ប្រយ័ត្ន​! កំហុស​នៃ​ការ​គេង​ទាំង ៨ ដែល​បំផ្លាញ​សុខភាព​
ពីនេះ ពីនោះ / មិនយល់...!
ព័ត៍មានសុខភាព
ប្រយ័ត្ន​! កំហុស​នៃ​ការ​គេង​ទាំង ៨ ដែល​បំផ្លាញ​សុខភាព​
19, Jul 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ភាគច្រើន​នៃ​ពួកយើង​សុទ្ធតែ​ដឹងថា ការ​គេង គឺ​សំខាន់​ណាស់​ចំពោះ​សុខភាព​រាងកាយ​។  ទោះជា​យ៉ាងណា​មិន​ត្រឹមតែ​ការ​គេង​មិន​គ្រប់គ្រាន់​នោះទេ​ដែល​បង្ក​ផលប៉ះពាល់​ចំពោះ​សុខភាព ប៉ុន្តែ​ទម្លាប់​មួយចំនួន​នៅពេល​គេង​ក៏​ជះឥទ្ធិពល​គួរ​ឲ្យ​ព្រួយបារម្ភ​ផងដែរ​។ ថា​តើ​ទម្លាប់​អ្វី​ខ្លះទៅ​ដែល​អ្នក​មិនគួរ​ធ្វើ​នៅពេល​គេង​?



កុំ​បារម្ភ​! ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឲ្យ​ដឹង​ពី​សកម្មភាព​ដែល​អ្នក​គួរ​ឈប់​ធ្វើ​កំឡុងពេល​គេង​ជៀសវាង​បញ្ហា​មិនល្អ​កើតឡើង ៖
 
១. គេង​ទាំង​គ្រឿងសម្អាង​លើ​មុខ​
 
​ស្ត្រី​ភាគច្រើន​មាន​ទម្លាប់​មិនល្អ​មួយ​ដោយ​គេង​ទាំង​មិន​លាង​គ្រឿង​តុបតែង​ចេញពី​មុខ​។ ការ​គេង​ទាំង​គ្រឿងសម្អាង​បែបនេះ​បង្ក​ផលប៉ះពាល់​ដល់​ស្បែក​មុខគួរ​ឲ្យ​ព្រួយបារម្ភ​ដែល​មិន​ត្រឹមតែ​ជះឥទ្ធិពល​ដល់​ស្រទាប់​កូ​ឡា​ជែ​ន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​នាំ​ឲ្យ​កើតរោគ​មុន​ដោយសារតែ​ការស្ទះ​រន្ធ​ញើស​ផង​
​ដែរ​។​
 
២. ទទួលទាន​កាហ្វេ​អ៊ី​ន​មុនពេល​ចូល​គេង​
 
​ប្រសិនបើ​អ្នកជា​មនុស្ស​ញៀន​កាហ្វេ​នោះ អ្នក​ប្រាកដជា​ងាយ​នឹង​ជួបប្រទះ​បញ្ហា​ពិបាក​ក្នុងការ​គេង​លក់​នៅពេល​យប់​មិន​ខាន ពិសេស​ប្រសិនបើ​ទទួលទាន​ភេសជ្ជៈ​កាហ្វេ​អ៊ី​ន​ណាមួយ​មុនពេល​ចូល​គេង​។ កាហ្វេ​ត្រឹម​មួយ​ពែង​អាច​ស្ថិតក្នុង​រាងកាយ​យ៉ាងហោចណាស់ ៦ ម៉ោង​ឯណោះ​។ ឧទាហរណ៍​ប្រសិនបើ​អ្នក​ទទួលទាន​កាហ្វេ​នៅ​ម៉ោង ៤ ល្ងាច នោះ​មានន័យថា​ជាតិ​កាហ្វេ​អ៊ី​ន​អាចធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​ស្វាយ​ដល់​ម៉ោង ១០ យប់​។ លើសពីនេះ​ទៀត​ការផលិត​អ័រម៉ូន​គ្រប់គ្រង​វដ្ត​នៃ​ការ​គេង​មេ​ឡា​តូ​នី​ន​ក៏​ត្រូវបាន​ទប់ស្កាត់​ដែល​នាំ​ឲ្យ​មាន​បញ្ហា​ក្នុងការ​គេង​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ​កុំ​ទទួលទាន​កាហ្វេ​នៅមុន​ពេល​ចូល​គេង​។​
 
៣. គេង​បើកភ្លើង​
 
​មនុស្ស​មួយចំនួន​មិនអាច​គេង​ដោយ​មិន​បើកភ្លើង​បានឡើយ​។ ទោះជា​យ៉ាងណា ការ​គេង​បើកភ្លើង ឬ​សូម្បី​តែមាន​ពន្លឺ​តែ​បន្តិច​ក៏ដោយ​នៅពេល​គេង​អាច​ជះឥទ្ធិពល​ដល់​គុណភាព​នៃ​ការ​គេង ព្រម​ថែមទាំង​បណ្ដាល​ឲ្យ​កើន​ទម្ងន់​ទៀតផង​។ នោះ​ក៏​ព្រោះតែ​អ័រម៉ូន​ស្ត្រេ​ស Cortisol ដំណើរការ​មុខងារ​មិន​ប្រក្រតី​នៅពេល​អ្នក​គេង​បើកភ្លើង​។​
 
៤. ទទួលទាន​អាហារ​នៅពេល​ជិត​ចូល​គេង​
 
​ការទទួល​ទាន​អាហារ​នៅពេល​យប់​ជ្រៅ ឬ​មុនពេល​ចូល​គេង​បន្តិច​មិន​ត្រឹមតែ​បង្ក​ផលប៉ះពាល់​ដល់​ការ​គេង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជះឥទ្ធិពល​លើ​ដំណើរការ​នៃ​ការរំលាយ​អាហារ​ផងដែរ​។​
 
៥. ធ្វើ​លំ​ហាត់ប្រាណ​ខ្លាំងក្លា​
 
​ការធ្វើ​លំ​ហាត់ប្រាណ​ទៀងទាត់ គឺ​ចាំបាច់​ណាស់​សម្រាប់​ការគ្រប់គ្រង​ទម្ងន់ ក៏ដូចជា​រក្សា​សុខភាព​ល្អប្រសើរ​។ ទោះជា​យ៉ាងណា ការធ្វើ​លំ​ហាត់​ខ្លាំងក្លា​អាច​បន្ថយ​កម្រិត​នៃ​ថាមពល បង្កើន​សីតុណ្ហភាព​រាងកាយ និង​ទប់ស្កាត់​ការបញ្ចេញ​អ័រម៉ូន​ដែល​ធ្វើ​ឲ្យ​អ្នក​ពិបាក​គេង​លក់​។​
 
៦. ស្លៀកពាក់​សម្លៀកបំពាក់​រឹប​តឹង​នៅពេល​គេង​
 
​តើ​អ្នក​ធ្លាប់​ដឹង​ទេ​ការ​គេង​ស្រាត​អាចធ្វើ​ឲ្យ​ការ​គេង​របស់​អ្នក​កាន់តែ​ប្រសើរឡើង​? នោះ​ក៏​ព្រោះតែ​ការ​ស្លៀក​សម្លៀកបំពាក់​រឹប​តឹង​អាច​បណ្ដាល​ឲ្យ​អ្នកមាន​អារម្មណ៍​គ្មាន​ផាសុកភាព ហើយ​បង្កើន​សីតុណ្ហភាព​រាងកាយ​។ វា​ក៏​ជះឥទ្ធិពល​ដល់​ការបញ្ចេញ​អ័រម៉ូន​មេ​ឡា​តូ​នី​ន​ដែល​ទទួលទាន​ខុសត្រូវ​ចំពោះ​ការ​គេង ឬ​ដំណេក​ផងដែរ​។​
 
៧. គេង​ដោយ​ចង​សក់​យ៉ាង​តឹង​
 
​ការ​គេង​ដោយ​ចង​សក់​ឡើង​តឹង​ពេក​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​មិន​ស្រួល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏បង្ក​បញ្ហា​ជ្រុះ​សក់​គួរ​ឲ្យ​ព្រួយបារម្ភ​ទៀតផង​។​

៨. គេង​ថ្ងៃ​
 
​ការ​គេង​សម្រាក​ពេល​ថ្ងៃ គឺ​មិនអាក្រក់​អ្វី​ឡើយ ប៉ុន្តែ​ប្រសិនបើ​ច្រើនពេក​នោះ​វា​ក៏​អាច​បណ្ដាល​ឲ្យ​អ្នក​ពិបាក​គេង​លក់​នៅពេល​យប់ ហើយ​ជះឥទ្ធិពល​អវិជ្ជមាន​ចំពោះ​សុខភាព​ដោយសារ​ការ​គេង​មិន​គ្រប់គ្រាន់​ជាមិនខាន​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ កុំ​គេង​ថ្ងៃ​លើសពី ២០ នាទី​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com