ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
អតីតអ្នកកាសែតអាស៊ីសេរី រំពឹងថាតុលាការនឹងទម្លាក់បទចោទ
26, Jul 2019 , 10:40 pm        
រូបភាព
លោក អ៊ួន ឈិន (ខាងឆ្វេង) និង លោក យាង សុជាមេត្តា ពេលចេញពីសវនាការរបស់តុលាការភ្នំពេញ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩
លោក អ៊ួន ឈិន (ខាងឆ្វេង) និង លោក យាង សុជាមេត្តា ពេលចេញពីសវនាការរបស់តុលាការភ្នំពេញ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩
ភ្នំពេញ៖ លោក អ៊ួន ឈិន និង លោក យាង សុជាមេត្តា ដែលជាអតីតអ្នកកាសែតរបស់វិទ្យុអាស៊ីសេរី បានត្អូញត្អែរពីបញ្ហាដែលពួកគេកំពុងប្រឈម ដូចជាបញ្ហាសុខភាព និងជីវភាព ខណៈតុលាការបន្តរត្រួតពិនិត្យលើសំណុំរឿងរបស់ខ្លួន។ អ្នកទាំងពីរសង្ឃឹមថា តុលាការនឹងផ្តល់យុត្តិធម៌ដល់រូបខ្លួន នៅថ្ងៃប្រកាសសាលក្រមនាថ្ងៃទី ៩ ខែសីហា ខាងមុខនេះ។ នេះបើតាមអ្វីដែលលោកបានថ្លែងប្រាប់អ្នកកាសែត នៅក្រោយសាវនាការរបស់តុលាការរាជធានីភ្នំពេញ។



លោក អ៊ួន ឈិន បានឲ្យដឹងថា គ្រួសាររបស់លោកកំពុងជួបបញ្ហាខ្វះខាតផ្នែកជីវភាព ព្រោះបច្ចុប្បន្ននេះលោកមិនអាចរកការងារបានធ្វើនោះទេ។ លោកបន្ថែមថា រូបលោកផ្ទាល់ និងភរិយាលោកក៏កំពុងមានបញ្ហាសុខភាព ហើយលោកចង់ទៅពិនិត្យសុខភាព និងសម្រាកព្យាបាលនៅក្រៅប្រទេស។ ប៉ុន្តែលោកមិនត្រូវបានអនុញ្ញាតឲ្យធ្វើដំណើរទៅក្រៅប្រទេសបានទេ ខណៈលោកកំពុងស្ថិតនៅក្រោមការត្រួតពិនិត្យរបស់អាជ្ញាធរនៅឡើយ។

លោកបាននិយាយដូច្នេះថាថា៖«យើងចង់បានថា ឲ្យយើងមានសេរីភាពពេញលេញ តុលាការបញ្ចប់បទចោតសព្វបែបយ៉ាងទៅ យើងងាយស្រួលក្នុងការដាក់សុំការងារ ឬក៏ស្វះស្វែងរកការងារ កុំឲ្យម្ចាស់ការងារគេទើសទាល់ និងស្ទាក់ស្ទើរក្នុងការទទួលយក»។

លោក យាង សុជាមេត្តា បានឲ្យដឹងថា លោកពិតជាមានការលំបាកក្នុងការធ្វើដំណើរទៅលេងឪពុកម្ដាយរបស់លោកដែលរស់នៅទឹកដីកម្ពុជាក្រោម ដែលស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធររៀតណាម ព្រោះលិខិតឆ្លងដែនរបស់លោកស្ថិតនៅក្នុងដៃសមត្ថកិច្ចនៅឡើយ។ លោកបន្តថា ចំពោះជីវភាពគ្រួសារមិនចោទជាបញ្ហានោះទេ ខណៈបច្ចុប្បន្ននេះលោកទទួលបានឱកាសការងារពីអង្គការក្រៅរដ្ឋាភិបាលមួយ។

លោកបាននិយាយថា៖«ខ្ញុំមិនទាន់មានសេរីភាពគ្រប់គ្រាន ជាក់ស្ដែង ខ្ញុំមិនទាន់អាចធ្វើដំណើរទៅណាបាន មិនអាចធ្វើដំណើទៅលេងស្រុកកំណើតខ្ញុំ ដើម្បីសួរសុខទុក្ខឪពុកម្ដាយខ្ញុំបានទេ វាពិបាក ខ្ញុំមិនទាន់បានលិខិតឆ្លងដែនមកវិញ យើងនៅពិបាកក្នុងការដើហើរ។ ចំពោះការងារមិនអីទេ រាល់ថ្ងៃមានការងារនៅអង្គការក្រៅរដ្ឋាភិបាលធ្វើ ប៉ុន្តែវាមិនទាន់ជ្រះស្រឡះ»។

អ្នកទាំងពីរ បានរងបទចោទចំនួនពីរ គឺបទប្រគល់ឲ្យបរទេសនូវព័ត៌មានជាអាទិ៍ ដែលធ្វើឲ្យអន្តរាយដល់ការការពារជាតិ ក្រោយតុលាការ រកឃើញថាបានដំឡើងប្រព័ន្ធផ្សព្វផ្សាយ និងផលិតព័ត៌មាន ហើយបញ្ជូនទៅឲ្យស្ថាប័នរបស់ខ្លួន ដែលមានមូលដ្ឋាននៅរដ្ឋធានីវ៉ាស៊ីតោននៃសហរដ្ឋអាមេរិក និងបទផលិតវីដេអូអាសអាភាស អាចប្រឈមនឹងទោសជាប់ពន្ធនាគារពី ៧ ដល់ ១៥ ឆ្នាំ ប្រសិនបើតុលាការរកឃើញថាពួកគេមានពិរុទ្ធភាព។ ទាំងលោក អ៊ួន ឈិន និង លោក យ៉ាង សុជាមេត្តា បានសង្ឃឹមថាយ៉ាងមុតមាំថា តុលាការនឹងផ្តល់យុត្តិធម៌ដល់ពួកលោកនាថ្ងៃទី ៩ ខែសីហាខាងមុខនេះ៕ 

Tag:
 អ៊ួន ឈិន
  យាង សុជាមេត្តា
  តុលាការ
  ច្បាប់
  សារព័ត៌មាន
© រក្សាសិទ្ធិដោយ thmeythmey.com