អន្តរជាតិ
នាយករដ្ឋមន្ត្រី​សិង្ហ​បុរី ប្រាប់​ពលរដ្ឋ​ឲ្យ​ប្រយ័ត្ន​កម្មវិធី​រុស្ស៊ី FaceApp កែ​មុខមាត់​
20, Jul 2019 , 7:29 pm        
រូបភាព
ដោយ:
​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ គេ​សង្កេតឃើញថា កម្មវិធី​ទូរ​សព្ទ​មួយ​ទទួលបាន​ការចាប់អារម្មណ៍​ជាខ្លាំង​ពី​សំណាក់​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ទាំង​ក្នុងប្រទេស​កម្ពុជា និ​ជុំវិញ​ពិភពលោក ។ កម្មវិធី​នេះ មានឈ្មោះ​ជា​ភាសា​អង់គ្លេស​ថា FaceApp ដែល​អាច​កែប្រែ​មុខ​ទៅជា​ក្មេង ឬ​ចាស់​។  យ៉ាងណាមិញ អាជ្ញាធរ​នៅ​សិង្ហ​បុរី អឺរ៉ុប និង​សហរដ្ឋអាមេរិក បានបង្ហាញ​ក្តីកង្វល់​អំពី​កម្មវិធី​ដោយ​ខ្លះ​ថែមទាំង​បញ្ជា​ឲ្យ​មានការ​ស៊ើបអង្កេត រកមើល​ការគំរាមកំហែង​ណាមួយ ដែល​អាច​កើតមាន​ចំពោះ​សន្តិសុខ​ជាតិ​ខ្លួន​ទៀតផង​។

 
 
​នៅ​ថ្ងៃទី​១៩ ខែកក្កដា លោកនាយក​រដ្ឋមន្ត្រី​សិង្ហ​បុរី លី សៀន​ឡុង តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន បាន​ចេញមុខ​ព្រមាន​ថា ប្រជាជន​សិង្ហ​បុរី គួរតែ​ប្រុងប្រយ័ត្ន​ចំពោះ​កម្មវិធី​ទូរ​សព្ទ FaceApp ដែល​ពួកគេ​បាន​ទាញយក​មកប្រើប្រាស់​។ 
 
​មេដឹកនាំ​សិង្ហ​បុរី​វ័យ ៦៧​ឆ្នាំ​រូបនេះ គូសបញ្ជាក់ថា មនុស្ស​ជាច្រើន​សប្បាយរីករាយ ក្រោយពី​បាន​ចែករំលែក​រូបថត​ដែល​កែប្រែ​រួច​ក្នុង​កម្មវិធី FaceApp ។ ប៉ុន្តែ​មនុស្ស​ភាគច្រើន មិនដឹង ឬ​មិន​ខ្វា​យ​ខ្វាល់​ទេ​ថា តើ​ទិន្នន័យ​ផ្ទាល់ខ្លួន​ពួកគេ​ច្រើន​ប៉ុណ្ណា​នោះទេ​ដែល​កម្មវិធី​នេះ​ទទួលបាន​សិទ្ធិ​ចូលទៅ​ទាញយក​ដើម្បី​បម្រើ​ផលប្រយោជន៍​អ្វីមួយ​នោះ ។​
 
​ក្រៅពី​លោក លី សៀន​ឡុង  កម្មវិធី FaceApp នេះ ក៏​ទទួលរង​ព្យុះភ្លៀង​ខ្លាំង​ដែរ​ក្នុង​សហរដ្ឋអាមេរិក ដោយ​សមាជិក​ព្រឹទ្ធសភា​អាមេរិក​ម្នាក់​បាន​ទទូច​ឲ្យ​ការិយាល័យ​ស៊ើបអង្កេត​សហព័ន្ធ (FBI) បើ​ការស៊ើបអង្កេត​ក្នុង​រឿងនេះ​។ 
 
​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ក្នុង​សំបុត្រ​ផ្ញើ​ទៅកាន់ FBI សមាជិក​ព្រឹទ្ធសភា​អាមេរិក លោក Chuck Schumer បញ្ជាក់ថា កម្មវិធី FaceApp ដែលមាន​ទីតាំង​ក្នុងប្រទេស​រុស្ស៊ី បាន​បង្ក​ជា​ក្តី​ព្រួយបារម្ភ ព្រោះ​ក្រុមហ៊ុន​នេះ អាច​លួច​ទិន្នន័យ​របស់​ប្រជាជន​អាមេរិក​លក់​ទៅ​ឲ្យ​ភាគី​ទី​៣ ដូចជា រដ្ឋាភិបាល​បរទេស​ជាដើម​។ ត្រង់នេះ លោក ទំនងជា​ចង់​សំដៅលើ​រដ្ឋាភិបាល​ក្រុង​មូ​ស្កូ​ដែល​អាច​ប្រើប្រាស់​ទិន្នន័យ​ទាំងនេះ​ដើម្បី​ធ្វើ​ចារកម្ម​លើ​សហរដ្ឋអាមេរិក​។​
 
 សូមបញ្ជាក់ថា កម្មវិធី FaceApp ត្រូវ​បានដាក់​ដំណើរការ​ជា​លើកដំបូង​ដោយ ក្រុមហ៊ុន​បច្ចេកវិទ្យា​រុស្ស៊ី Wireless Lab កាលពី​ឆ្នាំ​២០១៧​។ កម្មវិធី​នេះ​ប្រើប្រាស់ បញ្ញា​សិប្ប​និ​ម្ម​ត (AI) ដើម្បី​កែប្រែ​រូបថត​អ្នកប្រើប្រាស់ ដោយ​ផ្លាស់​ដូរ ពណ៌​សក់ និង​កែ​មុខមាត់​ទៅ​ក្មេង ឬ​ចាស់ តាម​ចំណង់​ចិត្ត​។ 
 
​បច្ចុប្បន្ននេះ FaceApp ក្លាយជា​កម្មវិធី​ឥតគិតថ្លៃ ដែល​ត្រូវបាន​គេ​ទាញយក​ច្រើន​បំផុត​លើ Google Play របស់​ប្រព័ន្ធ​ប្រតិបត្តិការ Android ជាមួយ​អ្នកប្រើប្រាស់​ច្រើនជាង ១០០​លាន​នាក់​។ កំណើន​ឆាប់រហ័ស​នៃ​អ្នកប្រើប្រាស់​សម្រាប់​កម្មវិធី​នេះ កើតឡើង​ក្រោយពី​បុគ្គល​ល្បីល្បាញ​មួយចំនួន ដូចជា តារាចម្រៀង​រ៉េ​ប Drake និង​កីឡាករ NBA ឆ្នើម Steph Curry បានចាប់ផ្តើម​ប្រើប្រាស់​កម្មវិធី និង​បង្ហោះ​រូប​លើ​បណ្តាញ​សង្គម​៕

Tag:
 លី សៀន​ឡុង​
  កម្មវិធី​ទូរ​សព្ទ​
  បច្ចេកវិទ្យា​
© រក្សាសិទ្ធិដោយ thmeythmey.com