រថយន្ត
អន្តរជាតិ
និន្នាការថ្មីនៅជប៉ុន មនុស្សកាន់តែច្រើន ជួលរថយន្តដើម្បីគេង និងធ្វើជាកន្លែងបរិភោគ
× សេវាជួលរថយន្ត កាន់តែរីកដុះដាលឡើងក្នុងពិភពលោក ដោយអ្នកខ្លះជួលសម្រាប់ការងារជំនួញ ឬធ្វើដំណើរទៅសម្រាកវិស្សមកាល និងកិច្ចការផ្សេងទៀត។ ប៉ុន្តែនៅជប៉ុន មានអ្នកខ្លះជួលសម្រាប់ករណីដែលមិននឹងស្មានដល់ ពោលគឺដើម្បីគេង និងញ៉ាំបាយ ខណៈកន្លងមក មានករណីជួលដើម្បីសាកថ្មទូរសព្ទដៃ។
ក្រុមហ៊ុនសេវាកម្មជួលរថយន្តនៅជប៉ុន ឈ្មោះ Orix និង Times24 Co, បាននាំគ្នាបើកការស៊ើបអង្កេតអតិថិជនរបស់ខ្លួន ដែលបានជួល ប៉ុន្តែចម្ងាយគីឡូម៉ែត្រនៅលើកុងទ័រ មិនសូវមានការផ្លាស់ច្រើន។ ពួកគេមិនយល់នោះឡើយចំពោះការប្រើប្រាស់អតិថិជនមួយចំនួនរបស់ខ្លួន។
ក្រោយការស្រាវជ្រាវ ក្រុមហ៊ុនទាំងពីររកឃើញថា ជនជាតិជប៉ុនកាន់តែច្រើនឡើង បានជួលរថយន្តដើម្បីគ្រាន់តែសម្រាកកាយប៉ុណ្ណោះ ហើយអ្នកខ្លះដើម្បីយកទៅធ្វើជាកន្លែងញ៉ាំអាហារ។ ជាក់ស្តែង បុរសអាយុ៣១ឆ្នាំដែលរស់នៅខេត្ត Saitama ក្បែរក្រុងតូក្យូ បានអះអាងថា៖ «ខ្ញុំបានជួលរថយន្តដើម្បីញ៉ាំបាយប្រអប់ ដែលខ្ញុំបានទិញតាមផ្លូវ ពីព្រោះខ្ញុំមិនអាចរកកន្លែងផ្សេងទៀតដើម្បីញ៉ាំបានឡើយ»។
ប៉ុន្តែជាមួយគ្នានេះផងដែរ អតិថិជនមួយចំនួន បានជួលរថយន្តដើម្បីជួបប្រជុំគ្នារឿងការងារ និងកិច្ចការផ្សេងៗ។ តាមការផ្សាយរបស់ Asahi Shimbun ចាប់ឆ្នាំ២០១១ ពោលក្រោយរញ្ជួយដី និងស៊ូណាមិ វាយប្រហារភាគខាងកើតប្រទេសជប៉ុន រថយន្តរាប់ពាន់គ្រឿងត្រូវជួលដើម្បីគ្រាន់តែសាកថ្មទូរសព្ទដៃប៉ុណ្ណោះ។
បើទោះបីជា នេះក្លាយជានិន្នាការថ្មីក៏ដោយ ក៏បណ្តាក្រុមហ៊ុននៅជប៉ុន មិនមានគោលការណ៍ផ្លាស់ប្តូរតម្លៃសេវានោះដែរ។ តាមពិតទៅ បណ្តាសេវាកម្មជួលរថយន្តទាំងនោះ មានតែសប្បាយចិត្តទៅវិញទេ ដោយសាររថយន្តភាគច្រើន ស្ថិតនៅស្ថានភាពល្អប្រសើរ។
នៅជប៉ុន សេវាជួលរថយន្តមិនមានតម្លៃថ្លៃនោះឡើយ ដោយកន្លះម៉ោងមានតម្លៃតែ៤០០យ៉េន [ក្នុងរង្វង់៤ដុល្លារអាមេរិក] តែប៉ុណ្ណោះ។ ក្រុមហ៊ុន Times24 Co មានទីតាំងចំណតរហូតដល់ទៅជាង១២០០០កន្លែងនៅទូទាំងប្រទេស៕
© រក្សាសិទ្ធិដោយ thmeythmey.com