អន្តរជាតិ
កងទ័ព​ថៃ ប្រកាស​គាំទ្រ​រដ្ឋាភិបាល​ស៊ីវិល​របស់​នាយករដ្ឋមន្ត្រី ប្រា​យុទ្ធ
19, Jul 2019 , 2:36 pm        
រូបភាព
ឆ្វេងទៅស្ដាំ៖ លោក Chaiyapruk Ditsayasarin មេទ័ពជើងអាកាស, លោក Apirat Kongsompong មេទ័ពជើងគោក, លោក Luechai Ruddit មេទ័ពជើងទឹក, លោក Chakthip Chaichinda មេប៉ូលិសជាតិ ឈរអមលោក Pornpipat Benyasri (មុខ)។ រូបភាព thainews.prd.go.th
ឆ្វេងទៅស្ដាំ៖ លោក Chaiyapruk Ditsayasarin មេទ័ពជើងអាកាស, លោក Apirat Kongsompong មេទ័ពជើងគោក, លោក Luechai Ruddit មេទ័ពជើងទឹក, លោក Chakthip Chaichinda មេប៉ូលិសជាតិ ឈរអមលោក Pornpipat Benyasri (មុខ)។ រូបភាព thainews.prd.go.th
​កងទ័ព​ថៃ នៅ​ថ្ងៃទី​១៨ ខែកក្កដា បានបង្ហាញ​ជំហរ​គាំទ្រ​រដ្ឋាភិបាល​ស៊ីវិល​ថ្មី​ដែល​ដឹកនាំ​អតីត​មេដឹកនាំ​រដ្ឋប្រហារ​ឆ្នាំ​២០១៤ ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ចន្ទ​អូ​ចា ។ អ្នកនាំពាក្យ​កងទ័ព​ភូមិន្ទ​ថៃ ប្រកាស​ជំហរ​បែបនេះ​ក្រោយ​ជំនួប​របស់​ប្រមុខ​កងទ័ព​កំពូល​របស់​យោធា​ថៃ ដោយ​បញ្ជាក់ថា កងទ័ព​នឹង​ធ្វើជា​ឧបករណ៍​បម្រើ​រដ្ឋាភិបាល ដោះស្រាយ​បញ្ហា និង​អនុវត្តតាម​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល​កំពុង​ដឹកនាំ​ប្រទេស​ផងដែរ​។​

 
​អគ្គមេបញ្ជាការ​កងទ័ព​ភូមិន្ទ​ថៃ នាយ​ឧ​ត្ត​ម​សេនីយ៍ Pornpipat Benyasri បាន​កោះប្រជុំ​ប្រមុខ​កងទ័ព​នៅ​ថ្ងៃទី​១៨ ខែកក្កដា ដើម្បី​ជជែក​ពី​តួនាទី​របស់​កងទ័ព​ក្នុង​អាណត្តិ​រដ្ឋាភិបាល​ស៊ីវិល​ថ្មី​។ មេទ័ព​សំខាន់ៗ​ដូចជា មេ​បញ្ជា​កងទ័ពជើងគោក​ដ៏​មាន​ឥទ្ធិពល នាយ​ឧ​ត្ត​ម​សេនីយ៍ Apirat Kongsompong, មេបញ្ជាការ​ទ័ពជើងទឹក នាយ​ឧ​ត្ត​មនា​វី Ruechai Ruddit, ប្រមុខ​ទ័ពអាកាស នាយ​ឧ​ត្ត​ម​សេនីយ៍  Chaipruek Dissayasarin និង​អគ្គស្នងការ​ប៉ូលិស​ជាតិ Chakthip Chaijinda សុទ្ធ​តែមាន​វត្តមាន​។​
 
​នេះ​ជា​ជំនួប​មេទ័ព​កំពូលៗ​លើកទីមួយ ក្រោយ​ការចូល​ដឹកនាំ​ប្រទេស​របស់​រដ្ឋាភិបាល​ថ្មី​ដែល​ដឹកនាំ​ដោយ​នាយករដ្ឋមន្ត្រី ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ចន្ទ​អូ​ចា ។ លោក ប្រា​យុទ្ធ ដែល​កាលពី​ប្រាំ​ឆ្នាំមុន​ដឹកនាំ​កងទ័ព​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋា​ភិ​បាល​ស៊ីវិល​អតីត​នាយករដ្ឋមន្ត្រី យី​ង​ឡាក់ ស៊ីណា​វ៉ា​ត់ ហើយ​គ្រប់គ្រង​ប្រទេស​ក្រោម​របប​សឹក​នោះ នឹង​ដឹកនាំ​ប្រទេស​សម្រាប់​អាណត្តិ​បួន​ឆ្នាំ​ខាងមុខ​ក្នុងនាម​ជា​នាយករដ្ឋមន្ត្រី​ស៊ីវិល​វិញ​ម្ដង​។ 
 
​បើតាម​សារព័ត៌មាន​ថៃ​បាងកក​ប៉ុស្តិ៍ អ្នកនាំពាក្យ​កងទ័ព​ភូមិន្ទ​ថៃ Krit Chantharaniyom ប្រាប់​អ្នកសារព័ត៌មាន​ថៃ ថា កិច្ចប្រជុំ​មេទ័ព​កំពូល​នេះ បាន​យល់ព្រម​ឲ្យ​កងទ័ព​បន្ត​រក្សា​តួនាទី​ជា​ឧបករណ៍​របស់​រដ្ឋាភិបាល​ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រទេសជាតិ​។ អ្នកនាំពាក្យ​រូបនេះ​បន្តថា កងទ័ព​នឹង​ប្រកាន់ខ្ជាប់​ការប្ដេជ្ញាចិត្ត​របស់ខ្លួន​ក្នុងការ​ការពារជាតិ សាសនា មហាក្សត្រ និង​ប្រជាជន ហើយ​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​អនុវត្តតាម​គោលនយោបាយ​រដ្ឋាភិបាល​ថ្មី​។​
 
​ការប្រកាស​គាំទ្រ​រដ្ឋាភិបាល​របស់​ក​ង​ទ័ព​ខាងលើនេះ ទំនងជា​ធ្វើ​ឲ្យ​លោក ប្រា​យុទ្ធ ធូរចិត្ត​ខ្លាំង ហើយ​ដឹកនាំ​ប្រទេស​ដោយ​មិនបាច់​ភ័យព្រួយ​រឿង​រដ្ឋប្រហារ​ឡើយ​។ ទំនង​ក្នុង​គោលដៅ​ទប់ស្កាត់​រឿង​អកុសល​បែបនេះ លោក ប្រា​យុទ្ធ ក៏​ទាញ​កៅអី​រដ្ឋមន្ត្រី​ការពារជាតិ​មក​អង្គុយ​មួយ​ថែមទៀត លើ​កៅអី​នាយករដ្ឋមន្ត្រី​របស់ខ្លួន​។ 
 
​កន្លងមក យោធា​ថៃ​ក៏​ធ្លាប់​ប្រកាស​គាំទ្រ​រដ្ឋាភិបាល​ស៊ីវិល​ពេញទំហឹង​ដែរ ទោះ​នរណា​ធ្វើ​នាយករដ្ឋមន្ត្រី​ក្ដី​។ ការងារ​របស់​កងទ័ព​ថៃ គឺ​ដើរ​តាម​រដ្ឋាភិបាល​ថ្មី ដោយ​មិន​ខ្វល់​ពី​និន្នាការ​ឡើយ ហើយ​អនុវត្តតាម​ការចង្អុល​បង្ហាញ​របស់​រដ្ឋាភិបាល​ថ្មី​ទៀតផង​។ ប៉ុន្តែ​អ្វីដែល​មើលឃើញ​នោះ កងទ័ព​ថៃ នៅតែ​សំលឹង​ការងារ​នយោបាយ​មិន​ដាក់​ភ្នែក ហើយ​ត្រៀម​អន្តរាគមន៍​ដោះស្រាយ​បញ្ហា​ដូចដែល​ធ្លាប់​នៅ​ឆ្នាំ​២០១៤ ពេល​វិបត្តិ​នយោបាយ​ឡើងក​ម្ដៅ ហើយ​កងទ័ព​ធ្វើ​រដ្ឋប្រហារ​ដើម្បី​ស្ថិរភាព​តែម្ដង​៕ 

Tag:
 ថៃ​
  ប្រា​យុទ្ធ ចន្ទ​អូ​ចា
© រក្សាសិទ្ធិដោយ thmeythmey.com