អន្តរជាតិ
តើ​អាច​ទុកចិត្ត​លើ​ថាមពលខ្យល់ និង​ពន្លឺព្រះអាទិត្យ​បាន​ទាំងស្រុង​ដែរឬទេ​?
14, Jul 2019 , 7:39 pm        
រូបភាព
​ជា​រៀងរាល់ថ្ងៃ នៅពេលដែល​អ្នក​ចុច​កុងតាក់​បើក​អំពូល​ភ្លើង​នៅក្នុង​បន្ទប់ តើ​លោកអ្នក​ដែលមាន​ចម្ងល់​ទេ​ថា តើ​ថាមពល​ទាំងនេះ​មាន​ប្រភព​មកពីណា​? ជាទូទៅ វា​អាចមាន​ប្រភព​មកពី​វា​រី​អគ្គីសនី ឬ​ថាមពល​ឥន្ធនៈផូស៊ីល​ដែល​ទាញ​ចេញពី​ដី​ជ្រៅ​ក្នុង​ស្រទាប់​ភពផែនដី​។ សព្វថ្ងៃ កំណើន​នៃ​ការប្រើប្រាស់​ថាមពលអគ្គីសនី បាន​កើនឡើង​យ៉ាង​ឆាប់រហ័ស​ជាពិសេស​ថាមពលខ្យល់ និង​ពន្លឺព្រះអាទិត្យ​។

 
 
​គេហទំព័រ Green Tumble បាន​បញ្ចា​ក់ថា នៅ​ចុង​សតវត្សរ៍​នេះ គេ​គិតទុក​ថា ការប្រើប្រាស់​ថាមពល​អគ្គិសនី នឹង​កើនឡើង​ដល់ទី​បី​ដង​។ កាកសំណល់​ឧស្ម័ន​ផ្ទះ​កញ្ចក់​ដែល​បញ្ចេញ​ដោយ​ឥន្ធនៈផូស៊ីល​ទាំងនោះ មាន​ឥទ្ធិពល​គ្រប់គ្រាន់​ក្នុងការ​បង្កើន​សីតុណ្ហភាព​នៅលើ​ភពផែនដី ដែល​អាច​បង្ក​ទៅជា​គ្រោះធម្មជាតិ​ជាច្រើន​ទៀត​នៅ​ថ្ងៃ​អនាគត​។ 
 
​ដើម្បី​ចៀស​ផុតពី​មហន្តរាយ​ទាំងនេះ ស្ថាប័ន​បរិស្ថាន​ពាក់ព័ន្ធ​ជាច្រើន បាន​កំណត់ថា ការបញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ពី​ឥន្ធនៈផូស៊ីល គួរ​ត្រូវតែ​បញ្ឈប់​រហូតដល់​ក្បែរ​សូន្យ​ភាគរយ​នៅក្នុង​ឆ្នាំ​២០៥០ ខាងមុខ​។ បន្ទាប់មក ការប្រើប្រាស់​វាយោ​ថាមពល និង​ថាមពល​ពន្លឺព្រះអាទិត្យ នឹងត្រូវ​អនុវត្ត​ឡើង​ឲ្យ​បាន​កាន់តែច្រើន​។ វា​មិន​បញ្ចេញ​ធាតុ​ពុល​ច្រើន​ឡើយ ហើយ​វា​ជួយ​កាត់បន្ថយ​ការឡើង​កម្តៅ​ផែនដី​ទៀតផង​។ តែ​សំណួរ​ត្រូវបាន​គេ​សួរថា តើ​យើង​អាច​ទុកចិត្ត​លើ​ថាមពល​នេះ​ទាំងស្រុង​បានទេ​? តើ​វា​អាចបំពេញ​តម្រូវការ​រ​បស់​អ្នកប្រើប្រាស់​ឲ្យ​បាន​គ្រប់គ្រាន់​ដែរឬទេ​?
 
​រោងចក្រ​អគ្គីសនី​ប្រភេទ Base Load គឺជា​រោងចក្រ​អគ្គីសនី​ដែល​អាច​ផលិត​ថាមពល​ក្នុង​កម្រិត​មួយ​ថេរ​ល្អ ក្នុងពេល​វេលា​យូរ ដោយ​មិន​ងាយ​ប្រែប្រួល​។ ភាគច្រើន វា​គឺជា​រោងចក្រ​ថាមពលអគ្គីសនី​ធ្យូងថ្ម ឬ​រោងចក្រ​ថាមពល​នុយ​ក្លេ​អែ ហើយ​ពួកវា​ជា​អ្នក​ផលិត​ថាមពល​គោល​។ នៅពេលដែល​ការប្រើប្រាស់​ភ្លើង​មានការ​កើនឡើង​បន្ថែម (​ដូចជា​នៅ​ថ្ងៃបុណ្យ ឬ​ថ្ងៃ​ក្តៅ​ខ្លាំង​) រោងចក្រ​ផលិត​អគ្គីសនី​ប្រភេទ Peaking ត្រូវបាន​គេ​ប្រើប្រាស់​សម្រាប់​ជំរុញ​ថាមពល​បន្ថែម​។ 
 
​វា​រី​អគ្គីសនី និង​រោងចក្រ​អគ្គីសនី ដែល​ប្រើប្រាស់​កម្តៅ​ផែនដី អាច​សាងសង់ឡើង​បាន​នៅ​ទីតាំង​ពិសេស​តែប៉ុណ្ណោះ​។ ចំណែកឯ​ថាមពលខ្យល់ និង​ថាមពល​ពន្លឺព្រះអាទិត្យ ពឹងផ្អែក​ខ្លាំង​ទៅលើ​ធាតុអាកាស ដែលជា​បាតុភូតធម្មជាតិ​មួយ​ដែល​ផ្លាស់ប្តូរ​ជាប្រចាំ​។ 
 
​ថាមពល​ទាំងពីរ​ប្រភេទ​នេះ​មិនអាច​ផលិត​ថាមពល​ឲ្យ​បាន​ថេរ​ល្អ​នោះទេ ហើយ​នេះ​គឺជា​ភាពលំបាក​មួយ​។ ពន្លឺព្រះអាទិត្យ អាច​មាននៅ​គ្រប់​ទីកន្លែង តែ​ការចាប់យក​ថាមពល​ព​ន្លឺ​នោះ​ដើម្បី​ប​ម្លែ​ង​ជា​ថាមពលអគ្គីសនី​ប្រើប្រាស់​បាន ជា​រឿង​មួយ​លំបាក​។ គេ​ត្រូវការ​សារធាតុ​ពិសេស​ដូចជា ស៊ី​លី​កូន បូ​រ៉​ន និង​ផូស្វ័រ​ដែលមាន​គុណភាព​ខ្ពស់​ក្នុង​ការផលិត​ថាមពល​បាន​ច្រើន​។​
 
​ចំណែកឯ​តួប៊ីន​ខ្យល់​វិញ ប្រើប្រាស់​សារធាតុ​កម្រ​ដែល​ហៅថា Neodymium ពី​ក្នុង​ដី ជាមួយ​ដែក និង​ស៊ីម៉ង់​ក្នុងការ​សាងសង់​។ ដើម្បី​ទាញយក​សារធាតុ​ទាំងនេះ ការបំផ្លាញ​បរិស្ថាន គឺជា​រឿង​មួយ​ដែល​ពិបាក​នឹង​ចៀសផុត​។ ម្យ៉ាងវិញទៀត ដើម្បី​ផលិត​ថាមពលអគ្គីសនី​ឲ្យ​មាន​បរិមាណ​ស្មើគ្នា គេ​ត្រូវការ​ចំនួន​តួប៊ីន​ដល់​ទៅ​បី​ដង​នៃ​ចំនួន​រោងចក្រ​ផលិត​អគ្គីសនី​ដោយ​ធ្យូងថ្ម​។ បញ្ហា​មួយទៀត គឺ​ការ​រក្សាទុក​ថាមពល និង​ការ​ចែកចាយ​ថាមពល​។ ទាំងនេះ​ត្រូវការ​ធនធានធម្មជាតិ និង​ថវិកា​យ៉ាងច្រើន​ក្នុងការ​ផលិត និង​ថែទាំ​។​
 
​អ្នកជំនាញ​មួយចំនួន បាន​សិក្សា​លើ​បច្ចេកទេស​ពិសេស​មួយ​ដែល​ហៅថា Smart Grid ដែល​វា​ជាការ​ភ្ជាប់ ថាមពលខ្យល់ ថាមពលព្រះអាទិត្យ និង​ថាមពល​វា​រី​ចូលគ្នា ដើម្បី​ផលិត​ថាមពល​ក្នុង​កម្រិត​មួយ​ថេរ និង​មានតម្លៃ​ធូរ​ថ្លៃ​។ តែ​វា​នៅតែ​ជា​បច្ចេកទេស​មួយ​ដែលមាន​តម្លៃ​ថ្លៃ និង​ត្រូវការ​ការសហការ​ច្រើន​ពី​ប្រទេស​ក្នុង​តំបន់​។ ដោយសារតែ​ភាពមិនច្បាស់លាស់​របស់​ពួកគេ អ្នកជំនាញ​ត្រូវ​រក​វិធីសាស្ត្រ​ក្នុងការ​ស្តុក​ថាមពល​ទុក​នៅពេលដែល​ថាមពល​មានការ​ខ្វះខាត​។ ដំណោះ​មួយ​គឺ ការប្រើប្រាស់​ថ្មពិល​ធំៗ ដែលជា​ឧបករណ៍​អគ្គីសនី​មួយ​ដ៏​ថ្លៃ ហើយ​សារធាតុ​នៅក្នុង​ថ្មពិល​ទាំងនេះ​ត្រូវបាន​គេ​ទាញយក​ពី​ក្នុង​ដី ដែល​នេះ​គឺជា​ការបំផ្លាញ​បរិស្ថាន​មួយ​បាត់ទៅហើយ​។ តើ​ជាមួយនឹង​ភាពលំបាក​ទាំងនេះ តើ​គេ​អាច​ទុកចិត្ត​លើ​វា​ដែរឬទេ​? វា​គ្មាន​ចម្លើយ​ពិតប្រាកដ​នោះទេ​។ 
 
​ថាមពលបៃតង គឺជា​ការវិនិយោគ​មួយ​វែងឆ្ងាយ និង​មិន​ប្រាកដ​មួយរយ​ភាគរយ​នោះទេ​។ ការផ្លាស់ប្តូរ​ក្នុង​ខ្នាត​ពិភពលោក​គឺជា​រឿង​មួយ​លំបាក​ខ្លាំងណាស់ ហើយ​វា​ទាមទារ​វេលា​យូរ និង​ការចំណាយ​ច្រើន​។ ថាមពល​នីមួយៗ​តែងមាន​ភាព​វិជ្ជមាន និង​អវិជ្ជមាន​របស់ខ្លួន​។ បើ​វា​ផលិត​ថាមពល​ខ្លាំង វា​ក៏​បំពុល​ខ្លាំង​ដែរ​។ ប៉ុន្តែ​អ្នកជំនាញ​ជាច្រើនរូប​នៅតែ​បន្ត​ដោះស្រាយ និង​រក​វិធីសាស្ត្រ​ថ្មីៗ​ល្អៗ​ក្នុង​ការជួយ​បរិស្ថាន​។ វា​ក៏​ទាមទារ​ឲ្យ​ប្រជាពលរដ្ឋ​នានា​យល់ដឹង​ពី​បញ្ហា​នេះដែរ ដូច​ជាការ​សន្សំសំចៃ​ភ្លើង​ជាដើម​។ វា​ជា​ការជួយ​ទាំងអស់គ្នា ដើម្បី​ទាំងអស់គ្នា​៕

Tag:
 ថាមពលខ្យល់​
  ថាមពលព្រះអាទិត្យ​
© រក្សាសិទ្ធិដោយ thmeythmey.com