កីឡាអន្តរជាតិ
អន្តរជាតិ
អាយុ៨១ឆ្នាំ លោក Gailleton រត់បានចម្ងាយ១៧៧គីឡូម៉ែត្រក្នុងរយៈពេល៤០ម៉ោង៣៦នាទី Gérard Gailleton ពេលរត់ទៅដល់គោលដៅ។រូបថត Le Telegramme
× លោកតា Gerard Gailleton អាយុ៨១ឆ្នាំ មកពីតំបន់ Villefranche-sur-Saône ប្រទេសបារាំង បានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍រត់ប្រណាំងចម្ងាយឆ្ងាយ Ultra Marin ដែលប្រព្រឹត្តទៅនៅតំបន់ Bretagne កន្លងមក។ ទោះបីមានវ័យចំណាស់ក៏ដោយ គាត់បានទៅដល់គោលដៅ លើចម្ងាយផ្លូវ១៧៧គីឡូម៉ែត្រ ដោយប្រើថិរវេលា៤០ម៉ោង និង៣៦នាទី។
បន្ទាប់ពីចូលនិវត្តន៍ លោកតា Gailleton បានចាប់ផ្តើមដើរហាត់ប្រាណក្នុងអាយុ៦៩ឆ្នាំ។ ក្រោយមកទៀត គាត់កាន់តែដើរបានលើចម្ងាយឆ្ងាយ ហើយថែមទាំងហ៊ានចូលរួមក្នុងព្រឹត្តិការណ៍ Utra Trail ដែលមានរយៈចម្ងាយលើសម៉ារ៉ាតុនដល់ទៅ៤ដង។
ក្នុងចំណោមអ្នកចូលរួមគ្រប់វ័យប្រមាណ១២០០នាក់ មានជិត៥០ភាគរយ បានបោះបង់ចោលគោលដៅរបស់ខ្លួន ដោយកម្មវិធីតម្រូវឲ្យរត់យ៉ាងហោចណាស់៤២ម៉ោងជាអតិបរិមា ប៉ុន្តែទាំងនេះ មិនមែនជាបញ្ហារបស់លោកតា Gailleton នោះឡើយ។
យោងតាម Le Parisien លោក Gailleton ធ្លាប់បានការនៅរោងចក្រ និងធ្លាប់បើករថយន្តសាលា។ គាត់បានបញ្ជាក់ថា៖ «ដើមឡើយ ខ្ញុំមិនដែលហាត់កីឡានោះឡើយ ពីព្រោះខ្ញុំមិនមានពេលគ្រប់គ្រាន់ ដោយធ្វើការពី១០ ទៅ១២ម៉ោងជារៀងរាល់ថ្ងៃ រួមទាំងចុងសប្តាហ៍»។
មុនទៅដល់គោលដៅ លោកតា Gailleton បានអះអាងថា គាត់ដើរភាគច្រើន ប៉ុន្តែមិនបានសម្រាកគេងនោះឡើយ ព្រោះបើគេងមិនគ្រប់គ្រាន់ដដែល ច្បាស់ជាអស់កម្លាំងខ្លាំង។
ក្រៅពីចូលរួមរត់ប្រណាំងផ្សេងៗនៅតំបន់ដែលខ្លួនរស់នៅ បុរសវ័យ៨១ឆ្នាំរូបនេះ ក៏ត្រៀមខ្លួនចូលរួមប្រកួតប្រជែងនៅហ្ស៊កដង់ ចិន និងកោះ Guadaloupe ផងដែរ។ លោកបានបញ្ជាក់ថា នៅមុនពេលចូលនិវត្តន៍ គាត់មិនដែលបានធ្វើដំណើរទៅបរទេសនោះឡើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com