ជាតិ
សង្គមជាតិ
រដ្ឋមន្ត្រី​មហាផ្ទៃ ចង់​ឲ្យ​ខ្មែរ​កើន​ដល់​៣០​លាន​នាក់​, អ្នកសេដ្ឋកិច្ច​ថា ត្រូវការ​ពេល​៤០-៥០​ឆ្នាំ​ទៀត
16, Jul 2019 , 8:59 pm        
រូបភាព
សម្តេច​ ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ (ឆ្វេងដៃ) និង លោក ច័ន្ទ សុផល អ្នកវិភាគសេដ្ឋកិច្ច
សម្តេច​ ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ (ឆ្វេងដៃ) និង លោក ច័ន្ទ សុផល អ្នកវិភាគសេដ្ឋកិច្ច
ដោយ: ថ្មីៗ
​ការធ្វើជំរឿន​លើក​ទី​៣ កាលពី​អំឡុង​ខែមីនា ឆ្នាំ​២០១៩ បង្ហាញថា ប្រជាជន​កម្ពុជា​សរុប មាន​ជាង​១៥​លាន​២​សែន​នាក់​។ សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ មិនទាន់​ពេញចិត្ត​នៅឡើយ​ទេ ចំពោះ​ចំនួន​នេះ​។


 
​តាមតែ​ចិត្ត​ចង់បាន សម្តេច ស ខេង ចង់​ឲ្យ​ប្រជាជន​កម្ពុជា កើនឡើង​ដល់​ទៅ​ជាង​៣០​លាននាក់​ឯណោះ​។ នា​ពិធី​បញ្ចុះ​ខណ្ឌសីមា​ព្រះវិហារ ក្នុង​វត្ត​បុញ្ញ​ខេ​ត្តា​រាម ហៅ​វត្ត​ថ្មី នៅ​ខេត្តព្រៃវែង កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៩ សម្តេច​រដ្ឋមន្ត្រី ថ្លែងដូច្នេះ​ថា​៖«១៥​លាន​២​សែន​នាក់​ហ្នឹង តិចពេក​សម្រាប់​ខ្មែរ​យើង​។ យ៉ាងហោចណាស់​បាន​១៥​លាន​២​សែន​ពីរដង ព្រោះ​ទឹកដី​នៅ​ធំ​»​។​
 
​ដើម្បី​បាន​ចំនួន​កើនឡើង​ទ្វេដង​នេះ សម្តេច​រដ្ឋមន្ត្រី លើកទឹកចិត្ត​ឲ្យ​មានកូន​យ៉ាងតិច​៥-៦​នាក់​ជា​មធ្យម ក្នុង​មួយ​គ្រួសារ​។ សម្តេច មានប្រសាសន៍​បែបនេះ​ថា​៖«​បើ​មានកូន​ច្រើន​កាលណា ល្អ​កាល​នុ៎ង​....​តែ​យើង​ក៏ត្រូវ​គិតដល់​កត្តា​ចិញ្ចឹម​ដែរ​»​។​
 
​យ៉ាងណាក៏ដោយ រដ្ឋមន្ត្រី​រូបនេះ គ្រាន់តែ​បញ្ចេញ​ទស្សនៈ​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ ដោយ​អះអាងថា រដ្ឋាភិបាល​កម្ពុជា មិនមាន​គោលនយោបាយ​បង្ខំ​ឬ​កំណត់​ឲ្យ​ប្រជាជន មានកូន​ចំនួន​ប៉ុន្មាន ដូច​បណ្តា​ប្រទេស​ដទៃ​នោះទេ ហើយ​រដ្ឋាភិបាល​កម្ពុជា ក៏​មិន​ហាមឃាត់​ប្រជាជន ក្នុងការ​ពន្យារកំណើត​ដែរ​។ 
 
​លោក ច័ន្ទ សុផល អ្នកវិភាគ​សេដ្ឋកិច្ច យល់ថា ប្រជាជន​កម្ពុជា អាច​កើន​ឡើងដល់​ជាង​៣០​លាន​នាក់ ដូច​ការលើកឡើង​រប​ស់ស​ម្តេច ស ខេង ប៉ុន្តែ​ត្រូវការ​ពេលវេលា​យូរ​បន្តិច​។ លោក បញ្ជាក់ថា បច្ចុប្បន្ន ប្រជាជន​កម្ពុជា កើនឡើង​ប្រមាណ​១,៤​ភាគរយ​ក្នុង​១​ឆ្នាំ ដូច្នេះ លោក សន្និដ្ឋានថា ទម្រាំ​ប្រជាជន​កម្ពុជា អាច​កើន​ឡើងដល់​ជាង​៣០​លាន​នាក់ គឺ​ត្រូវការ​ពេល​យ៉ាងហោច​៤០​ទៅ​៥០​ឆ្នាំទៀត​។ 
 
​អ្នកវិភាគ​សេដ្ឋកិច្ច​រូបនេះ ក៏​ចង់​ឲ្យ​កម្ពុជា មាន​ប្រជាជន​ច្រើន​ដែរ ដើម្បី​ជួយ​ឲ្យ​សេដ្ឋកិច្ច​រឹងមាំ និង​អាច​ប្រកួតប្រជែង​ជាមួយ​ប្រទេស​ដទៃ ដូចជា​វៀតណាម ជាដើម ដែលមាន​ប្រជាជន​ដល់​ទៅជិត​១០០​លាន​នាក់​។ លោក មើលឃើញថា ប្រជាជន​ច្រើន ជា​កត្តា​មួយ​ដែល​អាច​នាំ​ឲ្យ​សម្បូរ​កម្លាំង​ពលកម្ម និង​ធនធានមនុស្ស​។ 
 
​តាមរយៈ​កិច្ច​​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ អ្នកជំនាញ​សេដ្ឋកិច្ចរូបនេះ បកស្រាយ​ថា​៖«​បើ​ប្រជាជន​យើង កើនឡើង​ទ្វេដង ក៏​ដីធ្លី​នៅ​កម្ពុជា នៅតែមាន​សមតុល្យ​ដែរ (​មិន​ខ្វះ​ដី​)​។ យើង នៅមាន​ដី​នៅ​ទំនេរ​ច្រើន ដែល​អាច​អភិវឌ្ឍ​វិស័យ​នានា និង​កសាង​លំនៅឋាន​»​។ 
 
​សូម​រម្លឹកថា ប្រជាជន​កម្ពុជាប្រមាណ១,៧លាននាក់ បាន​បាត់បង់ជីវិត នៅក្នុង​របប​ខ្មែរក្រហម​។ អំឡុង​ឆ្នាំ​១៩៧៩ គឺ​នៅក្រោយ​របប​ខ្មែរក្រហម ដួលរលំ ប្រជាជន នៅសល់​ប្រមាណ​៥​លាន​នាក់ និង​បានកើន​ឡើងដល់​ជាង​១៥​លាន​នាក់​នាពេល​បច្ចុប្បន្ន ជាមួយនឹង​កំណើន​សេដ្ឋកិច្ច​ប្រមាណ​៧,៥​ភាគរយ​។ រដ្ឋាភិបាល ប្រកាសថា  អត្រា​នៃ​ភាពក្រីក្រ បាន​ធ្លាក់​មក​នៅក្រោម​វ​ង្វ​ង់​១០​ភាគរយ​៕ 

Tag:
 ស ខេង​
  ច័ន្ទ សុផល​
  ជំរឿន​ប្រជាជន
© រក្សាសិទ្ធិដោយ thmeythmey.com