​អ្នកឈ្នះ និង​អ្នក​ចាញ់ឆ្នោត​នៅ​ឥណ្ឌូណេស៊ី ជួបគ្នា ហើយ​សន្យា​ពួតដៃគ្នា​អភិវឌ្ឍ​ប្រទេស​
អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
​អ្នកឈ្នះ និង​អ្នក​ចាញ់ឆ្នោត​នៅ​ឥណ្ឌូណេស៊ី ជួបគ្នា ហើយ​សន្យា​ពួតដៃគ្នា​អភិវឌ្ឍ​ប្រទេស​
13, Jul 2019 , 6:01 pm        
រូបភាព
លោក Joko Widodo និង​លោក Prabowo Subianto តឹងសរសៃកដាក់គ្នាពេលឃោសនា ហើយ​បានជួបគ្នា​លើរថភ្លើងដើម្បីពិភាក្សារឿងប្រទេសជាតិរួមគ្នា។ រូបថត AFP
លោក Joko Widodo និង​លោក Prabowo Subianto តឹងសរសៃកដាក់គ្នាពេលឃោសនា ហើយ​បានជួបគ្នា​លើរថភ្លើងដើម្បីពិភាក្សារឿងប្រទេសជាតិរួមគ្នា។ រូបថត AFP
ដោយ: រួបរួម
​លោក​ប្រធានាធិបតី​ឥណ្ឌូណេស៊ី Joko Widodo និង​លោក Prabowo Subianto ដែលជា​អតីត​គូប្រជែង​របស់ខ្លួន បាន​ជួបគ្នា​ជា​លើកដំបូង​នា​ថ្ងៃ​សៅរ៍ ទី​១៣ ខែកក្កដា​នេះ ក្រោយ​ការបោះឆ្នោត​ប្រធានាធិបតី​កាលពី​ខែមេសា​កន្លងមក​។ លោក Prabowo បាន​ចាញ់ឆ្នោត​លោក Widodo ជា​លើក​ទី​ពីរ​សម្រាប់​តំណែង​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​។​




«​មនុស្ស​មួយចំនួន​សួរថា ហេតុអ្វី Prabowo មិន​អបអរសាទរ លោក Widodo​។ ពិតណាស់ ខ្ញុំ​មាន​សុជីវធម៌​ខ្ពស់ ហើយ​ខ្ញុំ​ចង់​អបអរសាទរ​គាត់​នៅ​ចំពោះមុខ​ផ្ទាល់​តែម្តង​»​។ នេះ​ជាការ​លើកឡើង​របស់លោក Prabowo ដែល​ឈរ​ក្បែរ​ប្រធានាធិបតី​ក្រោយ​ជំនួប​នៅ​ក្រុង​ហ្សា​ការ​តា របស់​គូប្រជែង​នយោបាយ​ទាំងពីរ​។​

​លោក Prabowo បាន​បន្ថែមថា ការជាប់​ជា​ប្រធានាធិបតី​របស់លោក Widodo គឺ​ការទទួល​ភារកិច្ច​ដែល​ត្រូវ​បម្រើ​ប្រជាពលរដ្ឋ ហើយ​គាត់​មាន​បញ្ហា​ប្រឈម​ជាច្រើន​ដែល​ត្រូវ​ដោះស្រាយ​។ «​ខ្ញុំ​ត្រៀមខ្លួន​ជួយ​គាត់​ជានិច្ច​»​។



​អ្នកនយោបាយ​ទាំងពីរ បាន​ជួបគ្នា ជា​លក្ខណៈ​ឯកជន​នៅលើ​រថយន្ត​នៅ​ស្ថានីយ៍ MRT ក្នុង​ក្រុង​ហ្សា​ការ​តា​។ លោក Widodo បាន​ផ្តួចផ្តើម​ជំនួប​នេះ នៅ MRT ដោយសារ​លោក​ចង់​ឲ្យ​លោក Prabowo យល់ដឹង​ពី​ការប្រើប្រាស់​ប្រព័ន្ធ​ថ្មី​នៅ​ស្ថានីយ៍ MRT​។

​នា​ការបោះឆ្នោត​កន្លងមក លោក Widodo ទទួលបាន​សំឡេងគាំទ្រ ៥៥.៥០​ភាគរយ ខណៈ​លោក Prabowo បាន​៤៤.៥០​ភាគរយ​។



លោក Widodo បាន​ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​ថា​៖ «​ខ្ញុំ​រីករាយ​ចំពោះ​ការរៀប​ចំនេះ ខ្ញុំ​អាច​ជួប​លោក Prabowo Subianto ខ្ញុំ​សង្ឃឹមថា អ្នកគាំទ្រ​ទាំងអស់​នឹង​តាម​ពួកយើង ពីព្រោះ​យើង​ជា​ជាតិ​តែមួយ​»​។​

​អ្នកនយោបាយ​ឥណ្ឌូណេស៊ី​ទាំងពីរ​បានលើកឡើង​ពី​ការរួបរួម​ជាតិ ដើម្បី​ពួតដៃគ្នា​អភិ​វ​ឌ្ឈ​ប្រទេស​ឥណ្ឌូណេស៊ី​ទាំងមូល​៕


© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម