កីឡាជាតិ
ជាតិ
វីដេអូ
ថ្នាក់ដឹកនាំ​ក្លិប​ការពារជាតិ និង​ភ្នំពេញ​ក្រោ​ន​សរសើរ​ធនធាន​កីឡាករ​គ្នា​ទៅវិញទៅមក​
26, Jul 2019 , 8:29 am        
រូបភាព
លោក ខូវ ឆាយ (ឆ្វេង)និងលោក កែវ សុខង៉ន
លោក ខូវ ឆាយ (ឆ្វេង)និងលោក កែវ សុខង៉ន
ដោយ:
​ទាំង​ថ្នាក់ដឹកនាំ​ក្លិប​បាល់ទាត់​ការពារ​តំណែង​ជើងឯក​ក្រសួងការពារជាតិ​(​ទ័ព​)​និង​ភ្នំពេញ​ក្រោ​ន​សុទ្ធតែ​បង្ហាញ​ក្តីកង្វល់​លើ​ទម្រង់​លេង​រៀងៗ​ខ្លួន ក្រោយ​ចាប់ឆ្នោត​ប៉ះគ្នា​នៅ​វគ្គ​១/៤​ពានរង្វាន់​សម្តេច ហ៊ុន សែន ថ្នាក់ជាតិ​។ វា​នឹង​ក្លាយជា​ជំនួប​ដ៏​តានតឹង ដ្បិត​ពួកគេ​មាន​មហិច្ឆតា​ចង់​លើក​ពាន​នៅ​ឆ្នាំនេះ បន្ទាប់ពី​ភ្នំពេញ​ក្រោ​ន​បាន​ខកខាន​ឱកាស​គ្រង​ជើងឯក​តាំងពី​ឆ្នាំ​២០១០ ខណៈ​ទ័ព​ត្រូវការ​ការពារ​តំណែង​ជើងឯក​។​

 
​ទាំង​ភ្នំពេញ​ក្រោ​ន​និង​ក្រសួងការពារជាតិ​សុទ្ធតែ​ជឿជាក់ថា ការជួបគ្នា​របស់​ពួកគេ​ក្នុង​វគ្គ​៨​ក្រុម​ចុងក្រោយ​ពានរង្វាន់​សម្តេច ហ៊ុន សែន នឹង​ក្លាយជា​ការប្រកួត​ដ៏​ជក់ចិត្ត​និង​តានតឹង ដ្បិត​ក្រុម​ទាំងពីរ​ស​ប្បូរ​ធនធាន​យុវជន ដែល​បណ្តុះបណ្តាល​ដោយ​ពួកគេ​ផ្ទាល់​។ ក្រសួងការពារជាតិ ដែល​ក្រុម​ការពារ​តំណែង​ជើងឯក បានបង្ហាញ​ក្តីកង្វល់​លើ​ធនធាន​យុវជន​របស់​ភ្នំពេញ​ក្រោ​ន ក្នុង​ការបង្ក​គ្រោះថ្នាក់​ដល់​ក្រុម​ខ្លួន​។​
 
  
«​ខ្ញុំ​ជឿជាក់ថា វា​នឹង​ក្លាយជា​ការប្រកួត​ដ៏​តានតឹង និង​ជក់ចិត្ត​សម្រាប់​ទស្សនិកជន ដោយសារ​ភ្នំពេញ​ក្រោ​ន​គាត់​មាន​កីឡាករ​វ័យក្មេង​ល្អៗ​ច្រើន ហើយ​ទ័ព ក៏មាន​កីឡាករ​ដែល​បណ្តុះបណ្តាល​ដោយ​ខ្លួនឯង​ច្រើន​ផងដែរ​។ ប៉ុន្តែ​យ៉ាង​ក៏ដោយ វា​អាស្រ័យ​លើ​ការរៀបចំ បើ​ក្លិប​ណា​រៀបចំ​បានល្អ នឹង​ទទួលបាន​លទ្ធផល​ល្អ​ក្នុង​ការប្រកួត​»​។ នេះ​ជាការ​លើកឡើង​របស់លោក ខូវ ឆាយ អ្នកចាត់ការ​ទូទៅ​ក្លិប​បាល់ទាត់​ក្រសួងការពារជាតិ ពេល​លោក​ចូលរួម​ក្នុង​ពិធី​ចាប់ឆ្នោត​ប្រកួត​វគ្គ​១/៤​ពាន​សម្តេច ហ៊ុន សែន​។ 
 
​ជាមួយគ្នានេះ​លោក កែវ សុខ​ង៉​ន អ្នកចាត់ការ​ក្រុម​ភ្នំពេញ​ក្រោ​ន​បានបង្ហាញ​ក្តីកង្វល់​លើ​ភាព​ក្មេងខ្ចី​ផ្នែក​បទពិសោធ​របស់​យុវជន និង​ឆន្ទៈ​លេង​កីឡាករ​ក្រសួងការពារជាតិ ដែល​ត្រូវការ​ជ័យជម្នះ ដើម្បី​ការពារ​តំណែង​ជើងឯក​។ តែ​យ៉ាងណា​អ្នកការ​ក្រុម​រូបនេះ​ប្តេជ្ញា​ថា នឹង​ខិតខំ​ប្រឹងប្រែង​រៀបចំ​ក្រុម​ឲ្យ​បានល្អ​ក្នុងការ​តទល់​ជាមួយ​ក្រសួងការពារជាតិ​។    
 
​អតីត​កីឡាករ​ភ្នំពេញ​ក្រោ​ន​រូបនេះ បាន​និយាយ​ដូច្នេះ​ថា​៖«​ក្រសួងការពារជាតិ​ជា​ក្រុម​ជើងឯក​ឆ្នាំ​ចាស់ ខ្ញុំ​គិតថា វា​ជាការ​ប្រកួត​ដ៏​តឹងតែង​សម្រាប់​ភ្នំពេញ​ក្រោ​ន ដោយសារ​ក្រសួងការពារជាតិ​មាន​ឆន្ទៈ​ខ្ពស់​ក្នុង​ការលេង​ពាន​សម្តេច​។ សម្រាប់​ភ្នំពេញ​ក្រោ​ន​ធ្វើ​ម៉េច​បើ​យើង​ឆាប់​ឆ្នោត​ប៉ះ​ហើយ មានតែ​ខំប្រឹងប្រែង​និង​រៀបចំ​ក្រុម​ឲ្យ​បានល្អ សម្រាប់​ត្រៀម​ប្រកួត​ជាមួយ​ក្រសួងការពារជាតិ​»​។​
 
​លោក​បាន​បន្ថែមថា​៖«​អ្វី​ដែលជា​ក្តីកង្វល់ គឺ​យើង​នៅតែ​ខ្វល់​កីឡាករ​យើង​មាន​វ័យក្មេង ហើយ​គាត់​អត់​សូវ​មាន​បទពិសោធ​លេង​នៅលើ​ទីលាន​។ ការលេង​ជាមួយ​បាល់​យើង​ឃើញថា គាត់​ល្អ តែ​យើង​ខ្វល់​លើ​បទពិសោធ​លេង​លើ​ទីលាន​។ ព្រោះ​អីយើ​ង​ដឹង​ហើយ​ថា ក្រសួងការពារជាតិ​គេ​មាន​កីឡាករ​ចាស់ទុំ​ច្រើន​នាំ​លេង នេះហើយ​ជា​ឧបសគ្គ​របស់​យើង​»​។ 
 
​ទន្ទឹមនឹង​ភ្នំពេញ​ក្រោ​ន​ចាត់ទុក​ការការពារ​តំណែង​ជើងឯក​ជា​ចលករ​ជំរុញ​ឲ្យ​កីឡាករ​ក្រសួងការពារជាតិ​មាន​ឆន្ទៈ​ខ្ពស់​ក្នុង​ការលេង ផ្ទុយទៅវិញ​លោក ខូវ ឆាយ អះអាងថា កត្តា​នេះ​ជា​សម្ពាធ​សម្រាប់​ក្រុម​ខ្លួន​ទៅវិញ​ទេ​។ លោក​បាន​រៀបរាប់​ដូច្នេះ​ថា​៖«​ក្នុងនាម​យើង​ជា​ក្រុម​ការពារ​តំណែង​ជើងឯក យើង​ក៏មាន​សម្ពាធ​ខ្លះ​ដែរ ដោយសារ​យើង​ធ្លាប់ធ្វើ​បានល្អ​នៅ​ឆ្នាំ​ចាស់ យើង​ត្រូវតែ​បន្តធ្វើ​ឲ្យ​បានល្អ​បន្ថែមទៀត ដើម្បី​ទស្សនិកជន​និង​ថ្នាក់ដឹកនាំ ដែល​គាត់​រំពឹងថា​នឹង​ទទួលបាន​លទ្ធផល​ល្អ​។ ដូច្នេះ​វា​ជា​សម្ពាធ​មួយ​សម្រាប់​យើង​ក្នុងការ​ប៉ះ​ជាមួយ​ភ្នំពេញ​ក្រោ​ន​»​។ 
 
​មុន​ឡើងមក​ជួបគ្នា​នៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​ផ្តាច់ព្រ័ត្រ​នៃ​ពានរង្វាន់​សម្តេច ហ៊ុន សែន ថ្នាក់ជាតិ ក្រសួងការពារជាតិ​បាន​ទម្លាក់​អាស៊ី​អឺរ៉ុប​ជាមួយ​លទ្ធផល ៦-៣ នៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ ខណៈ​ភ្នំពេញ​ក្រោ​ន​ទម្លាក់​កំពង់ចាម ២៤-០​។ បើ​មើ​លពី​ប្រវត្តិ​ក្រុម​ក្រសួងការពារជាតិ​ធ្លាប់​ឈ្នះ​ជើងឯក​៣​លើក​(២០១០, ២០១៦, ២០១៨) និង​ជើងឯក​រង​១​លើក​នៅ​ឆ្នាំ​២០១៣ រីឯ​ភ្នំពេញ​ក្រោ​ន​ធ្លាប់​ឈ្នះ​ជើងឯក​ពីរលើក​នៅ​ឆ្នាំ​២០០៨ និង​២០០៩ និង​បាន​ជើងឯក​រង​១​លើក​នៅ​ឆ្នាំ​២០១០​។ 
 
​សម្រាប់​ការចាប់​ឆ្នោត​វគ្គ​១/៤​ពានរង្វាន់​សម្តេច ហ៊ុន សែន នៅ​ថ្ងៃទី​២៤ កក្កដា ឆ្នាំ​២០១៩ ក្រុម​វិសាខា​ប៉ះ​ជាមួយ​គីរីវង់​សុខ​សែន​ជ័យ រីឯ​ព្រះខ័ន​រាជ​ស្វាយរៀង​ប៉ះ​អង្គ​រថា​យ​ហ្គឺ​រ ខណៈ​បឹងកេត​ប៉ះ​សូល​ទី​ឡូ​អង្គរ និង​ភ្នំពេញ​ក្រោ​ន​ជួប​ក្រសួងការពារជាតិ​។ ការប្រកួត​ជើង​ទី​១​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​៧-៨ ខែសីហា និង​ជើង​ទី​២​នៅ​ថ្ងៃទី​២១-២២ ខែសីហា ឆ្នាំ​២០១៩​។ ប៉ុន្តែ​កាលបរិច្ឆេទ​នេះ​អាចមាន​ការប្រែប្រួល​៕   

Tag:
 Hun Sen Cup 2019
  ខូវ ឆាយ​
  កែវ សុខ​ង៉​ន​
© រក្សាសិទ្ធិដោយ thmeythmey.com