ភ្នំពេញ ថ្ងៃទី១៦ ខែកក្កដា៖ អ្នកបើកម៉ូតូកង់បីនៅកម្ពុជា ដែលកំពុងតែប្រើប្រាស់កម្មវិធី Grab ដើម្បីទទួលយកការកក់លើសេវាធ្វើដំណើរ អះអាងថា ពួកគាត់ពេញចិត្តនឹងមុខងារពិសេសៗថ្មីៗជាច្រើន ក្នុងកម្មវិធីនេះ។ ពួកគាត់បានលើកឡើងថា មុខងារពិសេសៗទាំងនោះ នឹងជួយធ្វើឲ្យការងារពួកគេកាន់តែមានប្រសិទ្ធិភាព និងបង្កើនសមត្ថភាពនៃការរកប្រាក់ចំណូលរបស់ពួកគាត់។
Grab ដែលជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេ ប្រចាំតំបន់អាស៊ីអាគ្នេយ៍ កំពុងដាក់ឲ្យដំណើរការនូវមុខងារពិសេសៗ ថ្មីៗជាច្រើន តាំងតែពីពេលដែលក្រុមហ៊ុននេះ ចាប់ផ្តើមអាជីវកម្មនៅកម្ពុជា ក្នុងឆ្នាំ២០១៧ ដើម្បីផ្តល់ជូនមធ្យោបាយកាន់តែល្អប្រសើរ សម្រាប់អ្នកបើកបរ និងអ្នកដំណើរ។ អ្នកដំណើរជាច្រើន បានសាទរចំពោះការផ្តល់ជូនរបស់ Grab ក្នុងពេលថ្មីៗនេះ ដែលធ្វើឲ្យការដំណើរតាមកម្មវិធីនេះ មានតម្លៃថោកជាងគេ និងអាចទទួលបានការលើកទឹកចិត្តជាច្រើន តាមរយៈការសន្សំពិន្ទុ ប្តូរយកការបញ្ចុះតម្លៃ និងប្រូម៉ូសិនលើទំនិញដ៏សន្ធឹកសន្ធាប់ នៅតាមហាង និងក្រុមហ៊ុនអាជីវកម្មឈានមុខគេជាច្រើន នៅកម្ពុជា។
អ្នកបើកបរ ក៏អាចទទួលបានការលើកទឹកចិត្តជាច្រើនដែរ តាមរយៈកម្មវិធីនេះ ប៉ុន្តែអ្វីដែលធ្វើឲ្យអ្នកបើកបរជាច្រើន ពេញចិត្តជាងគេ គឺមុខងារពិសេសៗផ្សេងៗ ដែលធ្វើឲ្យការងាររបស់ពួកគាត់ កាន់តែមានប្រសិទ្ធភាពជាងមុន។
មុខងារពិសេសថ្មីដ៏មានប្រជាប្រិយភាពបំផុត ក្នុងចំណោមមុខងារថ្មីៗ ដែលជួយឲ្យអ្នកបើកបរអាចប្រើប្រាស់ពេលវេលាដ៏មានតម្លៃបំផុត នៅតាមដងផ្លូវ គឺ«Pax No Show»។ មុខងារនេះ នឹងផ្តល់ប្រាក់ឈ្នួលលួងចិត្តស្វ័យប្រវត្តិ ដល់អ្នកបើកបរ ប្រសិនបើអ្នកដំណើរ ដែលបានកក់យានជំនិះរបស់ពួកគាត់ មិនបានមកដល់កន្លែងរង់ចាំ ក្នុងរយៈពេល៥នាទី បន្ទាប់ពីអ្នកបើកបរបាន ទៅដល់ទេនោះ។
លោក វែន គីរី ដែលបានក្លាយជាដៃគូបើកបរបស់ Grab អស់រយៈពេល៧ខែមកហើយ បានបញ្ជាក់ថា៖ «ខ្ញុំពិតជាសប្បាយរីករាយណាស់ ដែលក្រុមហ៊ុនផ្តល់នូវមុខងារដ៏ពិសេសនេះ (Pax No Show) ដែលផ្ទុយគ្នាស្រឡះពីក្រុមហ៊ុនផ្សេង ដែលមិនត្រឹមតែមិនផ្តល់ប្រាក់ប៉ះប៉ូវឲ្យយើង សម្រាប់ការលុបចោលការកក់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពិន័យយើង ចំពោះការលុបចោលនោះទៀតផង»។
មុខងារពិសេសដ៏មានប្រជាប្រិយភាពផ្សេងទៀត គឺ«Back-to-Back Jobs»។ មុខងារនេះ អនុញ្ញាតឲ្យអ្នកបើកបរ ទទួលយកការកក់របស់អ្នកដំណើរថ្មីម្នាក់ ក្បែរគោលដៅបច្ចុប្បន្នរបស់ខ្លួន ក្នុងពេលពួកគាត់កំពុងតែដឹកអ្នកដំណើរម្នាក់។ ការណ៍ដែលអាចទទួលយកការកក់ថ្មី ជាបន្តបន្ទាប់គ្នា មានន័យថាអ្នកបើកបរ នឹងចំណាយពេលវេលាតិច ក្នុងការរង់ចាំចន្លោះ នៃការកក់នីមួយៗ។
លោក គ្រី សីហា ដែលជាដៃគូបើកបរម្នាក់ទៀតរបស់ក្រុមហ៊ុន Grab ជិត១ឆ្នាំមកហើយ បានឲ្យដឹងថា៖«នៅពេលដែលខ្ញុំបានធ្វើដំណើរជិតទៅដល់គោលដៅ ដែលត្រូវទម្លាក់ភ្ញៀវ ខ្ញុំអាចទទួលយកការកក់របស់អ្នកដំណើរថ្មីម្នាក់ នៅមុនពេលដឹកអ្នកដំណើរបច្ចុប្បន្នរបស់ខ្ញុំ ដល់គោលដៅ។ ប្រសិនបើអ្នកដំណើរម្នាក់ មិនមកដល់ទីតាំងដែលត្រូវទៅយក ក្រោយពីការរង់ចាំរយៈពេល៥នាទីទេនោះ ខ្ញុំអាចលុបចោលការកក់នោះ ហើយ Grab នៅតែផ្តល់ប្រាក់ឈ្នួលសងវិញ ចំនួន២០០០រៀល សម្រាប់អ្នកបើកបរ»។
មុខងារពិសេសផ្សេងទៀតដែល Grab បានដាក់ឲ្យដំណើរការកាលពីពេលថ្មីៗនេះ គឺ «My Destination» ដែលមានន័យថា អ្នកបើកបរ ជ្រើសរើសគោលដៅមួយទុកមុន ដូចជាទៅផ្ទះជាដើម ហើយកម្មវិធីនេះ នឹងជួយរកការកក់ជាអាទិភាព ចំពោះអ្នកដំណើរដែលទៅគោលដៅតែមួយ ដូចអ្នកបើកបរដែរ។
លោកគីរី បានបន្ថែមថា៖«ខ្ញុំចូលចិត្តមុខងារពិសេសៗទាំងនេះ និងសង្ឃឹមថាក្រុមហ៊ុននេះ នឹងរក្សាការបង្កើតមុខងារ ដ៏មានអត្ថប្រយោជន៍ជាច្រើនទៀតបែបនេះ»។
មុខងារ «Heatmap» គឺជាមុខងារថ្មីមួយផ្សេងទៀត របស់ Grab ដែលជាមុខងារបង្ហាញពីផែនទីមួយឲ្យអ្នកបើកបរ មើលឃើញតំបន់ផ្សេងៗក្នុងទីក្រុង ពីកន្លែងផ្សេងៗ ដែលមានសកម្មភាពកក់យានជំនិះច្រើន។ ហេតុនេះ ពួកគាត់អាចទទួលបានអត្ថប្រយោជន៍ ពីកន្លែងដែលមានតម្រូវការខ្ពស់នោះ ដូចជា កន្លែងប្រគំតន្ត្រី ឬព្រឹត្តិការណ៍កីឡាជាដើម ដែលអាចមានអ្នកដំណើរច្រើន។
លោក សូត្រ សុខណា ដែលបានភ្ជាប់កម្មវិធី Grab អស់រយៈពេលច្រើនជាង១ឆ្នាំនោះ បាននិយាយថា៖ «Grab ផ្តល់នូវការលើកទឹកចិត្តជាច្រើន ដល់អ្នកបើកបរ ហើយកម្មវិធីនេះ បង្ហាញឲ្យយើងឃើញ ពីកន្លែងផ្សេងៗដែលមានការកក់ច្រើន»។
ក្រុមហ៊ុន Grab បានបញ្ជាក់ថា ផ្នែកដ៏សំខាន់មួយនៃបេសកកម្មរបស់ខ្លួន គឺការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីបង្កើតឱកាសនៃការរកប្រាក់ចំណូល សម្រាប់ដៃគូបើកបររបស់ខ្លួន ក៏ដូចជាធ្វើឲ្យសេវាជិះយានជំនិះ កាន់តែមានតម្លៃថោក សម្រាប់ប្រជាជនកម្ពុជាកាន់តែច្រើន។
លោករ៉ូណាល់ វ៉ង (Ronald Wong) នាយកប្រចាំប្រទេសកម្ពុជារបស់ក្រុមហ៊ុន Grab មានប្រសាសន៍ថា៖ «ក្នុងនាមជាក្រុមហ៊ុនបច្ចេកវិទ្យាប្រចាំតំបន់ យើងចង់ចែករំលែក និងសិក្សា ពីប្រតិបត្តិការរបស់យើងទូទាំងតំបន់នេះ ដើម្បីអភិវឌ្ឍកម្មវិធីរបស់យើងបន្ថែមទៀត និងធ្វើឲ្យសេវាជិះយានជំនិះមានសុវត្ថិភាព សន្តិសុខ មានអត្ថប្រយោជន៍ច្រើន សម្រាប់ទាំងអ្នកធ្វើដំណើរ និងដៃគូបើកបររបស់យើង»។
លោកវ៉ង មានប្រសាសន៍បន្ថែមថា៖«យើងស្តាប់ដៃគូបើកបររបស់យើង យ៉ាងយកចិត្តទុកដាក់ ដើម្បីរៀនពីពួកគាត់ ទាក់ទងនឹងបញ្ហាប្រឈមមុខពិសេសៗមួយចំនួន ដែលពួកគេជួបប្រទះ នៅរាជធានីភ្នំពេញ និងទីក្រុងសៀមរាប។ ហើយយើងពិតជាមានមោទកភាពណាស់ ចំពោះមធ្យោបាយ ដែលយើងអាចប្រើប្រាស់ឯកទេសផ្នែកបច្ចេកវិទ្យារបស់យើង ដើម្បីជួយដោះស្រាយបញ្ហាប្រឈមទាំងនេះ»៕
(អត្ថបទពាណិជ្ជកម្ម)