អន្តរជាតិ
លោក ត្រាំ រង​កា​រិះគន់ ក្រោយ​ប្រើពាក្យ​រើសអើង​ពូជសាសន៍​លើ​សមាជិកសភា​
15, Jul 2019 , 10:41 am        
រូបភាព
រូបភាព AFP
រូបភាព AFP
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​រង​ការរិះគន់​យ៉ាងខ្លាំង​ក្រោយ​ប្រើប្រាស់​ពាក្យពេជន៍​ក្នុងន័យ​រើសអើង​លើ​សមាជិកសភា​មកពី​បក្ស​ប្រជាធិបតេយ្យ​។ តាមរយៈ Twitter នៅ​ថ្ងៃទី​១៤ ខែកក្កដា លោក ត្រាំ បាន​ប្រាប់​សមាជិកសភា​បក្ស​ប្រជាធិបតេយ្យ​ជា​ស្ត្រី​ដែលមាន​គំនិត​ជឿនលឿន ឲ្យ​ត្រឡប់​ទៅ​ប្រទេស​ដើម​វិញ ជាជាង​ណែនាំ​លោក​ពី​ការដឹកនាំ​អាមេរិក​។ បក្ស​ប្រជាធិបតេយ្យ សុទ្ធតែ​មិន​ពេញចិត្ត​ការលើកឡើង​រប​ស់លោក ត្រាំ ។​

 
​ជាថ្មី​ម្ដងទៀត ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​ប្រើប្រាស់​ពាក្យពេជន៍​មិន​សមប្រកប​ដាក់​សមាជិក​សភា​មកពី​បក្ស​ប្រជាធិបតេយ្យ​។ លើក​នេះ លោក ត្រាំ បាន​តម្រង់​គោលដៅ​ដាក់​សមាជិកសភា​ជា​ស្ត្រី​ដែលមាន​គំនិត​ជឿនលឿន វ័យក្មេង មាន​ដើមកំណើត​នៅ​បរទេស និង​តែង​ចេញមុខ​និយាយ​រិះគន់​គោលនយោបាយ​ក្នុងការ​ដឹកនាំ​ប្រទេស​របស់លោក ពិសេស​គោលនយោបាយ​អន្តោប្រវេសន៍​ដ៏​ចម្រូងចម្រាស​តែម្ដង​។ 
 
​ទោះ​មិន​បញ្ចេញ​ឈ្មោះ គេ​អាច​ដឹងបាន​ថា លោក ត្រាំ ចង់​សំដៅ​ដល់​សមាជិកសភា​ស្ត្រី​បក្ស​ប្រជាធិបតេយ្យ​ដូចជា​លោកស្រី Alexandria Ocasio-Cortez សមាជិកសភា​មកពី New York ដែលមាន​ដើមកំណើត​នៅ​ព័រ​តូ​រី​កូ​, លោកស្រី Ilhan Omar សមាជិកសភា​ស្បែក​ខ្មៅ​មកពី Minnesota មាន​ដើមកំណើត​នៅ​សូ​ម៉ាលី​, លោកស្រី Rashida Tlaib ដែលមាន​ឈាមជ័រ​ប៉ា​ឡេ​ស្ទី​ន និង​ជា​សមាជិកសភា​មក Michigan ។ សមាជិក​ទាំងបី​នេះ ធ្លាប់បាន​ពន្លះ​លោក ត្រាំ មិនតិច​ដង​ឡើយ​។ 
 
​នៅលើ​បណ្ដាញ​សង្គម Twitter របស់ខ្លួន​នៅ​ថ្ងៃទី​១៤ ខែកក្កដា លោក ត្រាំ បាន​សរសេរ​ដៀមដាម​ដាក់​សមាជិកសភា​ទាំងនេះ​ថា មកពី​ប្រទេស​ដែលមាន​រដ្ឋាភិបាល​ពោរពេញ​ដោយ​មហន្តរាយ ស៊ី​រូង​ដោយ​អំពើពុករលួយ និង​ភាពល្ងង់ខ្លៅ​បំផុត​ក្នុង​ពិភពលោក​។ លោក​ប្រធានាធិបតី​អាមេរិក​រូបនេះ ក៏បាន​ចោទ​សមាជិកសភា​បក្ស​ប្រជាធិបតេយ្យ​ទៀតថា បាន​ប្រាប់​ប្រជាជន​អាមេរិក​ពី​របៀប​ដឹកនាំ​ប្រទេស​តាមបែប​ណា​ទៀត​។   
 
«​ហេតុអ្វី​ពួកគេ​មិន​ត្រឡប់​ទៅ​ទី​ដើម​វិញ ហើយ​ជួយ​ប្រទេស​ខ្លួន​ដែល​ពោរពេញ​ដោយ​ឧក្រិដ្ឋកម្ម និង​ដោះស្រាយ​បញ្ហា​ទាំងនេះ​ទៅ​។ តម​ក ត្រឡប់មក​អាមេរិក​វិញ ហើយ​បង្ហាញ​ពី​សមិទ្ធផល​របស់ខ្លួន​។​» នេះ​ជា​សំណេរ​របស់លោក ត្រាំ លើ​គណនី Twitter របស់លោក​។ 
 
​សម្ដី​ទាំង​អម្បាលម៉ាន​នេះហើយ ដែល​ធ្វើ​ឲ្យ​លោក ត្រាំ ក្លាយជា​មុខសញ្ញា​រិះគន់​ជា​បន្តបន្ទាប់​។ បេក្ខជន​ប្រធានាធិបតី​បក្ស​ប្រជាធិបតេយ្យ​ជាច្រើន សុទ្ធតែ​បាន​បរិហារ​ប្រមុខរដ្ឋ​អាមេរិក​រូបនេះ​។ អតីត​អនុ​ប្រធានាធិបតី​អាមេរិក Joe Biden ដែល​ចាត់ទុក​ការលើកឡើង​ជាការ​រើសអើង និង​បណ្ដុះ​គំនិត​ស្អប់ខ្ពើម​នោះ ចាត់ទុកថា គំនិត​បែបនេះ​មិនគួរ​មាននៅ​ទឹកដី​អាមេរិក​ឡើយ​។ បេក្ខជន​ម្នាក់ទៀត គឺ​លោកស្រី Kamala Harris ហៅ​សម្ដី​លោក ត្រាំ ជាការ​ប្រឆាំង​ប្រជាជន​អាមេរិក​។​
 
​ខណៈ​បក្ស​ប្រជាធិបតេយ្យ​រិះគន់​លោក ត្រាំ ខ្លាំងៗ បក្ស​សាធារណរដ្ឋ​មិនបាន​ប្រើពាក្យ​មិន​សមប្រកប​ណាមួយ​ដាក់​ប្រធានាធិបតី​តំណាង​បក្ស​របស់ខ្លួន​ឡើយ​។ លោក ត្រាំ ឯណេះ​វិញ ទោះ​រង​ប្រតិកម្ម​ផ្ទួនៗ​ក្ដី ក៏បាន​បន្ថយ​សម្ដី​រប​ស់​ខ្លួន​ដែរ ហើយ​រិះគន់​បក្ស​ប្រជាធិបតេយ្យ​ទៅទៀត​។ លោក​សរសេរ​លើ​Twitter ថា គួរ​ឲ្យ​សោកស្ដាយ​ណាស់​ដែល​បក្ស​ប្រជាធិបតេយ្យ​ឈរ​ខាង​មនុស្ស​ដែល​និយាយ​មិនល្អ​ពី​អាមេរិក​៕ 

Tag:
 អាមេរិក​
  ដូ​ណា​ល់ ត្រាំ​
  បក្ស​ប្រជាធិបតេយ្យ​
© រក្សាសិទ្ធិដោយ thmeythmey.com