ចង់​ឲ្យ​សង្កាត់​របស់ខ្លួន​ទៅជា​គំរូ អ្នករក​ស៊ីក្នុង​សង្កាត់​សាលា​កំរើក​បង្កើត​យុទ្ធនាការ​ធំ​មួយ​សម្អាត​បរិស្ថាន​
ជាតិ
ចង់​ឲ្យ​សង្កាត់​របស់ខ្លួន​ទៅជា​គំរូ អ្នករក​ស៊ីក្នុង​សង្កាត់​សាលា​កំរើក​បង្កើត​យុទ្ធនាការ​ធំ​មួយ​សម្អាត​បរិស្ថាន​
21, Jul 2019 , 8:29 pm        
រូបភាព
​សៀមរាប​៖ អ្នករកស៊ី​ឬ​ម្ចាស់​អាជីវកម្ម​នៅ​សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ជិត​២០​ស្ថាប័ន ដែលមាន​ខាង​សណ្ឋាគារ ភោជនីយដ្ឋាន អង្គការ សាលារៀន បានរៀបចំ​កម្មវិធី​សម្អាត​បរិស្ថាន​ដ៏​ធំ​មួយ ក្នុង​បំណង​ដើម្បី​បំផុស​ចលនា​សម្អាត​បរិស្ថាន ក៏ដូចជា​ភាព​ស្អាត​និង​បៃតង​ក្នុង​តំបន់​ដែល​ពួកគេ​រកស៊ី​និង​រស់នៅ​។ កម្មវិធី​នេះ មានការ​ចូលរួម​ទាំង​អ្នករកស៊ី​ជនជាតិខ្មែរ​និង​បរទេស ក៏ដូចជា​សិស្សានុសិស្ស សរុប​ជាង​៧០០​នាក់​។​

 
​កម្មវិធី​សម្អាត​បរិស្ថាន​ឈ្មោះថា «Southside» ត្រូវបាន​បង្កើតឡើង​ដោយ​អ្នករកស៊ី​មួយក្រុម​ក្នុង​សង្កាត់​សាលា​កំរើក​។ នេះ​ជា​យុទ្ធនាការ​មួយ​ទាក់ទង​នឹង​ផ្នត់គំនិត​ស្អាត​និង​មាន​ផែនការ​ច្បាស់លាស់ ដោយ​មានការ​បង្កើតជា​ផែនទី​កំណត់​គោលដៅ​ប៉ែក​ខាងត្បូង​នៃ​ក្រុង​សៀមរាប សម្រាប់​កម្មវិធី​សម្អាត​បរិស្ថាន នោះ​គឺ​សង្កាត់​សាលា​កំរើក​តែម្ដង​។​


 
​លោក ស៊ា សុផល អ្នកដឹកនាំ​សម្របសម្រួល​កម្មវិធី​ខាងលើនេះ​បានឱ្យដឹងថា Southside គឺ​សំដៅលើ​តំបន់​ផ្នែក​ខាងត្បូង​នៃ​ក្រុង​សៀមរាប និង​បានកំណត់​ផែនទី​យុទ្ធសាស្ដ្រ​មួយ​គឺ​ចាប់ពី​រង្វង់​មូល​វត្ដ​ដំណាក់​ជា​គោល មក​ទិសខាងកើត​តាមផ្លូវ​៧​មករា (​មុខ​វិទ្យាល័យ​អង្គរ​) រហូតដល់​ផ្លូវ​ក្រវ៉ាត់​ក្រុង និង​ពី​រង្វង់​មូល​វត្ត​ដំណាក់​ចុះ​តាម​មាត់​ស្ទឹង​ទៅ​ត្បូង​ដល់​អាង​ក្រពើ វត្ត​ស្វាយ និង​រហូតដល់​ផ្លូវ​ក្រវ៉ាត់​ក្រុង​។​


 
​ជា​អ្នក​បរិស្ថាន​មួយរូប​លោក ស៊ា សុផល ពន្យល់ថា អ្នករកស៊ី​មកពី​គ្រប់​ស្ថាប័ន​មាន​ទាំង​ខ្មែរ​និង​បរទេស​ដែល​បាន​បង្កើត​គម្រោង​កម្មវិធី Southside នេះ​ឡើង​ក្នុង​បំណង​បង្កើតជា​អត្ដ​សញ្ញាណ​ថ្មី​មួយ​ក្នុង​ក្រុង​សៀមរាប ដើម្បី​ឱ្យគេ​ស្គាល់​ថា Southside ជា​កន្លែង​ដែល​គិតគូរ​ពី​បរិស្ថាន ហើយ​ម្ចាស់​អាជីវកម្ម​ទាំងអស់​គិតគូរ​ពី​ការទទួលខុសត្រូវ​សង្គម ស្រឡាញ់​សុខភាព និង​ព្យាយាម​ឱ្យមាន​អ្នក​ស្រឡាញ់​បរិស្ថាន​។​


 
​អ្នកស្រី សា​រ៉ា ម្ចាស់​សាលា ហេ​យ៍​វ៉ិ​ន ដែល​បណ្ដុះបណ្ដាល​យុវជន​ខ្មែរ​ដែលមាន​ជីវភាព​ខ្វះខាត​ឱ្យទទួល​បាន​ជំនាញ​ផ្នែក​ចុងភៅ និង​ផ្នែក​សេវាកម្ម យល់ថា​ការចូលរួម​សម្អាត​បរិស្ថាន​តាមរយៈ​ការ​រើស​សំរាម​នេះ មាន​សារសំខាន់​ណាស់​។ អ្នកស្រី​ពន្យល់ថា ក្រៅពី​ភាព​ស្អាត​ក្នុង​សង្កាត់​ឬ​តំបន់​ដែល​ខ្លួន​រស់នៅ​ហើយ​នោះ ក្នុងនោះ​វា​ជា​សារ​ដាស់តឿន​ដល់​ប្រជាជន​ឱ្យចូល​រួម​សម្អាត​បរិស្ថាន ពិសេស​នោះ​វា​ទាញ​ចំណាប់អារម្មណ៍​ពី​ទេសចរ​ដែល​បានឃើញ​ភាព​ស្អាត​នៅពេល​ពួកគេ​ចូល​មកដល់​ក្នុង​តំបន់​នេះ​។ អ្នកស្រី សា​រ៉ា បន្ថែមថា ក្នុងនាម​ជា​អ្នករកស៊ី​មួយរូប គឺ​ត្រូវមាន​មនសិកា​និង​ការទទួលខុសត្រូវ​សង្គម​ផងដែរ ដូចជា​ព្យាយាម​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ក ដោយ​ជំនួស​សម្ភារ​ដែល​អាច​ប្រើ​ឡើងវិញ ឬ​អាច​រលាយ​។​ល​។​


 
​ចៅសង្កាត់​សាលា​កំរើក លោក សាម ឡ​ន បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ក្រោយ​ចប់​កម្មវិធី​រើស​សំរាម​នៅ​ថ្ងៃទី​២០ កក្កដា​ថា កម្មវិធី​នៅពេលនោះ​មាន​អ្នកចូលរួម​សរុប ៧៥០​នាក់ ដែល​មកពី​តាម​សណ្ឋាគារ ភោជនីយដ្ឋាន អង្គការ និង​សិស្សានុសិស្ស​ពី​តាម​សាលារៀន​ក្នុង​សង្កាត់​សាលា​កំរើក​។ លោក​បន្តថា កម្មវិធី​សម្អាត​បរិស្ថាន​នេះ​ជា​កម្មវិធី​ដ៏​ល្អ​សម្រាប់​ខេត្តសៀមរាប​ដែលជា​ខេត្ត​ទេសចរណ៍ ពិសេស​ស្របពេល​ដែលមាន​ការប្រណាំង​សង្កាត់​ស្អាត​ផង​។ ដូច្នេះ​ជាមួយនឹង​កម្មវិធី​សម្អាត​បរិស្ថាន​របស់​ក្រុម​អ្នករកស៊ី​ខាងលើនេះ លោក​ចៅសង្កាត់​រំពឹងថា នឹង​ធ្វើឱ្យ​សង្កាត់​សាលា​កំរើក​កាន់តែ​មាន​សោ​ភណ្ឌ​ភាព និង​គ្មាន​សំរាម​នៅ​ទីសាធារណ ឬ​ក្លាយជា​សង្កាត់​គំរូ​មួយនា​ពេលអនាគត លើ​ភាព​ស្អាត​និង​បៃតង​៕












 
 
 
 
 

Tag:
 សៀមរាប​
  សង្កាត់​សាលា​កំរើក​
  សំរាម​
  បរិស្ថាន​
© រក្សាសិទ្ធិដោយ thmeythmey.com