អន្តរជាតិ
ជម្លោះ​ពាណិជ្ជកម្ម​ជប៉ុន​-​កូរ៉េខាងត្បូង​៖ លោក ត្រាំ ត្រៀម​ចូល​ជួយ បើ​មាន​សំណើ​
20, Jul 2019 , 8:29 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​១៩ ខែកក្កដា បានប្រកាស​ជំហរ​ត្រៀម​ជួយ​ដោះស្រាយ​វិបត្តិ​ពាណិជ្ជកម្ម​ក្ដៅគគុក​រវាង​កូរ៉េខាងត្បូង និង​ជប៉ុន​ដែលជា​សម្ព័ន្ធមិត្ត​ដ៏​សំខាន់​របស់​អាមេរិក​នៅ​អាស៊ី​។ បច្ចុប្បន្ន កូរ៉េខាងត្បូង និង​ជប៉ុន រក​ច្រកចេញ​មិនទាន់​ឃើញ​នៅឡើយ​ទេ ខណៈដែល​ភាគី​ទាំងពីរ​បាន​ដំឡើង​សម្ដី​ដាក់គ្នា​កាន់តែខ្លាំង​ផង​។ សេ​អ៊ូ​ល​ដែល​រងគ្រោះ​ដោយសារ​ការ​រឹតត្បិត​ការនាំចេញ​រូបធាតុ​សំខាន់ៗ​របស់​តូ​ក្យូ​នោះ បាន​គំរាម​ចាត់វិធានការ​តប​ដ៏​ខ្លាំងក្លា​ផងដែរ​។​

 
​ជម្លោះ​ពាណិជ្ជកម្ម​រវាង​កូរ៉េខាងត្បូង និង​ជប៉ុន នៅ​មិនទាន់​ថមថយ​នៅឡើយ​ទេ​។ ជម្លោះ​ដែល​ផ្ដើម​ដោយ​សាលក្រម​តុលាការ​កូរ៉េខាងត្បូង​បញ្ជា​ឲ្យ​ក្រុមហ៊ុន​ជប៉ុន​សងជំងឺចិត្ត​ពលករ​កូរ៉េខាងត្បូង​ដែល​ធ្វើការ​ធ្ងន់​នៅ​សម័យ​សង្គ្រាម បានអូសបន្លាយ​ជាច្រើន​សប្ដាហ៍​មកហើយ ខណៈ​ភាគី​ទាំងពីរ​នៅតែ​មិនអាច​រក​ច្រកចេញ​បាន​។ ចុងក្រោយ​នេះ កូរ៉េខាងត្បូង​ថែមទាំង​បដិសេធ​សំណើ​ជប៉ុន​ដែល​ចង់​ដោះស្រាយ​បញ្ហា​តាម​យន្តការ​ដោះស្រាយ​ជម្លោះ​ដែលមាន​ភាគី​ទី​បី​ផង​។​
 
​ខណៈ​ជប៉ុន និង​កូរ៉េខាងត្បូង​មើលមុខ​គ្នា​កាន់តែ​មិនត្រូវ​ខ្លាំង អាមេរិក​ឯណោះ ក៏​ត្រៀម​ចូល​អន្តរាគមន៍​ដើម្បី​បញ្ចៀស​ផលវិបាក​ធ្ងន់ធ្ងរ​ដែល​នាំ​ឲ្យ​កិច្ចសហប្រតិបត្តិការ​ត្រីភាគី​ល្អក់កករ​។ ពី​សេត​វិមាន​នៅ​ថ្ងៃទី​១៩ ខែកក្កដា ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ និយាយថា ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន ប្រាប់​លោក​ពី​ភាពមិន​ត្រូវ​គ្នា​ជាមួយ​ជប៉ុន ពិសេស​បញ្ហា​ពាណិជ្ជកម្ម​សព្វថ្ងៃនេះ ហើយ​លោក មូ​ន បាន​សុំ​ឲ្យ​លោក​លូកដៃ​។  
 
«​ខ្ញុំ​ចូលចិត្ត​មេដឹកនាំ​ទាំងពីរ​។ ខ្ញុំ​ចូលចិត្ត​ប្រធានាធិបតី មូ​ន ហើយ​អ្នកដឹង​ហើយពី​អារម្មណ៍​របស់ខ្ញុំ​លើ​នាយករដ្ឋមន្ត្រី អា​បេ ដែលជា​មនុស្ស​ពិសេស​។ ដូច្នេះ​ប្រសិន​ពួកគេ​ត្រូវការ​ខ្ញុំ ខ្ញុំ​នឹង​ជួយ​។​» នេះ​ជាការ​បញ្ជាក់​របស់លោក ត្រាំ នា​កម្មវិធី​មួយ​នៅ​សេត​វិមាន​នៅ​ថ្ងៃទី​១៩ ខែកក្កដា​។ បើ​និយាយ​ពី​ទំនាក់ទំនង​នេះ​វិញ លោក ត្រាំ ជួប​លោក អា​បេ ច្រើនជាង​ជួប​លោក មូ​ន ទៅទៀត​។ 
 
​តាមពិតទៅ រឿងរ៉ាវ​ដើរ​ដល់​ចំណុច​នេះ កើតចេញ​ដោយសារ​ការយល់​ខុសគ្នា​រវាង​កូរ៉េខាងត្បូង និង​ជប៉ុន​លើ​ការដោះស្រាយ​បញ្ហា​បំពាន​កម្លាំង​ពលកម្ម​ពលករ​កូរ៉េខាងត្បូង​។ ជប៉ុន អះអាងថា បញ្ហា​នេះ​ចប់​សព្វថ្ងៃ​តាំងពី​ការចុះហត្ថលេខា​ង​បង្កើត​ទំនាក់ទំនង​នៅ​ឆ្នាំ​១៩៦៥​មក​។ ប៉ុន្តែ​កូរ៉េខាងត្បូង​ថា បញ្ហា​នេះ​មិន​បញ្ចូល​ក្នុង​កិច្ចព្រមព្រៀង​ឆ្នាំ​នោះឡើយ រួច​ទើប​តុលាការ​កូរ៉េខាងត្បូង​ចេញ​បញ្ជា​ឲ្យ​ក្រុមហ៊ុន​ជប៉ុន​ផ្ដល់ប្រាក់​សំណង​ទៅ​។​
 
​ការសម្រេចចិត្ត​បែបនេះ ក៏​នាំ​ឲ្យ​ជប៉ុន​រឹតត្បិត​ការនាំចេញ​សារធាតុ​គីមី​សំខាន់ៗ​ទៅកាន់​កូរ៉េខាងត្បូង ដែល​ចាំបាច់​ក្នុង​ការផលិត​បន្ទះ​ឈី​ប និង​ទូរ​សព្ទ​ឆ្លាត​វៃ​។ ចំណាត់​ចុងក្រោយ​របស់​តូ​ក្យូ​នេះ ធ្វើ​ឲ្យ​សេ​អ៊ូ​ល​ខឹង​យ៉ាងខ្លាំង និង​ចាត់ទុកជា​រឿង​នយោបាយ​ទៀតផង​។ ទោះជា​យ៉ាងណា សេ​អ៊ូ​ល​មិនទាន់​ចាត់វិធានការ​អ្វី​តប​ឡើយ ព្រោះ​ចង់​ដោះស្រាយ​បញ្ហា​តាមផ្លូវ​ការទូត​ឲ្យ​អស់ចិត្ត​។ ប៉ុន្តែ​ជម្រើស​ទាំងអស់ ស្ថិតក្នុង​ការពិចារណា រាប់ទាំង​គិតគូរ​ឡើងវិញ​កិច្ចព្រមព្រៀង​ផ្លាស់ប្ដូរ​ព័ត៌មាន​យោធា​ផងដែរ​៕  
 
 

Tag:
 ជប៉ុន​
  កូរ៉េខាងត្បូង​
  អាមេរិក​
  ដូ​ណា​ល់ ត្រាំ​
© រក្សាសិទ្ធិដោយ thmeythmey.com