កីឡាជាតិ
ជាតិ
វីដេអូ
​លោក ស៊ុំ វណ្ណា ផ្តោត​មើល​កីឡាករ​របួស​ដោយ​មិនបាន​ឃើញ លោក ហុក សុចិ​ត្រា ដើរទៅ​ចាប់ដៃ​
23, Jul 2019 , 4:23 pm        
រូបភាព
លោក ហុក សុចិត្រា (ឆ្វេង)អបអរជាមួយជ័យជម្នះរបស់វិសាខា ខណៈលោក ស៊ុំ វណ្ណា បង្ហាញទឹកមុខសោកស្តាយ, រូបភាពពី CNCC
លោក ហុក សុចិត្រា (ឆ្វេង)អបអរជាមួយជ័យជម្នះរបស់វិសាខា ខណៈលោក ស៊ុំ វណ្ណា បង្ហាញទឹកមុខសោកស្តាយ, រូបភាពពី CNCC
ដោយ:
​លោក ស៊ុំ វណ្ណា គ្រូបង្វឹក​ភ្នំពេញ​ក្រោ​ន​បាន​បកស្រាយ​ថា ការខកខាន​ចាប់ដៃ​ជាមួយ​លោក ហុក សុចិ​ត្រា ដោយសារ​លោក​រវល់​មើ​ល​កីឡាករ​រងរបួស ដែល​ដេក​ដួល​នៅ​ទីលាន ហើយ​មិនបាន​ចាប់អារម្មណ៍​ថា អ្នកចាត់ការ​ទូទៅ​វិសាខា ដើរទៅ​សំដៅ​ទៅរក​ខ្លួន​។ ករណីនេះ កើតឡើង​ក្រោយ​ភ្នំពេញ​ក្រោ​ន​ចាញ់​វិសាខា ៤-៣ នៅ​សប្តាហ៍​ទី​១៦ នៃ​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ នៅ​កីឡដ្ឋាន​វិសាខា ដែលមាន​អ្នកទស្សនា​ផ្ទាល់​ប្រមាណ​៥៥០០​នាក់​។​


 
​ទាំង​លោក ហុក សុចិ​ត្រា និង​លោក ស៊ុំ វណ្ណា សុទ្ធតែ​បាន​បដិសេធថា គ្មាន​បញ្ហា​អន់​ចិត្តនឹង​គ្នា​នោះទេ​។ អ្នកចាត់ការ​ទូទៅ​ក្លិប​បាល់ទាត់​វិសាខា​លោក ហុក សុចិ​ត្រា បាន​បញ្ជាក់ថា លោក​មិន​អន់ចិត្ត ឬ​ប្រកាន់​ចំពោះ​ការបដិសេធ​មិន​ចាប់ដៃ​ពី​សំណាក់​លោក ស៊ុំ វណ្ណា គ្រូបង្វឹក​បណ្តោះអាសន្នរ​បស់​ភ្នំពេញ​ក្រោ​ន ដែលជា​សិស្ស​ប្អូន​នោះទេ​។ លោក​បានប្រកាស​ពី​ជំហរ​ថា វិសាខា​តែងតែ​អប់រំ​គ្រូបង្វឹក កីឡាករ មន្ត្រី និង​បុគ្គលិក​ឲ្យ​ជៀសវាង​តបត​នឹង​អ្វីដែល​គេ​ធ្វើ​មិនល្អ​មកលើ​ពួកគេ​។   


 
«​ខ្ញុំ​អត់​ដែល​គិតពី​អ្វីដែល​គាត់​ធ្វើ​នោះទេ នេះ​គឺជា​សុជីវធម៌​របស់គាត់ បើ​គាត់​គិតថា គាត់​ធ្វើបែបនេះ​ជា​ទង្វើ​ល្អជា​រឿង​របស់គាត់ តែ​ខ្ញុំ​អត់​មាន​ប្រកាន់​មាន​អ្វី​ទាំងអស់ ហើយក៏​មិន​ខ្វល់​ជាមួយ​ពួកគាត់​ដែរ ព្រោះ​ពួកគាត់​ជា​សិស្ស​ប្អូន​ខ្ញុំ​។ តាំងពីដើម​ខ្ញុំ​មិនដែល​ប្រតិកម្ម​ជាមួយ​ទង្វើ​អាក្រក់​របស់​អ្នកដទៃ​មកលើ​ពួកយើង​នោះទេ គឺ​យើង​ធ្វើ​តែ​ទង្វើ ដែល​ឈានទៅរក​ភាពជោគជ័យ​»​។ លោក ហុក សុចិ​ត្រា លើកឡើង​បែបនេះ​ក្រោយ​ជំនួប​វិសាខា​ចាញ់​ភ្នំពេញ​ក្រោ​ន ៤-៣ កាលពី​ថ្ងៃអាទិត្យ​សប្តាហ៍​មុន​។​
 
​លោក ស៊ុំ វណ្ណា គ្រូបង្វឹក​ភ្នំពេញ​ក្រោ​ន​បាន​បកស្រាយ​ថា ការខកខាន​ចាប់ដៃ​ជាមួយ​លោក ហុក សុចិ​ត្រា ដោយសារ​លោក​រវល់​មើ​ល​កីឡាករ​រងរបួស ដែល​កំពុង​ដេក​ដួល​នៅ​ទីលាន ហើយ​មិនបាន​ចាប់អារម្មណ៍​ជាមួយ​លោក ហុក សុចិ​ត្រា ដែល​ដើរ​សំដៅ​មករក​លោក​។ លោក​អះអាងថា លោក ហុក សុចិ​ត្រា បាន​ទះ​ស្មា​លោក​ដែល​កំពុង​ផ្តោតអារម្មណ៍​លើ​កីឡាករ​ពីក្រោយ រួច​ហើយក៏​ដើរទៅ​វិញ ជាហេតុ​ធ្វើ​ឲ្យ​លោក​មិនអាច​តបត​ទាន់​ស្ថានភាព​នៅពេលនោះ​។     
 
«​ខ្ញុំ​ឃើញ​គាត់​ដើរមក​កន្លែង​ខ្ញុំ​ពីរដង ដោយ​លើក​ទី​១ គាត់​ដើរ​ហួស​ផុត លើក​ទី​២ គាត់​មកទៀត​តែ​ទៅ​ចាប់ដៃ​ជាមួយ​អ្នកផ្សេង ពេលនោះ​ខ្ញុំ​គិតថា គាត់​ប្រហែល​មិន​សំដៅ​មករក​ខ្ញុំ​ទេ ទើប​ខ្ញុំ​ងាក​ទៅ​មើល​កីឡាករ​ខ្ញុំ​ដូចជា Shane និង Zazai ដែល​កំពុង​រងរបួស​ដេក​ដួល​លើ​ទីលាន ហើយ​គាត់​ក៏បាន​មក​ទះ​ស្មា​ខ្ញុំ​ពីក្រោយ ហើយក៏​ដើរទៅ​បាត់​»​។​
 
​សម្រាប់​លោក ស៊ុំ វណ្ណា ការ​ខន​ខាន​ចាប់ដៃ មិនមែនជា​ទង្វើ​អាក្រក់​នោះទេ ព្រោះ​វា​រឿង​បន្ទាប់បន្សំ​ក្នុងការ​ប្រកួត​បាល់ទាត់​។ អ្វីដែល​សំខាន់​គ្រូបង្វឹក ក៏ដូចជា​ក្លិប​ទាំងមូល​ធ្វើយ៉ាងណា​រៀបចំ​ក្រុម​និង​ទម្រង់​លេង​ឲ្យ​បានល្អ ដើម្បី​ទាក់ទាញ​អ្នកគាំទ្រ​ឲ្យ​មក​ទស្សនា​ឲ្យ​បាន​ច្រើន​។ ការគោរព​របស់​គ្រូបង្វឹក​អំឡុងពេល​ប្រកួត គឺ​ត្រូវ​អប់រំ​កីឡាករ និង​សតិអារម្មណ៍​របស់​ពួកគេ​ឲ្យ​បានល្អ ដើម្បី​បញ្ចៀស​ការប៉ះទង្គិច និង​ធ្វើ​ឲ្យ​ការប្រកួត​ប្រព្រឹត្ត​ទៅដោយ​រលូន​ប្រកបដោយ​បច្ចេកទេស​។​
 
​នា​ការប្រកួត​ដ៏​ស្វិតស្វាញ​រវាង​ក្រុម​វិសាខា​ជាមួយ​ភ្នំពេញ​ក្រោ​ន​នៅ​កីឡដ្ឋាន​វិសាខា​បាន​ទាក់ទាញ​អ្នកទស្សនា​រហូត​៥,៥១២​នាក់ ដែល​ជួយ​ឲ្យ​ក្លិប​បាល់ទាត់​វិសាខា ក្លាយជា​ក្លិប​ដែលមាន​អ្នក​ផ្ទាល់​ច្រើនជាងគេ​។ វា​ក៏​ជា​កំណត់ត្រា​ថ្មី​សម្រាប់​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​ផងដែរ​៕     

Tag:
 Cambodian League
  ហុក សុចិ​ត្រា​
  វិសាខា​
  ស៊ុំ វណ្ណា​
  ភ្នំពេញ​ក្រោ​ន
© រក្សាសិទ្ធិដោយ thmeythmey.com