រថយន្ត
អន្តរជាតិ
Bertha Benz៖ ស្ត្រី​ដំបូង​គេ​ដែល​បាន​បើកបរ​រថយន្ត​ក្នុង​រយៈ​ចម្ងាយ​ឆ្ងាយ​
15, Jul 2019 , 7:39 pm        
រូបភាព
រូបភាព៖ Mercedes
រូបភាព៖ Mercedes
​ចុង​សតវត្ស​ទី​១៩ និង​ដើម​សតវត្ស​ទី​២០ ជា​ពេល​មួយ​វេលា​ពោរពេញ​ដោយ​ភាព​ច្នៃប្រឌិត​តាមរយៈ​ការផលិត​រថយន្ត​។ ប្រទេស​ជាច្រើន​នៅ​ទ្វីបអឺរ៉ុប និង អាមេរិក បាន​ប្រកួតប្រជែង​គ្នា​ក្នុង​ការផលិត​រថយន្ត​ដែលមាន​គុណភាព សម្រាប់​ដាក់​ក្នុង​ទីផ្សារ​ជាតិ និង​អន្តរជាតិ​។

 
​នៅក្នុង​ចំណោម​នោះ​ក៏មាន​លោក Karl Benz ដែលជា​អ្នក​ផលិត​រថយន្ត​ជនជាតិ​អាល្លឺម៉ង់​ដ៏​ល្បីល្បាញ​ម្នា​ក់នៅ​ឆ្នាំ​១៨៨៦​ដែរ​។ ពេលនោះ ដ្បិត​ក្រុមហ៊ុន​អាជីវកម្ម​រថយន្ត​រប​ស់លោក Karl Benz មិនទាន់មាន​ការទទួល​ស្គាល់​ពី​សំណាក់​មហាជន​ទូទៅ ទើប​ប្រពន្ធ​លោក អ្នកស្រី Bertha Benz បានធ្វើ​រឿង​មួយ​ដំបូង​គេ​ដែល​មិនមាន​អ្នកណាម្នាក់​អាច​នឹង​ស្មាន​ដល់​។​
 
​លោកស្រី Bertha Benz បាន​យក​រថយន្ត​របស់​ប្តី​អ្នក​គាត់ ទៅ​បើកបរ​នៅលើ​ចម្ងាយ​ដី​ឆ្ងាយ​ជាមួយនឹង​កូនប្រុស​គាត់​ទាំងពីរ​នាក់ ដើម្បី​បង្ហាញ​ពី​គុណភាព​រថយន្ត​របស់​ប្តី​អ្នកស្រី​។ 
 
ប៉ុន្តែ​អ្នកស្រី​មិនបាន​ប្រាប់​អំពី​រឿងនេះ​ទៅកាន់​ប្តី​របស់គាត់​ឡើយ​។ គាត់​បានធ្វើ​ដំណើរ​ពី​តំបន់ Mannhiem ទៅកាន់​តំបន់ Pforzhiem ដែលមាន​ចម្ងាយ​ទៅមក​សរុប ១៨០​គីឡូម៉ែត្រ​។ សព្វថ្ងៃ ចម្ងាយ​ផ្លូវ​ត្រឹមនេះ​មិនមែនជា​រឿង​លំបាក​ប៉ុន្មាន​ឡើយ ប៉ុន្តែ​ជាង​១០០​ឆ្មាំ​មុន វា​មិនមែនជា​រឿង​មួយ​ងាយស្រួល​ទេ​។​
 
 នៅពេលដែល​រថយន្តរ​បស់​អ្នកស្រី​ជិត​អស់​ប្រេងឥន្ធនៈ ដែល​កាលពីពេល​នោះគេ​ហៅ​ប្រេង​ប្រភេទ​នេះ​ថា «Ligroin» អ្នកស្រី Bertha បាន​ចូល​ចាក់​ប្រេងឥន្ធនៈ​នៅ​ឱសថស្ថាន​មួយ នៅក្នុង​ទីក្រុង Wiesloch ។​
 
 កាលពី​ពេលនោះ ប្រេងឥន្ធនៈ​ត្រូវបាន​គេ​លើ​តាម​ឱសថស្ថាន​។ អ្នកខ្លះ​បាន​និយាយថា ឱសថស្ថាន​មួយ​នោះ​គឺជា​ស្ថានីយ​ប្រេងសាំង​ដំបូង​គេ​បង្អស់​ក្នុង​ប្រវត្តិសាស្ត្រ​រថយន្ត​។ ចំណែក​កង​រថយន្ត​មិនមាន​បញ្ហា​ទេ ដោយសារតែ​កង់​ខាងក្រោយ​ផលិត​ពី​កង​ដែក ហើយ​កង់​ខាងមុខ​ផលិត​ពី​កៅស៊ូ​តាន់​។ នៅ​ទីបំផុត មាន​បញ្ហា​តិចតួច​ប៉ុណ្ណោះ​ដែល​បានកើត​ឡើង ហើយ​លោកស្រី Bartha Benz បានសម្រេច​ការធ្វើដំណើ​រ​របស់ខ្លួន​ដោយ​ជោគជ័យ​។ ចាប់ពីពេលនេះ​មក ក្រុមហ៊ុន​ផលិត​រថយន្ត​នានា​បាន​យកតម្រាប់​តាម​វិធីសាស្ត្រ​មួយ​នេះ​។ វិធីសាស្ត្រ​ក្នុងការ​សាក​ស្បង​សមត្ថភាព​រថយន្ត​ក្នុងស្ថានភាព​លំបាក ដើម្បី​សិក្សា​ពី​សមត្ថភាព​របស់​វា​។ 
 
​រថយន្ត​នេះ​មានឈ្មោះ​ពេញ​ថា Benz Patent Motor Car Model III ជា​ប្រភេទ​រថយន្ត​ចំហ​ដំបូល ស៊ីឡាំង​មួយ ប្រើប្រាស់​លំនាំ​ចំហេះ​បួន​វគ្គ ម៉ាស៊ីន ១៦៦០ CC ។ វា​ទម្ងន់​ប្រមាណ​៣៦០​គីឡូក្រាម និង​ប្រើប្រាស់​សាំង​ចំនួន​១០​លីត្រ​ក្នុង​ចម្ងាយ​១០០​គីឡូម៉ែត្រ​៕

© រក្សាសិទ្ធិដោយ thmeythmey.com