អន្តរជាតិ
ទឹក​កែច្នៃ​គឺជា ផ្នែក​មួយ​នៃ​គម្រោង​របស់​ទីក្រុង Perth ដើម្បី​ដោះស្រាយ​បម្រែបម្រួល​អាកាសធាតុ​នៅ​អូស្ត្រាលី​
26, Jul 2019 , 7:59 pm        
រូបភាព
ដោយ: VOA
​ស៊ីដនី ៖ ខណៈពេលដែល​ទីក្រុង​ដែល​ត្រូវបាន​ប៉ះពាល់​ដោយ​គ្រោះរាំងស្ងួត​នៅ​ទូទាំង​រដ្ឋ New South Wales និង Queensland ខិតជិត​ទៅរក​ការ​គ្មាន​ទឹក​ប្រើប្រាស់​ទាំងស្រុង រដ្ឋាភិបាល​សហព័ន្ធ​និង​រដ្ឋ​ទាំងអស់​នៅក្នុង​ប្រទេស​អូស្ត្រាលី​កំពុង​ព្យាយាម​ស្វែងរក​វិធី​ដើម្បី​ធានា​ឲ្យ​មានការ​ផ្គត់ផ្គង់​ទឹក​នាពេល​អនាគត​។​

 
​ប៉ុន្តែ​នៅ​ម្ខាង​ទៀត​នៃ​ទ្វីប​នេះ ទីក្រុង Perth បាន​ឈាន​ទៅមុខ​ក្នុងការ​មានទឹក​ប្រើប្រាស់​គ្រប់គ្រាន់ បន្ទាប់ពី​ការថយចុះ​នៃ​ការ​ធ្លាក់ភ្លៀង​អស់​រយៈពេល​យូរ​។ ផ្នែក​មួយ​នៃ​ផែនការ​ជួយសង្គ្រោះ​នេះ​ពឹងផ្អែក​ទៅលើ​ទឹក​ដែល​បាន​កែច្នៃ​ឡើងវិញ​ពី​ទឹក​បង្គន់​។ នេះ​គឺជា​ជំហាន​ដែល​អ្នកប្រើប្រាស់​ទឹកជា​ច្រើន​នៅ​កន្លែង​ផ្សេងទៀត​យល់ឃើញថា កខ្វក់​។​
 
​ចាប់តាំងពី​ឆ្នាំ​២០១៧​មក ប្រជាពលរដ្ឋ​រស់នៅ​ទីក្រុង Perth នៃ​ភាគ​ខាងលិច​ប្រទេស​អូស្ត្រាលី​បាន​កំពុង​ទទួលទាន​ទឹក​ដែល​បាន​កែច្នៃ​ពី​ទឹកលូ​។ ទឹក​ត្រូវបាន​ចម្រោះ​ដោយ​ប្រើ​ដំណើរការ​មួយ​ហៅថា reverse osmosis ដែល​ស្រដៀង​ទៅនឹង​ការបង្ខំ​ឲ្យ​ទឹក​ឆ្លងកាត់​អេ​ប៉ុង​ដ៏​ធំ​មួយ​។ បន្ទាប់មក​ទឹក​ត្រូវបាន​យកទៅ​សម្លាប់​មេរោគ​ជាមួយនឹង​កាំរស្មី អុល​ត្រា វី​យូ​លេ នៅឯ​រោងចក្រ​ចម្រោះ​ទឹក​មួយ ហើយ​ទឹក​ត្រូវបាន​បូម​ចូលទៅក្នុង​ទឹកធម្មជាតិ និង​បូម​ចេញមក​វិញ​។​
 
​ទីក្រុង Perth គឺជា​ទីក្រុង​ដែលមាន​ប្រជាជន​២​លាន​នាក់​រស់នៅ​។ អ្នកស្រី Clare Lugar ដែល​មកពី​ក្រុមហ៊ុន​ទឹក Water Corporation នៃ​ភាគ​ខាងលិច​ប្រទេស​អូស្ត្រាលី​និយាយថា វិធី​នេះ​ត្រូវតែ​ធ្វើ​ឲ្យ​ស្របតាម​ការប្រែប្រួល​អាកាសធាតុ​។​
 
​អ្នកស្រី​បាន​មានប្រសាសន៍ថា​៖
 
«​ពួកយើង​ដឹងថា ចាប់ពី​ពាក់កណ្តាល​ទសវត្សរ៍​ទី​៧០​មក កម្រិត​ទឹកភ្លៀង​នៅ​ទីក្រុង Perth បាន​ធ្លាក់ចុះ​ប្រហែលជា ២០​ភាគរយ ហើយ​ការណ៍​នេះ​មាន​ផលប៉ះពាល់​ដ៏​ធំ​មួយ​ទៅដល់​ប្រភពទឹក​ដែល​ពឹង​ផ្អែកលើ​អាកាសធាតុ​»​។​
 
​អ្នកស្រី Lugar និយាយថា ការបញ្ចុះ​បញ្ចូល​ប្រជាពលរដ្ឋ​ឲ្យ​យល់​ពី​សារៈប្រយោជន៍​នៃ​ទឹក​ដែល​បាន​កែច្នៃ​ពី​ទឹក​កខ្វក់​ពិតជា​ត្រូវការ​ពេល​យូរ​។​
 
​អ្នកស្រី​បាន​មានប្រសាសន៍​បន្តទៀតថា​៖
 
«​តាមពិត​មាន​ភាគរយ​តូច​ប៉ុណ្ណោះ​នៃ​ទឹក ដែល​ចូលទៅក្នុង​រោងចក្រ​ចម្រោះ​ទឹក មកពី​បង្គន់​របស់​ពួកយើង​។ ប៉ុន្តែ​ការឈប់​គិតពី​គំនិត​និង​រូបភាព​ដែលថា​អ្នក​ប្រហែលជា​កំពុង​បរិភោគ​ទឹក​ដែល​អ្នក​បាន​ប្រើ​នៅ​បង្គន់ គឺ​ប្រហែលជា​បញ្ហា​ប្រឈម​មួយ​របស់​ពួកយើង​តាំងពី​ដំបូង​»​។​
 
​រោងចក្រ​បន្សាប​ទឹកប្រៃ​ចំនួន​ពីរ​ផ្គត់ផ្គង់​ទឹក​ពាក់កណ្តាល​ឲ្យ​ទីក្រុង​Perth​។ ទឹក​មាន​សារៈសំខាន់​ណាស់ ប៉ុន្តែ​ការកែច្នៃ​នេះ​ផលិត​ទឹកបាន​ចំនួន​តែ​២​ភាគរយ​ប៉ុណ្ណោះ​នៃ​ទឹក​សរុប​។ ប៉ុន្តែ​តួលេខ​នេះ​ត្រូវបាន​គេ​រំពឹងថា​នឹង​កើនឡើង​ឆាប់ៗ​នេះ​។​
 
​លោក Ian Wright អ្នកជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​បរិស្ថាន​នៅឯ​សាកលវិទ្យាល័យ Western Sydney មានជំនឿថា តំបន់​ផ្សេងៗ​ទៀត​នៃ​ប្រទេស​អូស្ត្រាលី​គួរតែ​ជ្រើស​យក​វិធី​កែច្នៃ​ទឹក​។​
 
​លោក​បាន​មានប្រសាសន៍ថា​៖
 
«​នៅក្នុង​ទីក្រុង ស៊ីដនី ទឹក​ដែល​បាន​ប្រើប្រាស់​ហើយ​ប្រហែលជា ១៥០​លីត្រ​ក្នុង ១​ថ្ងៃ​សម្រាប់​មនុស្ស​ម្នាក់​ត្រូវបាន​បោះចោល​ទាំងស្រុង​ហើយ​យើង​មានការ​បន្សាប​ទឹកប្រៃ​នៅ​ឆ្នេរ ប៉ុន្តែ​រដ្ឋធានី Canberra វិញ​មិនមាន​វិធី​បន្សាប​ទឹកប្រៃ ហើយ​ទីក្រុង​ដែល​ត្រូវ​រង​ប៉ះពាល់​ដោយ​គ្រោះរាំងស្ងួត​ដូចជា Tamworth Dubbo និង​Broken Hill ពួកគេ​អាច​ប្រើប្រាស់​វិធី​បន្សាប​ទឹកប្រៃ​ពី​ឥឡូវ​បាន​»​។​
 
​ប្រទេស​អូស្ត្រាលី​គឺជា ទ្វីប​ដែល​ស្ងួត​ជាងគេ​នៅក្នុង​ពិភពលោក​។ ទឹក​មានតម្លៃ ហើយ​នៅ​កន្លែង​ជាច្រើន​មិនមាន​ទឹក​គ្រប់គ្រាន់​ប្រើប្រាស់​នោះទេ​។ ច្រើនជាង​៩៥​ភាគរយ​នៃ​រដ្ឋ New South Wales ដែលជា​រដ្ឋ​មាន​ប្រជាជន​ច្រើនជាងគេ​របស់​ប្រទេស​អូស្ត្រាលី ស្ថិតក្នុង​គ្រោះរាំងស្ងួត​ជា​ផ្លូវការ ហើយ​នៅពេល​៣​ខែ​ខាងមុខនេះ ត្រូវបាន​គេ​ព្យាករណ៍​ថា​នឹង​ស្ងួត​ជាង​កម្រិត​មធ្យម​ទៅទៀត​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com