ជាតិ
២៥ខេត្ត/រាជធានី
កុងតឺន័រ​ដឹក​សំរាម​ដល់​ទៅ​៨៣​ទូ នឹងត្រូវ​បញ្ជូនទៅ​ប្រទេស​ដើម​វិញ ហើយ​អ្នក​នាំចូល​ត្រូវ​រង​ពិន័យ​
16, Jul 2019 , 8:25 pm        
រូបភាព
​ក្រសួងបរិស្ថាន និង​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ទាំង​ស្ថាប័ន​ពាក់ព័ន្ធ នៅ​រសៀល​ថ្ងៃទី​១៦ ខែកក្កដា នេះ បាន​ពិនិត្យឃើញ​កុង​ទឺ​ន័​រ​ដល់​ទៅ​៨៣​ទូ​នៅ​ផែ​ព្រះសីហនុ មាន​ផ្ទុក​កាកសំណល់​សំរាម​នាំចូល​ពី​បរទេស​។ បើតាម​លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ​ក្រសួងបរិស្ថាន សមត្ថកិច្ច​នឹង​កំណត់​ប្រភព​កុងតឺន័រ​ហើយនឹង​ត្រូវ​បញ្ជូនទៅ​ប្រភពដើម​វិញ ខណៈ​ក្រុមហ៊ុន​នាំចូល​ត្រូវ​រង​ការផាកពិន័យ​។ ជាមួយគ្នានេះ ក្រសួងបរិស្ថាន​និង​សមត្ថកិច្ច ពាក់ព័ន្ធ​នឹងធ្វើ​ការស៊ើបអង្កេត​ស៊ីជម្រៅ​បន្ថែមទៀត​ដើម្បី​ស្វែងរក​ប្រភព និង​ឫសគល់​ដែលនាំឱ្យ​មានការ​នាំចូល​សំណល់​សំរាម​នេះ​មកកាន់​ប្រទេស​កម្ពុជា​។



​កម្ពុជា នឹង​បញ្ជូន​ទូ​កុងតឺន័រ​ដែល​ផ្ទុក​សំណល់​សំរាម ចំនួន ៨៣ កុងតឺន័រ​ទៅ​ប្រភពដើម​វិញ​។ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន បញ្ជាក់ថា​ សមត្ថកិច្ច​ពា​ក់​ព័ន្ធ​ នឹង​បើក​ការស៊ើបអង្កេតស៊ីជម្រៅ ដើម្បីស្វែងរក​ប្រភព និង​ឫសគល់ ដែល​នាំ​ឲ្យ​មានការ​នាំចូល​សំណល់​សំរាម​នេះមក​កម្ពុជា​។ លោក នេត្រ ភក្ត្រា​បន្ថែមថា​៖«​សមត្ថកិច្ច នឹង​កំណត់ថា​ទំនិញ​ហាមឃាត់​ទាំងនេះ មកពី​ប្រភព​ណា ហើយ​ត្រូវ​បញ្ជូនទៅ​ប្រភពដើម​វិញ​»​។​ តាម​អ្នកនាំពាក្យ​ដដែល អាជ្ញាធរ​កម្ពុជា នឹង​ពិន័យ​តាមច្បាប់ ចំពោះ​ក្រុមហ៊ុន​ដែល​នាំ​សំរាម​មក​កម្ពុជា​ផងដែរ​។​
 
នៅ​រសៀល​ថ្ងៃទី​១៦ កក្កដា កម្លាំង​សមត្ថកិច្ច​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​សហការ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ ដឹកនាំ​ដោយ​លោក គុណ ញឹម​, លោក សាយ សំ​អាល់​, លោក គួច ចំរើន​, លោក លូ គឹមឈុន បាន​បង្ក្រាប និង​គាស់​ទូ​កុងតឺន័រ​ចំនួន ៨៣​ទូ ដែល​ផ្ទុក​សំរាម​នាំចូល​ពី​បរទេស នា​កំពង់ផែ​ខេត្ត​ព្រះសីហនុ​។ ប្រតិបត្តិ​ការបង្ក្រាប និង​គាស់​ទូ​កុងតឺន័រ​នេះ ធ្វើឡើង​ដើម្បី​ទប់ស្កាត់​ទំនិញ​ហាមឃាត់​ចូលមក​កម្ពុជា​។​
 
​សូមបញ្ជាក់ថា នាពេល​កន្លងទៅ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​លើកឡើងថា រាជរដ្ឋាភិបាល​កម្ពុជា មិន​អនុញ្ញាត​ឲ្យ​មានការ​នាំចូល​សំណល់​ប្លា​ស្ទិ​កមក​កែច្នៃ​នៅ​កម្ពុជា ជាដាច់ខាត​។ សម្តេច ហ៊ុន សែន បានបញ្ជាក់​ដូច្នេះ​៖«​កម្ពុជា មិនមែនជា​ធុងសំរាម សម្រាប់​ការបោះ​ចោល​បច្ចេកវិទ្យា​ហួស​សម័យ​នោះទេ ហើយ​រដ្ឋាភិបាល​ជំទាស់​ជានិច្ច នឹង​ការ​នាំចូល​សំណល់​ប្លា​ស្ទិ​ក និង​ប្រេងម៉ាស៊ីន​មក​កែច្នៃ​នៅ​កម្ពុជា​»៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com