ជាតិ
យុវជន​កម្ពុជា​ចាប់ផ្តើម​យកចិត្តទុកដាក់​នឹង​ផលប៉ះពាល់​ពី​ប្លា​ស្ទិ​ច​តាមរយៈ​ការងារ​សង្គម​
24, Jul 2019 , 8:19 am        
រូបភាព
កញ្ញា អាត សុធាវី ស្ថាបនិក Think Plastic កំពុង​ធ្វើ​បទ​បង្ហាញ​អំពី​ការកាត់បន្ថយ​ការប្រើប្រាស់​ផ្លាស្ទិច​នៅកម្ពុជា ក្នុង​កម្មវិធី «ពិធី​បុណ្យ​ផ្លាស្ទិច» ដែល​ធ្វើ​ឡើង​ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៩។ (កាន់ វិច្ឆិកា/VOA)
កញ្ញា អាត សុធាវី ស្ថាបនិក Think Plastic កំពុង​ធ្វើ​បទ​បង្ហាញ​អំពី​ការកាត់បន្ថយ​ការប្រើប្រាស់​ផ្លាស្ទិច​នៅកម្ពុជា ក្នុង​កម្មវិធី «ពិធី​បុណ្យ​ផ្លាស្ទិច» ដែល​ធ្វើ​ឡើង​ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៩។ (កាន់ វិច្ឆិកា/VOA)
ដោយ: VOA
​រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​សៅរ៍ ទី​២០ ខែកក្កដា កន្លងទៅនេះ យុវជន​មួយក្រុម​ដែល​ធ្វើការ​ពាក់ព័ន្ធ​នឹង​ការការពារ​បរិស្ថាន បានរួម​គ្នា​ចែករំលែក​បទពិសោធន៍​ការងារ​របស់​ពួកគេ ក្នុង​កម្មវិធី​ដែលមាន​ឈ្មោះថា «​ពិធីបុណ្យ​គ្មាន​ផ្លា​ស្ទិ​ច​»​។ កម្មវិធី​នេះ​ធ្វើឡើង​ដើម្បី​បង្កើន​ការយល់ដឹង​ដល់​ប្រជាពលរដ្ឋ​ដើម្បី​ឲ្យ​ពួកគាត់​កាត់បន្ថយ​ការប្រើប្រាស់​ផ្លា​ស្ទិ​ច​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​។​

 
​នៅ​ប្រទេស​កម្ពុជា សម្ភារៈប្រើប្រាស់​ធ្វើ​ពី​ផ្លា​ស្ទិ​ច ដូចជា​កែវ​ជ័រ ស្បោង និង​ប្រអប់​ធ្វើ​ពី​ជ័រ​ប្លា​ស្ទិ​ច​ជាដើម ត្រូវបាន​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ និង​មិនទាន់មាន​ការគ្រប់គ្រង​ត្រឹមត្រូវ​នៅឡើយ​។ ទន្ទឹមនឹង​កង្វះ​ការគ្រប់គ្រង និង​ការយល់ដឹង​អំពី​ផលប៉ះពាល់​ពី​ការប្រើប្រាស់​សម្ភារៈ​ផ្លា​ស្ទិ​ច​ទាំងនេះ យុវជន​មួយក្រុម បាន​ប្រមូល​ផ្តុំគ្នា​ដើម្បី​ធ្វើ​បទ​បង្ហាញ​ជំរុញ​ការយល់ដឹង​ដល់​ប្រជាពលរដ្ឋ និង​ដើម្បី​កាត់បន្ថយ​ការប្រើប្រាស់​សម្ភារៈ​ប្លា​ស្ទិ​ច​ទាំងនេះ​។​


អ្នកចូលរួម​កំពុង​ទស្សនា​វីដេអូ​ឯកសារ​ដែល​មាន​ចំណង​ជើងថា «A Plastic Ocean» ដែល​រៀបរាប់អំពី​ផ្លាស្ទិច​បង្ក​ផល​ប៉ះពាល់បរិស្ថាន និង​សត្វ​ក្នុង​សមុទ្រ ក្នុង​កម្មវិធី ពិធី​បុណ្យគ្មានផ្លាស្ទិច ដែល​ធ្វើ​ឡើង​ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៩។ (កាន់ វិច្ឆិកា/VOA)
 
​យុវជន​ទាំងនេះ​មកពី​មជ្ឈដ្ឋាន​ផ្សេងៗ​គ្នា ដូចជា​មកពី​អង្គការក្រៅរដ្ឋាភិបាល និង​មកពី​មហាវិទ្យាល័យ​មួយចំនួន បាន​ចូលរួម​កម្មវិធី​មួយ​កាលពី​ថ្ងៃ​សៅរ៍​។ កម្មវិធី​នេះ​មាន​ឈ្មោះថា​«​ពិធីបុណ្យ​គ្មាន​ប្លា​ស្ទិ​ច​» បង្កើតឡើង​ដើម្បី​ចែករំលែក​ទៅដល់​យុវជន​ដទៃទៀត​និង​ប្រជាពលរដ្ឋ​ទូទៅ​ឲ្យ​បាន​យល់ដឹង​កាន់តែច្រើន​អំពី​ផលប៉ះពាល់​នៃ​សម្ភារៈ​ប្លា​ស្ទិ​ច​។​
 
​លោក ឈិ​ត វណ្ណាត ស្ថាបនិក​សហគមន៍​ផ្លា​ស្ទិ​ច​ដែលជា​ក្រុមយុវជន​ធ្វើការ​កែច្នៃ​ធុងសំរាម​និង​ផ្លា​ស្ទិ​ច និង​ប្រើប្រាស់​សំរាម​ឡើងវិញ​បញ្ជាក់ថា​៖
 
«​អ្វីដែល​យើង​បាន​ចែករំលែក​ទៅ​ពួកគាត់ ពួកគាត់​នឹង​យក​វា​ទៅ​អនុវត្ត ហើយ​ពួកគាត់​នឹង​យកទៅ​ផ្សព្វផ្សាយ​តៗ​គ្នា […] ហើយ​យើង​សង្ឃឹមថា ប្រទេស​យើង​នឹងមាន​ការយល់ដឹង​ច្រើន​អំពី​ប្លា​ស្ទិ​ច ហើយក៏​យើង​សង្ឃឹមថា យើង​នឹងចូលរួម​ក្នុងការ​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ច​»​។​


លោក ឈិត វណ្ណាត ស្ថាបនិកសហគមន៍​ផ្លាស្ទិច ធ្វើបទបង្ហាញអំពី​សកម្មភាព​ការងារ​ដើម្បី​កាត់​បន្ថយ​ផ្លាស្ទិច ក្នុង​គោល​ដៅ​ធ្វើ​ឲ្យ​បរិស្ថាន​នៅ​កម្ពុជា​មានភាព​ប្រសើរឡើង ក្នុង​កម្មវិធី ពិធី​បុណ្យគ្មានផ្លាស្ទិច ដែល​ធ្វើ​ឡើង​ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៩។ (កាន់ វិច្ឆិកា/VOA)
 
​នៅ​ទូទាំងប្រទេស​កម្ពុជា​ក្នុង​មួយថ្ងៃ មាន​សំរាម​ប្រមាណ​ជាជាង​១​ម៉ឺន​តោន​ត្រូវបាន​ផលិតឡើង​។ ចំណែក​នៅ​រាជធានី​ភ្នំពេញ​មាន​ថង់​ប្លា​ស្ទិ​ច​ចំនួន​ជាង​១០​លាន​ថង់ ត្រូវបាន​ប្រើប្រាស់​ក្នុង​មួយថ្ងៃ​។ នេះ​បើតាម​របាយការណ៍​រប​ស់​ក្រសួងបរិស្ថាន​។​
 
​ការស្ទង់មតិ​មួយ​កាលពី​ចុងឆ្នាំ ២០១៥ ស្ដីអំពី​ការប្រើប្រាស់​ថង់​ប្លា​ស្ទិ​ច​នៅ​កម្ពុជា ដោយ​អង្គការ ACRA ដែល​ធ្វើការ​ប្រឆាំងនឹង​ភាពក្រីក្រ បង្ហាញថា ប្រជាជន​កម្ពុជា​ម្នាក់​ជា​មធ្យម​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ច​ចំនួន ២០០​ថង់​ក្នុង​មួយខែ​និង​ជាង ២០០០​ថង់​ក្នុង​មួយឆ្នាំ​។​
 
​ការស្ទង់មតិ​នោះ​បញ្ជាក់ថា ថង់​ប្លា​ស្ទិ​ចមួយ​គីឡូ​មានតម្លៃ​ជា​មធ្យម ៨០០០​រៀល និង​ថា ជា​រៀងរាល់ឆ្នាំ រដ្ឋាភិបាល​កម្ពុជា​បាន​ខាតបង់​ថវិកា​អស់​រាប់រយ​លាន​ដុល្លារ​ពី​កាកសំណល់​ថង់​ប្លា​ស្ទិ​ចនេះ​។​
 
​កញ្ញា អាត សុធាវី ស្ថាបនិក Think Plastic ដែលជា​យុទ្ធនា​ការកែប្រែ​ឥរិយាបថ​ក្នុងកា​ប្រើប្រាស់​ផលិតផល​ប្លា​ស្ទិ​ច​តាមរយៈ​ការបង្កើត​វីដេអូ​លើកឡើងថា ប្លា​ស្ទិ​ច​អាច​បន្ថយ​បាន​លុះត្រាតែ​ប្រជាពលរដ្ឋ ជាពិសេស​យុវជន បង្កើត​ការជជែក​ពិភាក្សា និង​ផ្លាស់ប្តូរ​ឥរិយាបថ​នៃ​ការប្រើប្រាស់​ប្លា​ស្ទិ​ច​។ ស្ត្រី​វ័យ​៣៣​ឆ្នាំ​រូបនេះ​បាន​ប្រាប់​ឲ្យ​យុវជន​ដែល​ចូលរួម​ក្នុង​កម្មវិធី​«​ពិធីបុណ្យ​គ្មាន​ប្លា​ស្ទិ​ច​» នោះ ឲ្យ​ប្រើប្រាស់​ដប​ទឹក​ដែល​អាច​ប្រើប្រាស់​ឡើងវិញ​បាន ត្រូវដាក់​ប្រអប់​និង​ថង់​ក្រណាត់​តាម​ខ្លួន​ជាដើម​។​


លោក គង់ ស៊ីដែន​ អ្នកថតរូប ​កំពុង​ធ្វើ​បទ​បង្ហាញ​អំពី​គោលបំណង​នៃ​ការ​ថត​រូប​ដែលមាន​ចំណង​ជើង​ថា «ខាងក្នុងផ្លាស្ទិច» ដោយ​រៀបរាប់អំពី​ប្លាស្ទិច​កំពុង​គ្របដណ្តប់​លើ​បរិស្ថានក្នុង​ប្រទេស​កម្ពុជា ​ក្នុង​កម្មវិធី ពិធី​បុណ្យគ្មានផ្លាស្ទិច ដែល​ធ្វើ​ឡើង​ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៩។ (កាន់ វិច្ឆិកា/VOA)
 
«​ខ្ញុំ​រំពឹងថា ប្រទេស​កម្ពុជា​យើង ខ្ញុំ​មើល​ទំនោរ​២០​ឆ្នាំ​ទៀត គឺ​យើង​នឹងមាន​ការកែប្រែ​ច្រើន​ពាក់ព័ន្ធ​នឹង​ប្លា​ស្ទិ​ច​របស់​យើង ត្រូវបាន​កែច្នៃ ប្រជាជន​របស់​យើង​មានការ​ដឹង យើង​មាន​អ្នក clear [​សម្អាត​] សំរាម​គ្រប់កន្លែង​ហ្នឹង ឲ្យ​២០​ឆ្នាំ​ចុះ​។ អញ្ចឹង​២០​ឆ្នាំ​ហ្នឹង​គឺ​ត្រូវ​ពឹង​លើ​អ្នក​ទាំងអស់គ្នា​ហ្នឹងហើយ​»​។​
 
​ក្នុង​កម្មវិធី​ដែលមាន​យុវជន​កម្ពុជា​ប្រមាណ​៥០​នាក់​ចូលរួម ក្រុមយុវជន​បរិស្ថាន​ទាំងនោះ បាន​លើកទឹកចិត្ត​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ច​តាមរយៈ ការបង្ហាញ​រូបថត និង​ការបង្ហាញ​អំពី​វីដេអូ​រៀបរាប់​ពី​ផលប៉ះពាល់​របស់​ប្លា​ស្ទិ​ច​។​
 
​ក្នុង​របាយការណ៍​ស្រាវជ្រាវ​មួយ​មាន​ចំណងជើង​ថា បញ្ហា​ប្រឈម​នៃ​ការគ្រប់គ្រង​សំរាម​នៅ​កម្ពុជា និង​បទពិសោធន៍​នៃ​ការគ្រប់គ្រង​សំរាម​នៅ​ប្រទេស​ផ្សេងៗ​របស់​វិទ្យាស្ថាន​សភា​កម្ពុជា ចេញផ្សាយ​កាលពី​ខែឧសភា ឆ្នាំ​២០១៥ បានបង្ហាញ​ពី​ផលប៉ះពាល់​នៃ​សំរាម​ដែល​មិន​រលាយ ថា​ធ្វើ​ខូចខាត​ប្រព័ន្ធ​ទឹក និង​លូ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវិត​សត្វ និង​សុខភាព​មនុស្ស​។ អាច​បង្ក​ជា​ជំងឺ​ផ្លូវដង្ហើម និង​មហារីក​ជាដើម​។​
 
​លោក គង់ ស៊ី​ដែន អ្នក​ថតរូប បានបង្ហាញ​រូបថត​ចំនួន​៩​សន្លឹក ដែល​ផ្តិត​យក​ទិដ្ឋភាព​ថង់​ប្លា​ស្ទិ​ច ដើម្បី​បង្ហាញ​អំពី​ប្លា​ស្ទិ​ច​កំពុង​គ្របដណ្តប់​លើ​បរិស្ថាន​នៅ​កម្ពុជា​។​
 
«​អ្វីដែល​ខ្ញុំ​រំពឹង​បំផុត​ហ្នឹង​គឺ rethink about it again [​គិតពី​វា​ឡើងវិញ​ម្តងទៀត​] ការគិត​ក្នុងការ​ប្រើប្រាស់​ប្លា​ស្ទិ​ច ហើយ​និង​ការ​ចោល​ប្លា​ស្ទិ​ច​ហ្នឹង តើ​វា​មាន​ផលប៉ះពាល់​អ្វីខ្លះ​ដល់​គាត់ មនុស្ស​ជុំវិញ ខ្លួន​គាត់ និង​អនាគត​ទៅមុខទៀត​»​។​
 
​ក្នុង​កម្មវិធី​ដដែល នេះ​ក៏មាន​ការចាក់ផ្សាយ​វីដេអូ​ឯកសារ​ដែលមាន​ចំណងជើង​ថា «A Plastic Ocean» ដែល​រៀបរាប់​អំពី​ផ្លា​ស្ទិ​ចប​ង្ក​ផលប៉ះពាល់​ដល់​បរិស្ថាន និង​សត្វ​ក្នុង​សមុទ្រ ដល់​អ្នកចូលរួម​ផងដែរ​។​
 
​បច្ចុប្បន្ន​គេ​ឃើញ​មាន​យុវជន​ជាច្រើន​កំពុង​ធ្វើ​សកម្មភាព​និង​យុទ្ធនាការ​ផ្សេងៗ​ដើម្បី​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ច​។ យុវជន​មួយចំនួន​ផ្តោត​សំខាន់​លើ​ការប្រមូល​សំរាម​នៅតាម​ប្រឡាយ​លូទឹកស្អុយ យុវជន​ខ្លះ​រចនា​ម៉ូត​សម្លៀកបំពាក់​ដែល​មិន​ប្រើប្រាស់​វត្ថុធាតុដើម​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន ខ្លះ​បង្កើត​ធុងសំរាម​វ័យឆ្លាត ខ្លះ​ច្នៃប្រឌិត​សម្លៀកបំពាក់​ពី​ថង់​ប្លា​ស្ទិ​ច​ដើម្បី​ដាក់តាំង​ពិព័រណ៍​បង្ហាញ​ពី​ផលប៉ះពាល់​នៃ​ថង់​ប្លា​ស្ទិ​ច​ជាដើម​។​
 
​លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ​ក្រសួងបរិស្ថាន បញ្ជាក់ថា ឥរិយាបថ​របស់​ប្រជាជន​កម្ពុជា​ក្នុងការ​ប្រើប្រាស់​ប្លា​ស្ទិ​ច មានការ​កើនឡើង​ដោយសារ​តម្រូវការ និង​ជីវភាព​ប្រចាំថ្ងៃ​។ លោក​បន្តថា រដ្ឋាភិបាល​លើកទឹកចិត្ត​យុវជន​ដែល​តែង​ចូលរួម​រាល់​សកម្មភាព​ក្នុងការ​ការពារ​បរិស្ថាន និង​ជំរុញ​ឲ្យ​យុវជន ព្រមទាំង​ប្រជាពលរដ្ឋ​ទាំងអស់​រួមគ្នា​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ច​បន្ថែមទៀត​៕


យុវជន​កំពុង​ឈរ​មើល​រូបថតមាន​ចំណង​ជើង​ថា «ខាងក្នុង​ប្លាស្ទិច» រៀបរាប់អំពី​ប្លាស្ទិច​កំពុង​គ្រប់ដណ្តប់​លើ​បរិស្ថានក្នុង​ប្រទេស​កម្ពុជា របស់​យុវជន គង់ ស៊ីដែន ត្រូវ​បាន​ដាក់​តាំង​បង្ហាញ​ក្នុង​កម្មវិធី ពិធី​បុណ្យ​គ្មាន​ផ្លាស្ទិច ដែល​ធ្វើ​ឡើង​ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៩។ (កាន់ វិច្ឆិកា/VOA)
 

© រក្សាសិទ្ធិដោយ thmeythmey.com