អន្តរជាតិ
នាយករដ្ឋមន្ត្រី​ថ្មី​អង់គ្លេស ចង់បាន​កិច្ចព្រមព្រៀង​ចាកចេញ​ថ្មី តែ​អឺរ៉ុប​ថា ទេ​!
26, Jul 2019 , 11:43 am        
រូបភាព
នាយករដ្ឋមន្រ្តីអង់គ្លេស បូរីស ចនសុន ។ រូបភាព AFP
នាយករដ្ឋមន្រ្តីអង់គ្លេស បូរីស ចនសុន ។ រូបភាព AFP
​នាយករដ្ឋមន្ត្រី​ថ្មី​របស់​ចក្រភព​អង់គ្លេស បូរី​ស ច​ន​សុន (Boris Johnson) នៅ​ថ្ងៃទី​២៥ ខែកក្កដា បានប្រកាស​ជំហរ​ចង់​ឡើងវិញ​ជាមួយ​សហភាព​អឺរ៉ុប​លើ​កិច្ចព្រមព្រៀង​លែងលះគ្នា​។ លោក ច​ន​សុន ចាត់ទុក​កិច្ចព្រមព្រៀង​ដែល​បន្សល់ទុក​ដោយ​អតីត​នាយករដ្ឋមន្ត្រី​លោកស្រី ថេ​រ៉េ​សា ម៉េ​យ៍ ជា​កិច្ចព្រមព្រៀង​មិនអាច​ទទួលយក​បានឡើយ​។ ប៉ុន្តែ​ជំហរ​របស់​រដ្ឋាភិបាល​អង់គ្លេស​នេះ ក៏​ជា​រឿង​មិនអាច​ទទួលយក​បានដែ​រ​សម្រាប់​សហភាព​អឺរ៉ុប​។​

 
​ចក្រភព​អង់គ្លេស ទំនង​ត្រូវ​លែងលះ​ជាមួយ​សហភាព​អឺ​រ៉ុ​ន​នៅ​ថ្ងៃទី​៣១ ខែតុលា​ខាងមុខ​ដោយ​គ្មាន​កិច្ចព្រមព្រៀង​ហើយ ខណៈដែល​មេដឹកនាំ​ថ្មី​របស់​អង់គ្លេស និង​មេដឹកនាំ​អឺរ៉ុប​មាន​ជំហរ​ផ្ទុយគ្នា​លើ​ការចរចា​ឡើងវិញ​។ នា​កិច្ចប្រជុំសភា​ដំបូង លោក បូរី​ស ច​ន​សុន ដែល​ទើប​ក្លាយជា​នាយករដ្ឋមន្ត្រី​ថ្មី​របស់​អង់គ្លេស និយាយថា កិច្ចព្រមព្រៀង​ចាក​ចេញពី​សហភាព​អឺរ៉ុប​របស់លោក​ស្រី ថេ​រ៉េ​សា ម៉េ​យ៍ មិនអាច​ទទួលយកបាន​ឡើយ​។ 
 
​រឿង​ដែល​ប្រមុខ​រដ្ឋាភិបាល​អង់គ្លេស​មិន​ពេញចិត្ត​ជាងគេ គឺ​កិច្ចព្រមព្រៀង​នេះ បន្ត​ឲ្យ​អង់គ្លេស​ស្ថិត​ក្នុងការ​សហភាព​ពន្ធគយ​របស់​អឺរ៉ុប​សិន​ក្រោយពេល​ចាកចេញ រហូតដល់​ការសម្រេច​ចិត្តបាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​មួយ​សំដៅ​បើកចំហ​ព្រំដែន​ឲ្យ​អៀរ​ឡង់​។ លោក ច​ន​សុន ដែល​ប្រកាសថា អង់គ្លេស​នឹង​ចាក​ចេញពី​អឺរ៉ុប​នៅ​ថ្ងៃទី​៣១ ខែតុលា ទោះ​មាន ឬ​មិនមាន​កិច្ចព្រមព្រៀង​នោះ ចង់​ឲ្យ​អង់គ្លេស​ចេញផុត​ពី​អឺរ៉ុប ដោយមាន​ជំពាក់​វា​ក់វិន​អ្វី​ទៀតឡើយ​។​
 
​អំឡុង​កិច្ចប្រជុំសភា លោក ច​ន​សុន បាន​ទទូច​ឲ្យ​មេដឹកនាំ​អឺរ៉ុប​គិតគូរ​ឡើងវិញ​ពី​ជំហរ​ចរ​ជាថ្មី​ជុំវិញ​កិច្ចព្រមព្រៀង​លែងលះ​។ នាយករដ្ឋមន្ត្រី​ដែល​គាំទ្រ​ការចាកចេញ​ពី​អឺរ៉ុប​តាំងពី​ប្រជាមតិ​ខែមិថុនា ឆ្នាំ​២០១៦ និយាយ​បែប​ព្រមាន​ថា​៖ «​ប្រសិនបើ​ពួកគេ​មិន​យល់ស្រប​ទេ យើង​ច្បាស់​ជា​ចេញពី​អឺរ៉ុប​ទាំង​គ្មាន​កិច្ចព្រមព្រៀង​មិន​ខាន​។​» លោក​ក៏​ប្រកាស​ត្រៀមខ្លួន​ដើម្បី​ទប់ទល់​ក្នុងករណី​សេណា​រី​យូ​បែបនេះ​កើតឡើង​មែន​នោះ​។ 
 
​អង់គ្លេស​ចង់​ចរចា​ឡើងវិញ​? អឺរ៉ុប​មិន​ព្រម​ទេ​។ លោក ហ្ស​ង់​-​ក្លូដ ចាំង​គើ ប្រធាន​គណៈកម្មការ​អឺរ៉ុប​ប្រា​ប់លោក ច​ន​សុន បែបនេះ​ក្នុង​កិច្ចសន្ទនា​តាម​ទូរ​សព្ទ​នៅ​ថ្ងៃទី​២៥ ខែកក្កដា​។ លោកស្រី Mina Andreeva អ្នកនាំពាក្យ​លោក ចាំង​គើ បាន​ស្រង់​សម្ដី​មេដឹកនាំ​អឺរ៉ុប​រូបនេះ​ថា លោក​ប្រធាន​គណៈកម្មការ​អឺរ៉ុប បាន​ស្ដាប់​កា​លើកឡើង​របស់លោក ច​ន​សុន និង​បាន​ប្រាប់​នាយករដ្ឋមន្ត្រី​អង់គ្លេស​វិញ​ថា កិច្ចព្រមព្រៀង​បច្ចុប្បន្ន ល្អ​ជាងគេ​ហើយ​។​
 
​ចំណែកឯ​លោក Michel Barnier ប្រធាន​ក្រុម​ចរចា​របស់​អឺរ៉ុប ចាត់ទុក​ជំហរ​របស់លោក ច​ន​សុន ជាការ​ប៉ុនប៉ង​បំបែក​សហភាព​អឺរ៉ុប​តាមរយៈ​ការបង្កើន​សម្ពាធ​រឿង​ចាកចេញ​ដោយ​គ្មាន​កិច្ចព្រមព្រៀង​។ លោក​ចាត់ទុក​សម្ដី​រប​ស់លោក​នាយករដ្ឋមន្ត្រី​ថ្មី​អង់គ្លេស ជា​រឿង​មិនអាច​ទទួលយក​បានឡើយ ហើយ​អឺរ៉ុប​ក៏​ត្រៀមលក្ខណៈ​សម្រាប់​ករណី​ដែល​គ្មាន​កិច្ចព្រមព្រៀង​ផងដែរ​។ លោក Barnier ក៏​បញ្ជាក់ថា លោក​មិន​ទទួល​អំណាច​ដើម្បី​ចរចា​ជាថ្មី​ឡើយ​៕ 

Tag:
 អង់គ្លេស​
  EU
  Brexit
  អឺរ៉ុប​
  បូរី​ស ច​ន​សុន​
© រក្សាសិទ្ធិដោយ thmeythmey.com