អន្តរជាតិ
វៀតណាម ទាមទារ​ឲ្យ​ចិន​បញ្ចប់​ការបំពាន​អធិបតេយ្យ​ខ្លួន និង​ដក​នាវា​ឲ្យ​អស់ពី​ដែនទឹក​វៀតណាម​
22, Jul 2019 , 8:29 am        
រូបភាព
ដោយ:
​រដ្ឋាភិបាល​ក្រុង​ហាណូយ បាន​ទទូច​ជាថ្មី​ឲ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បញ្ឈប់​សកម្មភាព​នានា​នៅក្នុង​សមុទ្រ​ចិន​ខាង ដែល​ក្រុង​ហាណូយ ចាត់ទុកថា​ជា​សកម្មភាព​បំពាន​អធិបតេយ្យ​របស់ខ្លួន​។ សេចក្តីថ្លែងការណ៍​រប​ស់​ក្រុង​ហាណូយ ធ្វើឡើង​បន្ទាប់ពី​មាន​របាយការណ៍​ចុងក្រោយ ដោយ​អះអាងថា ក្រុង​ប៉េកាំង បាន​ចុះ​ស្ទាបស្ទង់ និង​ស្រាវជ្រាវ​នៅក្នុង​តំបន់ ដែល​វៀតណាម​បានទាមទារ​សិទ្ធិ​គ្រប់គ្រង​ផង​នោះ​។ 
 
​តាមរយៈ​សន្និសីទ​សារព័ត៌មាន​ប្រចាំថ្ងៃ​១៩ កក្កដា អ្នកនាំពាក្យ​ក្រសួងការបរទេស​វៀត​ណា​ម លោកស្រី Lê Thị Thu Hằng បានទាមទារ​ឲ្យ​ចិន​បញ្ចប់​ជាបន្ទាន់​នូវ​ការបំពាន និង​ដក​នាវា​ទាំងអស់​ចេញពី​ដែនទឹក​របស់​វៀតណាម ដែលជា​ផ្នែក​នៃ​សមុទ្រ​ចិន​ខាងត្បូង និង​ត្រូវតែ​គោរព​អធិបតេយ្យ និង​យុត្តាធិការ​របស់​វៀតណាម​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន Vietnam News​។​
 
​តាម​លោកស្រី​អ្នកនាំពាក្យ ថ្មីៗ​នេះ​ក្រុម​នាវា​ស្ទាបស្ទង់​ភូមិសាស្ត្រ​របស់​ចិន បាន​បំពាន​ទៅក្នុង​តំបន់សេដ្ឋកិច្ចផ្តាច់មុខ និង​តំបន់​ខ្ពង់រាប​បាតសមុទ្រ នៃ​សមុទ្រ​ចិន​ខាងត្បូង ដែល​វៀតណាម អះអាងថា​ខ្លួន​មាន​សិទ្ធិ​គ្រប់គ្រង​ស្របតាម​អនុសញ្ញា​អន្តរជាតិ​ស្តីពី​ច្បាប់​សមុទ្រ ដែល​ទាំង​វៀតណាម និង​ចិន គឺជា​ភាគី​ផងដែរ​។ 
 
​ជុំវិញ​បញ្ហា​នេះដែរ អ្នកនាំពាក្យ​រូបនេះ បាន​គូសបញ្ជាក់ថា វៀតណាម បាន​ប្រើប្រាស់​គ្រប់​មធ្យោបាយ​ដើម្បី​ទាក់ទង​ទៅ​ភាគី​ចិន ហើយ​ថែមទាំង​បានធ្វើ​កំណត់ហេតុ​ការទូត​ដើម្បី​តវ៉ា​នឹង​សកម្មភាព​របស់​ចិន ខណៈ​អាជ្ញាធរ​វៀតណាម ដែលមាន​មូលដ្ឋាន​នៅ​ដែនសមុទ្រ​នោះ ត្រូវ​បានដាក់​បញ្ជា​ឲ្យ​អនុវត្ត​វិធានការ​សន្តិវិធី ស្របតាម​ច្បាប់​អន្តរជាតិ​ដើម្បី​ការពារ​អធិបតេយ្យ និង​យុត្តាធិការ​របស់​ប្រទេស​។ 
 
​បន្ថែម​ពីនេះ លោកស្រី​អ្នកនាំពាក្យ ក៏បាន​ផ្តាំ​ទៅកាន់​ភាគី​ពាក់ព័ន្ធ​នៃ​សមុទ្រ​ចិន​ខាងត្បូង​ឲ្យ​ជួយ​ធានា​ពី​សណ្តាប់ធ្នាប់ សន្តិភាព និង​សន្តិសុខ​នៅ​ទីនោះ​ដើម្បី​ជា​ប្រយោជន៍​រួម​សម្រាប់​ប្រទេស​ក្នុង​តំបន់​ផង និង​ក្រៅ​តំបន់​ផង​។ 
 
​គួរ​ជម្រាប​ផងដែរ​ថា វៀតណាម និង​ចិន តែងមាន​ការឆ្លើយ​ឆ្លង​គ្នា​ជា​ញឹកញាប់ នៅពេលដែល​ភាគី​ណាមួយ មាន​សកម្មភាព​ប៉ះពាល់​ដល់​ប្រយោជន៍​ក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង​។ ភាគី​ទាំងពីរ សុទ្ធតែ​អះអាងថា មាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុងការ​គ្រប់គ្រង​តំបន់​មួយចំនួន ដែល​ត្រួតស៊ីគ្នា​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​។ ក្នុងចំណោម​ភាគី​ពាក់ព័ន្ធ​នៃ​ជម្លោះ ដែល​រួមមាន​ទាំង​ព្រុយ​ណេ ម៉ាឡេស៊ី ហ្វីលីពីន ភាគី​ទាំងពីរ ហាក់​មានរឿង​ប្រទាំង​ប្រទើស​ជាមួយនឹង​គ្នា​ខ្លាំង​៕ 
 
 

Tag:
 វៀតណាម​
  ចិន​
  សមុទ្រ​ចិន​ខាងត្បូង​
© រក្សាសិទ្ធិដោយ thmeythmey.com