អន្តរជាតិ
ជប៉ុន ចង់​ជួយ​ដោះស្រាយ​បញ្ហា​សំរាម​របស់​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍
17, Jul 2019 , 8:59 pm        
រូបភាព
ប្រភពរូប៖ Asian Nikkei
ប្រភពរូប៖ Asian Nikkei
ដោយ:
​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដូចជា ហ្វីលីពីន វៀតណាម និង​ឥណ្ឌូណេស៊ី កំពុង​ក្លាយជា​ទីផ្សារ​ដ៏​មាន​សក្តានុពល​ស​ម្រា​ប់រោ​ង​ចក្រ​ប្រែក្លាយ​សំណល់​ទៅជា​ថាមពល​របស់​ជប៉ុន ។ តាមរយៈ​គម្រោង​ដៃគូ​ឯកជន​-​រដ្ឋ​ថ្មី​មួយ​របស់ខ្លួន ជប៉ុន សង្ឃឹម​នឹង​ប្រើប្រាស់​ជំនាញ​ក្នុង​វិស័យ​កែច្នៃ​នេះ ដើម្បី​បង្កើត​ទៅជា​កាលានុវត្តភាព​។​

 
​ចាប់តាំងពី​សេដ្ឋកិច្ច​ខ្លួន មាន​សន្ទុះ​ខ្លាំងក្លា ក្នុងអំឡុង​ទសវត្សរ៍​ឆ្នាំ ១៩៦០​មក ប្រទេស​ជប៉ុន បាន​ប្រយុទ្ធ​ប្រឆាំងនឹង​បញ្ហា​សំណល់ ដោយ​បណ្តា​ក្រុមហ៊ុន​ជប៉ុន បាន​អភិវឌ្ឍ​រោងចក្រ​ផលិត​ថាមពល ដែល​ទាញ​ផល​ពី​សំណល់​។ វិធានការ​នេះ ក៏​ចូលរួម​កាត់បន្ថយ​បញ្ហា​ការបំពុល​ខ្យល់​ផងដែរ​។ 
 
​បច្ចុប្បន្ននេះ ជប៉ុន  មាន​រោងចក្រ​ប្រែក្លាយ​សំរាម​ឲ្យ​ទៅជា​ថាមពល​ចំនួន ៣៨០​កន្លែង ដែល​ស្មើនឹង​ជាង ៣០​ភាគរយ​នៃ​ទីតាំង​កែច្នៃ​សំណល់​នៅ​ទូទាំងប្រទេស​។ តួលេខ​នេះ បាន​កើនឡើង​ច្រើនជាង ២០​ភាគរយ​ក្នុង​រយៈពេល​១០​ឆ្នាំ​ចុង​ក្រោយនេះ ។ នេះ​បើតាម​របាយការណ៍​រប​ស់​ក្រសួងបរិស្ថាន​ជប៉ុន​។ 
 
​យោងតាម​ការចុះផ្សាយរ​បស់​កាសែត​ជប៉ុន Asian Nikkei កាលពី​ចុងខែ​មិថុនា​កន្លងទៅ រដ្ឋាភិបាល​ជប៉ុន កំពុង​បង្កើត​គម្រោង​ភាពជា​ដៃគូ​រដ្ឋ​-​ឯកជន ដើម្បី​ផ្តល់​សន្ទុះ​ដល់​ការនាំចេញ​រោងចក្រ​ប្រែក្លាយ​សំណល់​ទៅ​ថាមពល ទៅកាន់​តំបន់​អាស៊ីអាគ្នេយ៍​។ គម្រោង​នេះ ក៏​នឹង​ផ្តល់​ឲ្យ​អ្នកទិញ​នូវ​សេវាកម្ម​មួយចំនួន រួមមាន ការប្រមូល​សំរាម ការបែងចែក​សំរាម ការកែច្នៃ​សំរាម​ឡើងវិញ និង​ដំណោះស្រាយ​ដើម្បី​កាត់បន្ថយ​សំណល់ ដែល​អនុវត្ត​ប្រកបដោយ​ភាពជោគជ័យ​ក្នុងប្រទេស​ជប៉ុន​។​
 
​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ គម្រោង​រោងចក្រ​ប្រែក្លាយ​សំណល់​ទៅជា​ថាមពល​នេះ ធ្លាប់​ត្រូវបាន​ណែនាំ​ទៅកាន់​ប្រទេស​មួយចំនួន ដូចជា សិង្ហ​បុរី និង​ថៃ​។ យ៉ាងណាមិញ ប្រទេស​ទាំងនេះ ហាក់​ពុំ​ខ្វល់ខ្វាយ​នឹង​បច្ចេកវិទ្យា​ប្រភេទ​នេះ ដោយសារតែ​ថ្លៃ​ចំណាយ​ខ្ពស់​លើ​ការស្ថាបនា និង​ការថែទាំ​។ 
 
​ទោះជា​បែបនេះ​ក្តី គម្រោង​បៃតង​នេះ ទទួលបាន​ការចាប់អារម្មណ៍​ជាខ្លាំង នាពេល​ចុងក្រោយ ខណៈ​កំណើនសេដ្ឋកិច្ច​ដ៏​ក្លៀវក្លា​របស់​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ បង្ក​ប៉ះពាល់​ជាខ្លាំង​ដល់​បរិស្ថាន ជាពិសេស​បញ្ហា​សំរាម​។​
 
​អង្គការ​កិច្ចសហប្រតិបត្តិការ​ហិរញ្ញវត្ថុ​អន្តរជាតិ (IFC)  ដែល​សមាជិក​នៃ World Bank Group បាន​ព្យាករ​ថា ទីផ្សារ​សាកល​ស​ម្រា​ប់រោ​ង​ចក្រ​ទាំងនេះ នឹង​ពង្រីក​ពី​៧,៤​ពាន់​លាន​ដុល្លារ ក្នុង​ឆ្នាំ ២០១៣ ទៅកាន់ ៨០​ពាន់​លាន​ដុល្លារ ក្នុង​ឆ្នាំ ២០២២​។ 
 
​ស្របពេល​ដែល​ចិន កំពុង​ស្វែងរក​ទីផ្សារ​សម្រាប់​បច្ចេកវិទ្យា​ប្រែក្លាយ​សំរាម​ទៅជា​ថាមពល​របស់ខ្លួន ជប៉ុន​ឯណោះ​វិញ ក៏​កំពុងផ្តល់​នូវ​កញ្ចប់​រួមមួយ ដែល​រាប់បញ្ចូល​ប្រព័ន្ធ​កម្ចាត់​ចោល​សំណល់ ការហ្វឹកហាត់ ក៏ដូចជា​ការកែច្នៃ​ឡើងវិញ និង​សេវាកម្ម​ផ្សេងទៀតៗ​ផងដែរ​។ 
 
​តាម​ការចុះផ្សាយ​របស់​កាសែត Asian Nikkei ក្រសួងបរិស្ថាន​ជប៉ុន បានដាក់​បញ្ចូល ១៨,៤៩​លាន​ដុល្លារ​ក្នុង​កញ្ចប់​ថវិកាជាតិ​ឆ្នាំ​២០១៩​របស់ខ្លួន ដើម្បី​គាំទ្រ​ការស្ទង់មតិ និង​សកម្មភាព​នានា ពាក់ព័ន្ធ​នឹង​ការដាក់​ដេញថ្លៃ​គម្រោង​កែច្នៃ​សំរាម​ឲ្យ​ក្លាយជា​ថាមពល​ក្នុង​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។ 
 
​សម្រាប់​ប្រទេស​វៀតណាម ជប៉ុន មាន​គម្រោង​ដោះស្រាយ​បញ្ហា​បំពុល​ទឹក​ក្រោម​ដី រួមមាន​ការពង្រឹង​ប្រព័ន្ធ​បង្ហូរទឹក​សម្អុយ​ជាដើម​។ ក្រសួងបរិស្ថាន​ជប៉ុន មាន​គម្រោង​ប្រើប្រាស់​ទីក្រុង​ហាណូយ ជាទី​ក្រុង​គំរូ​សម្រាប់​គំនិត​ផ្តួចផ្តើម​នេះ​។ រីឯ ឥណ្ឌូណេស៊ី មាន​បញ្ហា​សំរាម​ធ្ងន់ធ្ងរ​។ ជា​លទ្ធផល សំណល់​ប្លា​ស្ទិ​ក និង​សំណល់​ពុល កំពុង​ហូរ​ចាក់​ទៅកាន់​មហាសមុទ្រ​។ ក្រសួងបរិស្ថាន​ជប៉ុន កំពុង​សិក្សា​លើ​បរិមាណ​សរុប​នៃ​សំរាម​របស់​ប្រទេស​នេះ ។ 
 
​ចំណែក​ក្នុងប្រទេស​ហ្វីលីពីន ការគ្រប់គ្រង​សំរាម​មិនបាន​ត្រឹមត្រូវ ដែល​បង្កើតជា​ការបំពុល​ខ្យល់ និង​ទីតាំង​គំនរ​សំរាម​ច្រើន​លើសលប់ បង្ក​ផលប៉ះពាល់​ដល់​សុខភាព​មនុស្ស​។ សម្រាប់​បញ្ហា​នេះ ជប៉ុន នឹង​ផ្តល់​ឲ្យ​នូវ​បច្ចេកវិទ្យា​គ្រប់គ្រង​សំរាម ដែល​បង្កា​ការបញ្ចេញ​ផ្សែង​ពុល និង​សារធាតុពុល​នានា ដែល​កើតចេញពី​សំរាម​ទាំងនោះ​។ បច្ចុប្បន្ននេះ ជប៉ុន បានបញ្ចប់​ការសិក្សារ​រួចរាល់​ស្តីពី​ស្ថានការណ៍​ក្នុងប្រទេស​ហ្វីលីពីន​៕

Tag:
 ជប៉ុន​
  សំរាម​
  អាស៊ីអាគ្នេយ៍​
© រក្សាសិទ្ធិដោយ thmeythmey.com