ONE Championship
កីឡាជាតិ
ជាតិ
គ្រូ ហ៊ុន ច័ន្ទ​រាជ្យ ប្រាប់​មូលហេតុ​ពី​ការដកខ្លួន​របស់ ចាន់ សំអាត នៅ​សង្វៀន ONE
24, Jul 2019 , 10:19 pm        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី​
 
​អ្នកលេង​គុន​ចម្រុះ ចាន់ សំអាត មកពី​ក្លិប Cambodian Top Team ដែល​គ្រោងឡើង​សង្វៀន  ONE Championship ជាថ្មី​នា​ថ្ងៃទី ៦ ខែ សីហា ខាងមុខ ដោយ​ជួប​កីឡាករ​មី​យ៉ាន់​ម៉ា Punnya Say នៅ​ប្រទេស​សិង្ហ​បុរី បែ​ជា​ត្រូវ​ដកខ្លួន​ទៅវិញ​ព្រោះតែ​បញ្ហា​របួស​។ សំអាត ត្រូវបាន​គេ​បង្ហើប​ថា​នឹង​ឡើង​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​ចន្លោះ​ពី ៥៦ ទៅ ៦០ គីឡូក្រាម ដែលជា​គីឡូ​ដើម​របស់ខ្លួន បន្ទាប់ពី​ឡើង​ប្រកួត​លើក​មុនៗ​នៅ​សង្វៀន ONE គឺ ត្រូវ​ដំឡើង​ដល់ ៦៥ គីឡូក្រាម​ទើប​មាន​គូប្រកួត​។


 
​ទាក់ទិន​នឹង​បញ្ហា​នេះ លោក ហ៊ុន ច័ន្ទ​រាជ្យ គ្រូបង្វឹក​នៅ​ក្លិប Cambodian Top Team បាន​ថ្លែងថា ៖«​ខ្ញុំ​សម្រេចចិត្ត​ដក​ឈ្មោះ ចាន់ សំអាត ចេញពី​បញ្ជី​ប្រកួត​នៅ សង្វៀន ONE នា​ដើមខែ​សីហា នៅ​ប្រទេស​សិង្ហ​បុរី ហើយ ព្រោះ​របួស​មិនទាន់​ជាសះស្បើយ ១០០%​។ កន្លងមក​ថ្មីៗ​នេះ ហ្វឹកហាត់ MMA ក៏​អត់​កើត​ដែរ ព្រោះ​រលាក​ស្បែក​កំភួនជើង​»​។ ចាន់ សំអាត របួស រលាក​បំពង់​ស៊ី​មុាំង​ម៉ូតូ​ចំ​កំភួនជើង​ខាងស្ដាំ​រយៈពេល​ជាង ១ ខែ​មកហើយ ខណៈដែល ស្មងជើង​ក៏មាន​បញ្ហា​របួស​ដូចគ្នា​។ 


 
​គ្រូបង្វឹក​ដដែល​សង្កត់​ធ្ងន់​ថា ៖«​យើង​អត់​មាន​កីឡាករ​ជំនួស​គីឡូ​ដូច​សំអាត​ទេ និង​អត់​មាន​សមត្ថភាព​ដូច​សំអាត​ដែរ ហើយ ខាង ONE ក៏​គេ​រក​កីឡាករ​ជំនួស​រួចរាល់​ហើយ​ដែរ​។ វា​គួរ​ឲ្យ​ស្ដាយ​សម្រាប់ សំអាត​។ សប្ដាហ៍​មុននេះ​ក៏​ខកចិត្ត​ទៀត មិនត្រូវ​ឲ្យ​គេ​ចាញ់​ពិន្ទុ​កីឡាករ​ថៃ ផេ​ត​ង៉ា​ម កាល​វ៉ៃ​ខ្សែក្រវាត់​នៅ​ប៉ុស្តិ៍​អាស៊ីអាគ្នេយ៍​វគ្គ​ខ្វែង​ទាល់តែសោះ​។ អាណិត សំអាត ដែរ ខាត​គ្នា​ទាំងស្រុង​!»​។ 
 
​ជាមួយគ្នានេះ​អតីត​កូនសិស្សលោក​ឡោ វុទ្ធី នៅ​ក្លិប កងពលធំ​អន្តរាគមន៍​លេខ​៣​ខេត្តព្រះវិហារ​បានបញ្ជាក់​ដែរ​ថា​៖« ពេល​ខ្ញុំ​ឡើង​វ៉ៃ ខ្សែក្រវាត់ គឺ ខ្ញុំ​ពាក់​សា​លូ​ជើង​ដើម្បី​កុំ​ឲ្យ​គេ​ឃើញ​ស្នាម​។ មួយរយៈ​នេះ​ខ្ញុំ​ជាប់​វ៉ៃ​ខ្សែក្រវាត់​ផង​។ ប៉ុន្តែ​បើ​អត់​ជាប់​វៃ​ខ្សែក្រវាត់​ក៏​ខ្ញុំ​ហ្វឹកហាត់ MMA អត់​កើត​ដែរ​បង​... ព្រោះ​ខ្ញុំ​ត្រូវ​ប្រើ​ក្បាច់​ចាប់ ហើយ​ត្រូវ​ប៉ះ​របួស​ដដែល​។ ខ្ញុំ​ពិបាក​ហ្វឹកហាត់ MMA»​។​
 
​កីឡាករ​គុន​ចម្រុះ​វ័យ ២៦ ឆ្នាំ​រូបនេះ​សង្កត់ធ្ងន់ថា ៖«​ច្បាប់​នៅ ONE គេ​តឹងតែង​ណាស់ បើ​ឃើញ​ស្នាមរបួស​ខ្ញុំ​មិនទាន់​ជា​បែបនេះ ក៏​គេ​មិន​ឲ្យ​ប្រកួត​ដែរ​។ ដូច្នេះ​មានតែ​រង់ចាំ​ឱកាស​លើក​ក្រោយ​ទៀត​ប៉ុណ្ណោះ​»​។ 
 
​យ៉ាង​ក៏ដោយ គ្រូបង្វឹក និង​ជា​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​យុទ្ធ​គុន​ចម្រុះ​កម្ពុជា​មិនទាន់​ដឹងថា ពេលណា កូនសិស្ស​មកពី​ឧត្ដរមានជ័យ​អាច​ឡើង​ប្រកួត​នៅ​សង្វៀន​អន្តរជាតិ ONE បាន​ទៀត​នោះទេ ប៉ុន្តែ​រឿង​សំខាន់ គឺ ត្រូវ​ហ្វឹកហាត់​ដិតដល់ និង សម្រាក​ព្យាបាល​របួស​ឲ្យ​ជាសះស្បើយ​សិន​។ 
 
​គួរ​ដឹងថា ចាន់ សំអាត​ជា​ម្ចាស់​ខ្សែក្រវាត់ Khmer Warrior Challenge វគ្គ​៣ ឬ ហៅថា ជើងឯក​កីឡា​វាយ​ក្នុង​ទ្រុង​វគ្គ​៣​របស់​ស្ថានីយទូរទស្សន៍ ស៊ី​ធី​អិន និង MyTV​។ ក្នុងការ​ប្រកួត​ចុងក្រោយ​នៅ​សង្វៀន ONE ចាន់ សំអាត ចាញ់​ពិន្ទុ​កីឡាករ​ម៉ុង​ហ្គោ​លី Shinechagtaga Zoltsetseg កាល​ចុងខែ មេសា ឆ្នាំ ២០១៩៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com