រដ្ឋបាល​សៀមរាប ប្រាប់​ឲ្យ​អ្នក​ចិញ្ចឹម​ក្រពើ រៀបចំ​បច្ចេកទេស​ឱ្យ​ត្រឹមត្រូវ ចៀសវាង​គ្រោះថ្នាក់​ណាមួយ
ជាតិ
រដ្ឋបាល​សៀមរាប ប្រាប់​ឲ្យ​អ្នក​ចិញ្ចឹម​ក្រពើ រៀបចំ​បច្ចេកទេស​ឱ្យ​ត្រឹមត្រូវ ចៀសវាង​គ្រោះថ្នាក់​ណាមួយ
20, Jul 2019 , 3:59 pm        
រូបភាព
​សៀមរាប​៖ រដ្ឋបាល​ខេត្តសៀមរាប បានចេញ​សេចក្ដីណែនាំ​មួយ​ដោយ​ឱ្យ​អ្នក​ចិញ្ចឹមសត្វ​ក្រពើ​ទាំងអស់​ក្នុង​ខេត្ត​នេះ រៀបចំ​ទ្រុង ឬ​អាង​ចិញ្ចឹម​ក្រពើ​ឱ្យបាន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស​។ រដ្ឋបាល​ខេត្តសៀមរាប​សង្កេតឃើញថា បច្ចុប្បន្ននេះ​ការរៀបចំ​របស់​អ្នក​ចិញ្ចឹម​ក្រពើ​មិនទាន់​សមស្រប​តាម​លក្ខ​ណៈ​បច្ចេកទេស​នៅឡើយ ដែល​ការណ៍​នេះ​ធ្វើឱ្យប៉ះពាល់​ដល់​បរិស្ថាន ក៏ដូចជា​បង្ក​ជា​គ្រោះថ្នាក់​ជាយថាហេតុ​។​

 
​ក្នុង​សេចក្ដីណែនាំ​ដែល​ចុះផ្សាយ​ហត្ថលេខា​ដោយ​អភិបាលខេត្ត លោក ទៀ សីហា នៅ​ថ្ងៃទី​១១ កក្កដា ឆ្នាំ​២០១៩ រដ្ឋបាលខេត្ត​សៀមរាប​ប​ង្គ្រា​ប់​និង​ណែនាំ​ចំណុច​មួយចំនួន​លើ​ការងារ​ខាងលើ ដូចជា ត្រូវ​រៀបចំ​ទ្រុង​ឬ​អាង​ចិញ្ចឹម​ក្រពើ ឱ្យមាន​បច្ចេកទេស​និង​ខ័​ណ្ឌ​ដាច់​ពី​លំនៅដ្ឋាន​។ ទី​២ ចំពោះ​អ្នក​ចិញ្ចឹម​ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ជៀសវាង​ការបង្ក​គ្រោះថ្នាក់​ដល់​ជីវិត​កូនចៅ និង​អ្នកដទៃ និង​ត្រូវដាក់​ស្លាក​ហាមឃាត់ សញ្ញា​ប្រយ័ត្ន​គ្រោះថ្នាក់​នៅជាប់​នឹង​ទ្រុង ឬ​អាង​ចិញ្ចឹម​។ ចំណែក​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ រដ្ឋបាលខេត្ត​បាន​ណែ​នាំឱ្យ​ចាត់តាំង​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​តាម​ទីតាំង​ចិញ្ចឹម​ក្រពើ ដើម្បី​ណែនាំ​ដោយផ្ទាល់​ដល់​អ្នក​ចិញ្ចឹម ហើយ​មន្ទីរ​បរិស្ថាន ត្រូវមាន​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ និង​ណែនាំ​ឱ្យ​ត្រូវ​រៀបចំ​សម្អាត​ទ្រុង ឬ​អាង​ចិញ្ចឹម​ក្រពើ​ឱ្យបាន​ស្អាត ជៀសវាង​ផលប៉ះពាល់​ដល់​អ្នកជិតខាង និង​រៀបចំ​អាង​ប្រព្រឹត្តិកម្ម​ឱ្យបាន​ត្រឹមត្រូវ​តាម​បច្ចេកទេស​មុននឹង​បង្ហូរទឹក​កខ្វក់ និង​កាកសំណល់​ចូលទៅក្នុង​ប្រព័ន្ធ​លូ ឬ​ប្រឡាយ​សាធារណ​។​
 
​គួរ​បញ្ជាក់ថា សេចក្ដីណែនាំ​នេះ​ធ្វើឡើង​បន្ទាប់ពី​មាន​ហេតុការណ៍​ក្មេងស្រី​ម្នាក់​អាយុ​២​ឆ្នាំ បាន​ស្លាប់ ក្នុង​អាង​ចិញ្ចឹម​ក្រពើ​ក្រោយ​ផ្ទះ ខណៈដែល​ឪពុក​រវល់​ការងារ​នៅ​ខាងក្រៅ​ផ្ទះ ឯ​ម្ដាយ​សរសៃ​ខ្ចី​។ ហេតុការណ៍​រន្ធត់ ដែល​កើតឡើង​កាលពី​ថ្ងៃទី​៣០ មិថុនា នេះ ត្រូវបាន​មហាជន​ស្ដីបន្ទោស​ពី​ការធ្វេសប្រហែស​របស់​អា​ណា​ព្យាបាល ដោយ​ថា​រៀបចំ​អាង​ចិញ្ចឹម​មិនមាន​បច្ចេកទេស ធ្វើឱ្យ​កូន​ដើរចូល​បាន​៕
 
 

Tag:
 ក្រពើ​
  សៀមរាប​
© រក្សាសិទ្ធិដោយ thmeythmey.com