ជាតិ
ក្រសួងអប់រំជ្រើសរើសនិស្សិតបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងអប់រំចំនួន ៦០នាក់
×
ដោយ៖ ហួ ឆេងស៊ីម
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំការប្រឡងជ្រើសរើស និងបណ្ដុះបណ្ដាលនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងអប់រំជំនាន់ទី៨ ចំនួន ៦០នាក់ ក្នុងនោះ ២០ នាក់នឹងទទួលបានអាហារូបករណ៍ឥតបង់ថ្លៃដែរ។ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នេះនឹងបណ្ដុះបណ្ដាលនិស្សិត រយៈពេល ២ឆ្នាំ នៅវិទ្យាស្ថានជាតិអប់រំ រៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃសអាទិត្យ។
បើតាមសេចក្តីជូនដំណឹងដែលបានចុះហត្ថលេខាដោយរដ្ឋមន្ត្រីអប់រំលោក ហង់ ជួន ណារ៉ុន បេក្ខជនអាចមានសិទ្ធិប្រឡង លុះត្រាតែខ្លួនកំពុងបម្រើការងារនៅអង្គភាពនានាក្រោមឱវាទទីស្តីការក្រសួងអប់រំ យុវជន និងកីឡា និងមន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្ត។ បេក្ខជន ត្រូវមានបទពិសោធន៍ការងារចាប់ពី៥ឆ្នាំឡើងទៅ និងត្រូវមានលិខិតវាយតម្លៃសកម្មភាពការងារពីប្រធានអង្គភាព។
ជាមួយគ្នានេះ បេក្ខជនត្រូវមានសញ្ញាបត្រ ឬវិញ្ញាបនបត្របណ្តោះអាសន្នថ្នាក់បរិញ្ញាបត្រ ឬសញ្ញាបត្រសមមូល(បាក់ឌុប)ឡើងទៅ។ សម្រាប់វិញ្ញាសាប្រឡងរួមមាន វប្បធម៌ទូទៅ ភាសាអង់គ្លេស និងគ្រប់គ្រងអប់រំ។ បេក្ខជនដែលមានចំណាប់អារម្មណ៍ អាចដាក់ពាក្យចាប់ពីថ្ងៃផ្សាយដំណឹងនេះរហូតដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ៥:០០ ល្ងាច នៅដេប៉ាតឺម៉ង់គ្រប់គ្រង និងផែនការ នៃវិទ្យាស្ថានជាតិអប់រំ។
សូមបញ្ជាក់ថា ការប្រឡងជ្រើសរើសនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ ដោយក្រសួងអប់រំ នឹងជូនដំណឹងទាក់ទងនឹងមណ្ឌលប្រឡងតាមក្រោយ៕
Tag:
អប់រំ
បរិញ្ញាបត្រជាន់ខ្ពស់
គ្រប់គ្រង
© រក្សាសិទ្ធិដោយ thmeythmey.com