កីឡាជាតិ
ជាតិ
បីពិន្ទុសម្រាប់ណាហ្គាវើលដ៍ និងវិសាខា រីឯម្ចាស់ផ្ទះអាស៊ីអឺរ៉ុបតាមស្មើនគរបាលជាតិ ខ្សែការពារជើងចាស់ ទៀង ទីនី ជាអ្នកស៊ុតបញ្ចូលទីគ្រាប់ទី៤សម្រាប់វិសាខា។ រូបថត CNCC
× ណាហ្គាវើលដ៍ និងវិសាខា សុទ្ធតែបាន៣ពិន្ទុរៀងៗពីក្រុមម្ចាស់ផ្ទះសម្រាប់ការប្រកួតសប្តាហ៍ទី១៥នៃក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគឆ្នាំ២០១៩ នាថ្ងៃសៅរ៍ ទី១៣ ខែកក្កដា ខណៈអាស៊ីអឺរ៉ុប ចែកម្នាក់១ពិន្ទុជាមួយភ្ញៀវអគ្គស្នងការដ្ឋាននគរបាលជាតិ។
នៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ ខ្សែបម្រើខ្មែរបារាំង គួច ដានី បានស៊ុតបាល់បញ្ចូលទីនៅនាទី៨២ ដែលនាំឲ្យណាហ្គាវើលដ៍ ឈ្នះម្ចាស់ផ្ទះក្រសួងការពារជាតិ ១-០។ ណាហ្គាវើលដ៍រក្សាការប្រដេញតាមពីក្រោយព្រះខ័នរាជស្វាយរៀង ខណៈការពារជាតិ បន្តស្ថិតនៅពាក់កណ្តាលតារាង។
សម្រាប់ជំនួបនៅកីឡដ្ឋានគិរីវង់ ខេត្តតាកែវ ក្រុមភ្ញៀវវិសាខា បានស៊ុតបាល់បញ្ចូលទី៤គ្រាប់នៅតង់ទីមួយ ខ្សែប្រយុទ្ធនីហ្សេរីយ៉ា Ajayi Opeyemi Korede រកបានបើកឆាក២គ្រាប់ ខ្សែបម្រើកូរ៉េខាងជើង Pak Song-chol និងខ្សែការពារ ទៀង ទីនី បន្ថែមបានម្នាក់១គ្រាប់។ ខ្សែបម្រើប្រេស៊ីល Marcio Santos វាយបកបាន១គ្រាប់ឲ្យគិរីវង់នៅតង់ទីពីរ។ ជាមួយនឹងជ័យជម្នះ ៤-១ វិសាខាឡើងទៅឈរលេខ៣ ជំនួសអង្គរថាយហ្គឹរបណ្តោះអាសន្ន ខណៈគិរីវង់សុខសែនជ័យ មិនទាន់ឆ្ងាយដាច់ពីបាតតារាងឡើយ។
ដោយឡែកនៅកីឡដ្ឋាន អេ អ៊ី យូ ស្ពតផាក ខ្សែប្រយុទ្ធប្រេស៊ីល Souza El Silva Matheus បានស៊ុតបាល់បញ្ចូលទីនាំមុខសម្រាប់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅ១០នាទីដំបូង ប៉ុន្តែ៥នាទីដំបូងនៅតង់ទីពីរ ខ្សែបម្រើកូតឌីវ័រ Coulibali Abdel Kader រកគ្រាប់បាល់តាមស្មើ ១-១ វិញសម្រាប់ម្ចាស់ផ្ទះអាស៊ីអឺរ៉ុប។ បច្ចុប្បន្នក្រុមទាំងពីរសុទ្ធតែសុទ្ធក្រោមចំណាត់ថ្នាក់លេខ៨៕
© រក្សាសិទ្ធិដោយ thmeythmey.com