រថយន្ត
អន្តរជាតិ
Bertha Benz៖ ស្ត្រីដំបូងគេដែលបានបើកបររថយន្តក្នុងរយៈចម្ងាយឆ្ងាយ រូបភាព៖ Mercedes
× ចុងសតវត្សទី១៩ និងដើមសតវត្សទី២០ ជាពេលមួយវេលាពោរពេញដោយភាពច្នៃប្រឌិតតាមរយៈការផលិតរថយន្ត។ ប្រទេសជាច្រើននៅទ្វីបអឺរ៉ុប និង អាមេរិក បានប្រកួតប្រជែងគ្នាក្នុងការផលិតរថយន្តដែលមានគុណភាព សម្រាប់ដាក់ក្នុងទីផ្សារជាតិ និងអន្តរជាតិ។
នៅក្នុងចំណោមនោះក៏មានលោក Karl Benz ដែលជាអ្នកផលិតរថយន្តជនជាតិអាល្លឺម៉ង់ដ៏ល្បីល្បាញម្នាក់នៅឆ្នាំ១៨៨៦ដែរ។ ពេលនោះ ដ្បិតក្រុមហ៊ុនអាជីវកម្មរថយន្តរបស់លោក Karl Benz មិនទាន់មានការទទួលស្គាល់ពីសំណាក់មហាជនទូទៅ ទើបប្រពន្ធលោក អ្នកស្រី Bertha Benz បានធ្វើរឿងមួយដំបូងគេដែលមិនមានអ្នកណាម្នាក់អាចនឹងស្មានដល់។
លោកស្រី Bertha Benz បានយករថយន្តរបស់ប្តីអ្នកគាត់ ទៅបើកបរនៅលើចម្ងាយដីឆ្ងាយជាមួយនឹងកូនប្រុសគាត់ទាំងពីរនាក់ ដើម្បីបង្ហាញពីគុណភាពរថយន្តរបស់ប្តីអ្នកស្រី។
ប៉ុន្តែអ្នកស្រីមិនបានប្រាប់អំពីរឿងនេះទៅកាន់ប្តីរបស់គាត់ឡើយ។ គាត់បានធ្វើដំណើរពីតំបន់ Mannhiem ទៅកាន់តំបន់ Pforzhiem ដែលមានចម្ងាយទៅមកសរុប ១៨០គីឡូម៉ែត្រ។ សព្វថ្ងៃ ចម្ងាយផ្លូវត្រឹមនេះមិនមែនជារឿងលំបាកប៉ុន្មានឡើយ ប៉ុន្តែជាង១០០ឆ្មាំមុន វាមិនមែនជារឿងមួយងាយស្រួលទេ។
នៅពេលដែលរថយន្តរបស់អ្នកស្រីជិតអស់ប្រេងឥន្ធនៈ ដែលកាលពីពេលនោះគេហៅប្រេងប្រភេទនេះថា «Ligroin» អ្នកស្រី Bertha បានចូលចាក់ប្រេងឥន្ធនៈនៅឱសថស្ថានមួយ នៅក្នុងទីក្រុង Wiesloch ។
កាលពីពេលនោះ ប្រេងឥន្ធនៈត្រូវបានគេលើតាមឱសថស្ថាន។ អ្នកខ្លះបាននិយាយថា ឱសថស្ថានមួយនោះគឺជាស្ថានីយប្រេងសាំងដំបូងគេបង្អស់ក្នុងប្រវត្តិសាស្ត្ររថយន្ត។ ចំណែកកងរថយន្តមិនមានបញ្ហាទេ ដោយសារតែកង់ខាងក្រោយផលិតពីកងដែក ហើយកង់ខាងមុខផលិតពីកៅស៊ូតាន់។ នៅទីបំផុត មានបញ្ហាតិចតួចប៉ុណ្ណោះដែលបានកើតឡើង ហើយលោកស្រី Bartha Benz បានសម្រេចការធ្វើដំណើររបស់ខ្លួនដោយជោគជ័យ។ ចាប់ពីពេលនេះមក ក្រុមហ៊ុនផលិតរថយន្តនានាបានយកតម្រាប់តាមវិធីសាស្ត្រមួយនេះ។ វិធីសាស្ត្រក្នុងការសាកស្បងសមត្ថភាពរថយន្តក្នុងស្ថានភាពលំបាក ដើម្បីសិក្សាពីសមត្ថភាពរបស់វា។
រថយន្តនេះមានឈ្មោះពេញថា Benz Patent Motor Car Model III ជាប្រភេទរថយន្តចំហដំបូល ស៊ីឡាំងមួយ ប្រើប្រាស់លំនាំចំហេះបួនវគ្គ ម៉ាស៊ីន ១៦៦០ CC ។ វាទម្ងន់ប្រមាណ៣៦០គីឡូក្រាម និងប្រើប្រាស់សាំងចំនួន១០លីត្រក្នុងចម្ងាយ១០០គីឡូម៉ែត្រ៕
© រក្សាសិទ្ធិដោយ thmeythmey.com