ONE Championship
កីឡាជាតិ
ជាតិ
Johnson ជម្នះ​ការលំបាក​ពី​ការ​ធ្វើបាប​ពី​ឪពុកចុង​តាំងពីក្មេង រហូត​ក្លាយជា​កីឡាករ​គុន​ចម្រុះ​ល​ដាប់​ពិភពលោក
22, Jul 2019 , 11:59 pm        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី 
 
Demetrious Johnson រហស្សនាម​ថា «Mighty Mouse» បាន​ធំធាត់​ក្នុង​សភាព​ធ្វើបាប​របស់​ឪពុកចុង ប៉ុន្តែ រូបគេ​បាន​រៀន​ច្រើន​អំពី​ការលំបាក​ទាំងនោះ​កាល​នៅ​កុមារភាព​ដើម្បី​ក្លាយជា​សសរទ្រូង​គំរូ​នៅក្នុង​គ្រួសារ និង ជា​កីឡាករ​គំរូ​ទូទៅ​ម្នាក់​ក្នុង​លោក​។ កីឡាករ​រូបនេះ​មិន​ជឿ​ទេ​ថា ភាពឈឺចាប់​អាចជា​វាសនា​កំណត់​រូបគេ​នោះ​។ ផ្ទុយទៅវិញ ការ​ជម្នះ​រាល់​ឧបសគ្គ បានធ្វើ​ឲ្យ​ជីវិត​របស់គេ​ខ្ពស់ត្រដែត​ឡើង​។


 
​ជើង​ខ្លាំង​គុន​ចម្រុះ​សញ្ជាតិ​អាមេរិក​រូបនេះ​ត្រូវ​ត្រលប់មក​តតាំង​នឹង​អ្នកលេង​គុន​ចម្រុះ​សញ្ជាតិ​ជប៉ុន Tatsumitsu  Wada ឬ ហៅ “The Sweeper”   នៅ​សង្វៀន ONE: DAWN OF HEROES នា​ថ្ងៃ​សុក្រ​ទី ២ ខែ សីហា ខាងមុខ​នា​ក្រុង​ម៉ានីល​ប្រទេស ហ្វីលីពីន​។ Johnson បាន​ថ្លែងថា​៖«​ខ្ញុំ​អាច​មើលឃើញថា​វា​ជា​ឧបសគ្គ​មួយ ហើយ ខ្ញុំ​ក៏​មើលឃើញ​ចំណុច​អវិជ្ជមាន ប៉ុន្តែ​ខ្ញុំ​តែងតែ​គិត​វិជ្ជមាន ដែល​អាច​កែប្រែ​ឲ្យ​ខ្ញុំ​ជាម​នុស្ស​ដ៏​រឹងមាំ​ដល់​បច្ចុប្បន្ននេះ​»​។ 


 
​ក្នុងនាម​ជា​ឳ​ពុក​មានកូន​៣​នាក់​នៅក្នុង​បន្ទុក​ជើង​ឯក​គុន​ចម្រុះ​ពិភពលោក World Champion ១២​សម័យ​រូបនេះ​មិន​គិត​រឿង​ពីមុន​នោះទេ ប៉ុន្តែ​គេ​បាន​បង្កើត​ក្ដី​ស្រលាញ់​គ្រប់​កាលៈទេសៈ​ចំពោះ​កូនៗ​របស់ខ្លួន​។ មាន​មនុស្ស​ជាច្រើន​អាច​នឹង​តូចចិត្ត​ចំពោះ​ស្ថានការណ៍​ដូច​ខ្លួន​កាល​នៅ​តូច ប៉ុន្តែ «Mighty Mouse» បាន​បោះចោល​រឿងរ៉ាវ​ដែល​អាក្រក់​ទាំងនេះ​។

ជើង​ខ្លាំង​សញ្ជាតិ​អាមេរិក បាន​គូសបញ្ជាក់​បែបនេះ​៖«​ខ្ញុំ​គ្មាន​ការគុំកួន គ្មាន​អារម្មណ៍​អត់​ល្អ​ចំពោះ​បទពិសោធន៍​កាល​នៅ​ក្មេងៗ​នោះទេ ប៉ុន្តែ ខ្ញុំ​បាន​ធ្វើជា​គំរូ​ល្អ​សម្រាប់​កូនៗ​របស់ខ្ញុំ​។ ខ្ញុំ​យល់​អំពី​រឿងរ៉ាវ​ដែល​កើតឡើង​។ ពេល​ខ្ញុំ​នៅ​ក្មេង គឺ​មិន​ស្ដាប់បង្គាប់ មិន​ស្ដាប់​អ្នកណា និង​មានការ​ខកចិត្ត​ខ្លាំង​។ ទាំងនេះ​ជា​វិធី​ដែល​យើង​ត្រូវ​ស្ដារ​ឲ្យ​ល្អ​ឡើងវិញ​»​។ 


 
​កីឡាករ​ដដែល​រៀបរាប់​ទៀតថា ៖«​ប៉ា​ចុង​របស់ខ្ញុំ​ប្រើ​វិធី​ផ្សេង​ដើម្បី​ចិញ្ចឹម​ពួកយើង និង ធ្វើបាប​ពួកយើង​។ នោះ​ជា​ជម្រើស​របស់គាត់ ហើយ គាត់​ត្រូវ​រស់​តាម​វិធី​បែប​ហ្នឹង​។ នោះ​ក៏​ជា​ផ្នែក​មួយ​ដែល​ឳ​ពុក​ម្ដាយ​របស់គាត់​ចិញ្ចឹម​គាត់​ដែរ​។ ប៉ុន្តែ​ខ្ញុំ​ស្ដាយ​ដែល​មិនមាន​ឱកាស​សួរ​គាត់​ទាល់តែសោះ​»​។ 
 
​បច្ចុប្បន្ននេះ​ជា​ពេលវេលា​ដែល​ត្រូវ​លុបបំបាត់​រឿង​ពី​អតីតកាល និង មិនត្រូវ​ទុក​រឿង​អពមង្គល​បែបនេះ​ក្នុង​ចិត្ត​ទេ​។  «Mighty Mouse» បានជ្រើសរើស​ផ្លូវ​វិជ្ជមាន​ពីបទ​ពិសោធន៍​ទាំងនេះ​ដោយ​គ្មាន​ពាក្យដោះសារ​ទេ​។ 
 
​គេ​បញ្ជាក់ថា​៖«​ដោយ​ក្រឡេកមើល​អំពី​ការ​ធ្វើទុក្ខបុកម្នេញ វា​ពិតជា​អាក្រក់​ណាស់ វា​ធ្វើ​ឲ្យ​ខ្ញុំ​លំបាក ខ្ញុំ​បានត្រឹមតែ​ស្ដាប់ និង​គ្មាន​ការតវ៉ា​ទាល់តែសោះ​»​។ 
 
​ក្នុងនាម​ជា​មេ​គ្រួសារ អ្នកលេង​គុន​ចម្រុះ​រូបនេះ​មិន​ជជែក​អំពី​មេរៀន​ជូរចត់ និង ស្ថានភាព​អាក្រក់​ដល់​កូនៗ​នោះទេ​។ មានតែ​ម៉ាក់​របស់គេ​ទេ​ជា​អ្នក​យកចិត្តទុកដាក់ ជា​បុគ្គល​គំរូ និង ជា​អ្នកផ្ដល់​កម្លាំងចិត្ត​។ ទោះយ៉ាងណា កីឡាករ​រូបនេះ​មាន​បុរស​គំរូៗ​នៅក្នុង​ចិត្តជា​ច្រើន និង អាច​ធ្វើជា​គំរូ​ល្អ​ទៀតផង​។  Johnson រំលឹក​យ៉ាង​ដូច្នេះ ៖«​ខ្ញុំ​មាន​មិត្ត​ភ័ក្ដិ​ជាច្រើន​។ ពួកគេ​មាន​ឳ​ពុក ហើយ ខ្ញុំ​មើលឃើញ​ភាពខុសប្លែក​គ្នា​ជាមួយ​កូនៗ និង ប្រពន្ធ​របស់​ពួកគាត់​» ។ 
 
«​ប៉ា​ម្នាក់​របស់​មិត្ត​ភ័​ក្ដី​ល្អ​របស់ខ្ញុំ តែងតែ​លៀងចាន ពេល​ញុំ​ា​បាយ​រួច​។ គាត់​និយាយថា បើ​ស្ត្រី​ម្នាក់​ចំណាយពេល​ចម្អិនម្ហូប​ពេញ​មួយថ្ងៃ​សម្រាប់​អាហារ​ពេល​ល្ងាច យ៉ាងហោចណាស់​បុរស​គួរ​ជួយ​លៀងចាន​។ ខ្ញុំ​លៀងចាន​ពេញ​មួយជីវិត​របស់ខ្ញុំ​»​។ Johnson ទទួលស្គាល់ថា ៖«​ខ្ញុំ​បាន​ទទួលរង​ឥទ្ធិពល ដែល​ខ្ញុំ​ចូលចិត្ត​ឳ​ពុក​រាល់គ្នា​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ក្លាយជា​បុរស​ល្អ​ប្រសើរឡើង​»​។​
​អ្វីៗ​ទាំងអស់ បុរស​ខ្លាំង​ដដែល​នេះ​បាន​រៀន​ពី​ឪពុក​ល្អ​និង​រៀន​ពី​វិធី​ដែល​ធ្វើ​ឲ្យ​ក្លាយជា​ប្ដី​ល្អ កីឡាករ​ដ៏​ជោគជ័យ និង ជា​ឳ​ពុក​ល្អ​។ ជើងឯក​គុន​ចម្រុះ​សង្កត់ធ្ងន់ថា ៖«​បទពិសោធន៍​អំពី​ការ​ធ្វើទុក្ខបុកម្នេញ បានធ្វើ​ឲ្យ​រូបខ្ញុំ​ក្លាយជា​ឳ​ពុក​ដ៏​ល្អ ព្រោះ​ខ្ញុំ​មិន​ចង់​ឲ្យ​កូនៗ​របស់ខ្ញុំ​រង​ទុក​ទុក្ខ​ដូច​ខ្ញុំ​ទេ​»​។ 
 
​អំពើហិង្សា​តែងតែ​នាំ​ឲ្យ​កើត​ហិង្សា ប៉ុន្តែ កីឡាករ​អាជីព​គុន​ចម្រុះ ឬ MMA រូបនេះ​តែងតែ​ដាស់តឿន​ដល់​អ្នកគាំទ្រ ឬ អ្នក​នៅក្បែរ​ខ្លួន​ឲ្យ​ជៀសវាង​អំពី​អំពើ​ហ​ង្សា​៕  
 

© រក្សាសិទ្ធិដោយ thmeythmey.com