អន្តរជាតិ
លោក Pompeo នឹងធ្វើ​ទស្សនកិច្ច​ទៅកាន់​តំបន់​អាមេរិក​ឡាទីន​នៅ​ចុង​សប្ដាហ៍​នេះ​
19, Jul 2019 , 7:59 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Mike Pompepo​ (រូបភាព៖ AFP)
រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Mike Pompepo​ (រូបភាព៖ AFP)
ដោយ: VOA
​អ្នកនាំពាក្យ​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក​អ្នកស្រី Morgan Ortagus បាន​ជូនដំណឹង​លំអិត​អំពី​ដំណើរ​ទស្សនកិច្ច​នេះ ដែល​នឹង​ចាប់ផ្ដើម​នៅ​ចុង​សប្ដាហ៍​នេះ​។​

 
​រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក​លោក Mike Pompeo នឹងធ្វើ​ដំណើរ​ទៅកាន់​តំបន់​អាមេរិក​ឡាទីន ដើម្បី​ជួបពិភាក្សា​ជាមួយនឹង​មេដឹកនាំ​នានា​នៅ​ទីនោះ ស្រប​ពេលដែល​មានការ​ចរចា​តឹងតែង​ជាមួយនឹង​ប្រទេស​ម៉ិ​ក​ស៊ិ​ក និង​បណ្ដា​ប្រទេស​ផ្សេងទៀត​នៅ​ទ្វីបអាមេរិក​កណ្ដាល​ពាក់​ព័ន្ធ​នឹង​ការស្វែងរក​វិធី​បញ្ឈប់​លំហូរ​របស់​ជន​ចំណាកស្រុក​អាមេរិក​ឡាទីន​ដែល​ធ្វើដំណើរ​សំដៅទៅ​កាន់​ព្រំដែន​ភាគខាងត្បូង​សហរដ្ឋអាមេរិក​។​
 
​អ្នកនាំពាក្យ​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក​អ្នកស្រី Morgan Ortagus បាន​ជូនដំណឹង​លំអិត​អំពី​ដំណើរ​ទស្សនកិច្ច​នេះ ដែល​នឹង​ចាប់ផ្ដើម​នៅ​ចុង​សប្ដាហ៍​នេះ​។​
 
​អ្នកស្រី​ថ្លែង​នៅក្នុង​សន្និសីទ​ព័ត៌មាន​ប្រចាំថ្ងៃ​យ៉ាង​ដូច្នេះ​ថា​៖ «​ចាប់ពី​ថ្ងៃទី ១៩ ដល់​ថ្ងៃទី ២១ ខែកក្កដា លោក​រដ្ឋមន្ត្រី​នឹងធ្វើ​ទស្សនកិច្ច​ទៅកាន់​ទីក្រុង Buenos Aires ប្រទេស​អា​ហ្ស​ង់​ទីន ប្រទេស​អេក្វាទ័រ ទីក្រុង Mexico City នៃ​ប្រទេស​ម៉ិ​ក​ស៊ិ​ក និង​ទីក្រុង San Salvador ប្រទេស​អែល​សាល់​វា​ឌ័​រ ដែល​នៅ​ទីនោះ លោក​នឹង​ពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​បញ្ហា​សន្តិសុខ​នានា ពង្រឹង​ការប្ដេជ្ញា​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ ជាពិសេស​គាំទ្រ​ប្រជាពលរដ្ឋ​គុយបា នី​កា​រ៉ា​ហ្គ័​រ និង​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា និង​គាំទ្រ​ការតស៊ូ​របស់​ពួកគេ​ដើម្បី​សេរីភាព ក៏ដូចជា​បង្កើន​ភាពជា​ដៃគូ​សេដ្ឋកិច្ច និង​ពង្រីក​ឱកាស​សេដ្ឋកិច្ច​សម្រាប់​ពលរដ្ឋ​អាមេរិកាំង​ផងដែរ​»​។​
 
​នៅក្នុង​ប្រទេស​អា​ហ្ស​ង់​ទីន លោក Pompeo នឹងចូលរួម​នៅក្នុង​សន្និសីទ​ប្រឆាំង​ភេរវកម្ម​ជាមួយនឹង​សម្ព័ន្ធមិត្ត​នានា​នៅក្នុង​តំបន់ ហើយ​លោក​គ្រោង​នឹង​ប្រារព្ធ​ខួប​ទី ២៥ នៃ​ការទម្លាក់​គ្រាប់បែក​លើ​មជ្ឈមណ្ឌល​ជ្វី​ហ្វ​នៅក្នុង​ទីក្រុង Buenos Aires ដែល​បានសម្លាប់​មនុស្ស ៨៥ នាក់ ផងដែរ​។​
 
​បញ្ហា​ចំណាកស្រុក​ទំនងជា​បញ្ហា​ដ៏​ធំ​សម្រាប់​ការពិភាក្សា​របស់លោក​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ផ្សេងទៀត​។ អ្នកវិភាគ​ខ្លះ​ថា សហរដ្ឋអាមេរិក​ត្រូវតែ​ដោះស្រាយ​បញ្ហា​ឫសគល់​ដែល​ជំរុញ​ឲ្យ​មនុស្ស​ធ្វើ​ចំណាកស្រុក​សំដៅ​មក​សហរដ្ឋអាមេរិក​នេះ​៕​

សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com