​ហេតុអ្វី​៦​ខែ​ដើម​ឆ្នាំនេះ ទេសចរ​នៅ​សៀមរាប​ធ្លាក់ចុះ​? ស្តាប់​លោក​រដ្ឋមន្ត្រី​បកស្រាយ​!
ជាតិ
សេដ្ឋកិច្ច
​ហេតុអ្វី​៦​ខែ​ដើម​ឆ្នាំនេះ ទេសចរ​នៅ​សៀមរាប​ធ្លាក់ចុះ​? ស្តាប់​លោក​រដ្ឋមន្ត្រី​បកស្រាយ​!
14, Jul 2019 , 7:19 pm        
រូបភាព
​សៀមរាប​៖ យោងតាម​របាយការណ៍​របស់​គ្រឹះស្ថាន​អង្គរ នា​រយៈពេល​៦​ខែ​ដើមឆ្នាំ​២០១៩​នេះ ភ្ញៀវទេសចរ​ដែល​ទិញ​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​ធ្លាក់ចុះ​ជាង ៨​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​២០១៨​។ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ក៏​ទទួលស្គាល់​ពី​ការធ្លាក់ចុះ​នេះដែរ ហើយ​បាន​ប្រាប់​ពី​មូលហេតុ​ខ្លះ​ដែល​ធ្វើឱ្យ​ធ្លាក់​បែបនេះ​។


​សូម​ស្ដាប់​សំឡេង​លោក​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ 



 
​នៅ​ចំពោះមុខ​អ្នកចូលរួម​ប្រមាណ​៤០០​នាក់ ក្នុង​ពិធី​បិទ​សិក្ខាសាលា​ស្ដីពី​ការរៀបចំ​ផែនការមេ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ខេត្តសៀមរាប​កាលពី​ថ្ងៃទី​១១ កក្កដា លោក ថោង ខុន បានបង្ហាញ​កង្វល់​ដែល​ស្ថានភាព​ទេសចរណ៍​ក្នុង​ខេត្តសៀមរាប​នៅ​ឆ្នាំនេះ​អាក្រក់​ជាង​ឆ្នាំទៅ​។ លោក​រដ្ឋមន្ត្រី​បាន​ចោទ​ជា​សំណួរ​ទៅកាន់​តែ​អ្នកចូលរួម ដោយ​លើក​ថា ហេតុអ្វី​៦​ខែ​ដើមឆ្នាំ​២០១៩​នេះ ភ្ញៀវ​នៅ​ខេត្តសៀមរាប​ធ្លាក់ចុះ​? សួរ​ខ្លួនឯង ឆ្លើយ​ខ្លួនឯង លោក ថោង ខុន ថា​មាន​កត្តា​ជាច្រើន​នៅក្នុង​រឿងនេះ តែ​បាន​លើក​ហេតុផល​សំខាន់​មួយ​ដែល​ក្រសួង​បាន​រកឃើញ នោះ​គឺ​ការរកស៊ី​កញ្ចប់​ទេសចរណ៍​ចំណេញ​រឺ​ខាតដើម ឬ Zero Cost tour​។ តាម​លោក​រដ្ឋមន្ត្រី ការលក់​កញ្ចប់​បែបនេះ គឺ​ស្មើនឹង​សម្លាប់​ខ្លួនឯង​យ៉ាង​ដូច្នោះ​ដែរ​។​
 
​លោក​រដ្ឋមន្ត្រី​ពន្យល់ ក្រុមហ៊ុន​ដែល​លក់​កញ្ចប់ Zero Cost tour គឺជា​អ្នក​បំផ្លាញ​គោលដៅ​ទេសចរណ៍ ព្រោះថា​បណ្ដា​ក្រុមហ៊ុន​ទាំងនោះ​យក​ភ្ញៀវ​មក​ក្នុងតម្លៃ​ទាប​ឬ​មិន​ចំណេញ​តែម្ដង តែ​ពួកគេ​រកស៊ី​នៅតាម​ហាង​វត្ថុ​អនុស្សាវរីយ៍ អាហា​រដ្ឋា​ន ឬ​សណ្ឋាគារ​ជាដើម​ដែល​លក់​ក្នុងតម្លៃ​ខ្ពស់​។ លោក ថោង ខុន បញ្ជាក់ថា ការធ្លាក់ចុះ​ចំនួន​ទេសចរណ៍​នេះ មាន​អ្នកខ្លះ​បន្ទោស​ថា​តម្លៃ​សំបុត្រ​ឡើងថ្លៃ តែ​តាមពិត​មិន​ដូច្នោះ​ទេ គឺជា​មួយកញ្ចប់ Zero Cost tour នេះ​ទេ ដែល​ធ្វើឱ្យ​ទេសចរ​មានបទពិសោធន៍ ហើយ​លែង​ចង់​មក​ម្ដងទៀត​។ 
 
​ក្រៅពី​ករណី Zero Cost tour នេះ លោក ថោង ខុន ក៏​ចាប់​លើកឡើង​ពី​ការប្ដូរ​ទិសដៅ​របស់​ទេសចរ​ជន​ជាតិ​កូរ៉េ​ផងដែរ​។ លោក​រដ្ឋមន្ត្រី​ពន្យល់ថា ភ្ញៀវទេសចរ​កូរ៉េ​ដែល​ធ្លាប់​ឈរ​នៅ​កំពូល​នៃ​ចំនួន​ទេសចរ​មក​កម្សាន្ត​កម្ពុជា បាន​ប្ដូរ​ទៅ​ប្រទេស​វៀតណាម​វិញ ដ្បិត​ប្រទេស​នេះ​មាន​គោលនយោបាយ​ទេសចរណ៍​ថ្មី ដោយ​ជនជាតិ​ណាក៏ដោយ​ក៏​អាចធ្វើ​មគ្គុទ្ទេសក៍​សម្រាប់​ភ្ញៀវ​បរទេស​បានដែរ មិនចាំបាច់​ជនជាតិ​ខ្លួន​ឡើយ​។ គោលការណ៍​នេះ​ខុសពី​ច្បាប់​កម្ពុជា​ដោយ​ចែងថា មគ្គុទ្ទេសក៍​ឬ​អ្នកបកប្រែ​គឺជា​ជនជាតិ​កម្ពុជា​៕
 

Tag:
 ថោង ខុន​
  ទេសចរណ៍​សៀមរាប​
 ​អង្គរវត្ត​
  គ្រឹះស្ថាន​អង្គរ​
  Zero Cost tour
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម