាន់តែច្រើន​ដែរ​»​។ 
 
​គួរ​បញ្ជាក់ថា  ចាប់ពី​ថ្ងៃអាទិត្យ​ទី ១៤ កក្កដា ខាងមុខ​តទៅ ការប្រកួត​នៅ​សង្វៀន​ប្រដាល់​គុន​ខ្មែរ​ឯក​ភ្នំ​នឹងមាន​ការផ្សាយ​ផ្ទាល់​តាមរយៈ​កញ្ចក់​ទូរទស្សន៍ ETV Cambodia និង ហ្វេ​ស​ប៊ុ​ក Ek Phnom Kun Khmer Arena​។ ប្រិយមិត្ត​ដែលមាន​បំណង​ទស្សនាការ​ប្រកួត​របស់ គង់ សំបូរ និង នៅ ស្រី​ពៅ អាច​ទស្សនា​បាន​បើសិន​នៅ​ឆ្ងាយ​មិន​ទៅដល់​ផ្ទាល់​៕ 
 

Tag:
 កីឡា ONE Champions
  បាត់ដំបង​
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម