ជាតិ
​​​ន​យោ​បាយ​ជាតិ​
​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ៖​អ្នករាយការណ៍​ពិសេស​UN មិនមែនជា​ចៅក្រម​វិនិច្ឆ័យ​លើ​ច្បាប់​កម្ពុជា​ទេ​
27, Jul 2019 , 3:19 pm        
រូបភាព
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ និងជាអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងអ្នកស្រី Rhona Smith អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ និងជាអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងអ្នកស្រី Rhona Smith អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ
 ​ភ្នំពេញ​៖ គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា បកស្រាយ​ករណី​លោក កែម ឡី លោក គង់ រ៉ៃ​យ៉ា លោក សួង នាគព័ន្ធ និង​អ្នកកាសែត​អាស៊ីសេរី​២​នាក់ ប្រាប់​ទៅ​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស ដែល​បាន​ចោទប្រកាន់​រដ្ឋាភិបាល កាលពី​ថ្ងៃទី​២៦ កក្កដា​ថា រឹតត្បិត​សិទ្ធិសេរីភាព​បញ្ចេញមតិ និង​ការជួបប្រជុំ​ដោយ​សន្តិវិធី​។ អម​ជាមួយ​ការបកស្រាយ​នេះ ស្ថាប័ន​សិទ្ធិមនុស្ស​កម្ពុជា ក៏បាន​ចំអក​វិញ​ថា អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ មិនមែនជា​ចៅក្រម​វិនិច្ឆ័យ​លើ​ការអនុវត្ត​ច្បាប់​នៅ​កម្ពុជា​នោះទេ​។​

 
​មុននឹង​បកស្រាយ​ករណី​ខាងលើនេះ អ្នកនាំពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា បាន​បដិសេធថា ការលើកឡើង​របស់​អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ គឺជា​ការចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ ប្រឆាំងនឹង​រដ្ឋាភិបាល​កម្ពុជា​។ សម្រាប់​អ្នកនាំពាក្យ​សិទ្ធិមនុស្ស​កម្ពុជា ការលើកឡើង​របស់​អ្នករាយការណ៍​ពិសេស​នេះ គឺ​ពឹង​ផ្អែកលើ​ព័ត៌មាន​ដែល​ស្ថិតនៅក្រោម​របៀប​វារៈន​យោ​បាយ និង​ស្ដង់ដារ​ពីរ​។​
 
​ឆ្លើយតប​បែបនេះហើយ អ្នកនាំពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា បាន​បកស្រាយ​ករណី​ចាប់ខ្លួន លោក គង់ រ៉ៃ​យ៉ា និង​លោក សួង នាគព័ន្ធ ថា ការចាប់ខ្លួន​នេះ មិនមែន​ជាការ​រឹតត្បិត​សិទ្ធិ​បញ្ចេញមតិ និង​ការជួបជុំ​ដោយ​សន្តិវិធី​ទេ ប៉ុន្តែ​ជាការ​អនុវត្ត​របស់​អា​ជ្ញា​ធរ ក្នុងការ​ទប់ស្កាត់​កុំ​ឲ្យ​មាន​ភាពចលាចល​ក្នុងសង្គម ដែល​កើតចេញពី​សកម្មភាព​បង្កប់​នូវ​ចេតនា​ទុច្ចរិត បញ្ឆេះ​កំហឹង​ប្រជាពលរដ្ឋ​ឲ្យ​ស្អប់ខ្ពើម​រដ្ឋាភិបាល​ប៉ុណ្ណោះ​។ លោក គង់ រ៉ៃ​យ៉ា ត្រូវបាន​តុលាការ​ចោទ​ពីបទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ ដោយសារតែ​អំពាវនាវ​លក់​អាវយឺត ដែលមាន​រូប​និង​ទ្រឹស្តី​របស់លោក​បណ្ឌិត កែម ឡី កាលពី​ថ្ងៃទី​១០ កក្កដា​។​
 
​ចំណែក​ករណី​ឃាតកម្ម​លោក​បណ្ឌិត កែម ឡី វិញ អ្នកនាំពាក្យ​សិទ្ធិមនុស្ស​ដដែល បា​នស​ង្គ​ត់​ធ្ងន់​ថា តុលាការ​បាន​បិទ​បញ្ចប់​សំណុំរឿង​ទីមួយ​ហើយ ដោយ​ផ្ដន្ទាទោស​ជនដៃដល់​ឈ្មោះ អឿ​ត អាង ហៅ ជួប សម្លាប់ ឲ្យ​ជាប់ពន្ធនាគារ​អស់​មួយជីវិត​។ ដោយឡែក​សំណុំរឿង​ដែល​បំបែក​ចេញពី​សំណុំរឿង​ទីមួយ​នេះ កំពុងស្ថិត​នៅក្នុង​ដំណើរការ​នីតិវិធីតុលាការ ក្នុងការ​អនុវត្ត​ស្វែងរក​អ្នកពាក់ព័ន្ធ ដោយ​មិនចាំបាច់​បង្កើត​ស្ថាប័ន​ឯករាជ្យ​ផ្សេង​ឡើយ​។​
 
​ងាក​មក​ករណី​ចំណាត់ការ​ផ្លូវច្បាប់​លើ​លោក អ៊ួ​ន ឈិន និង​លោក យាង សុទ្ធា​រិ​ន ខាង​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា បកស្រាយ​ថា វា​មិនមែនជា​ការវាយប្រហារ​លើ​សេរីភាព​សារព័ត៌មាន​ទេ ព្រោះ​សកម្មភាព​អ្នក​ទាំងពីរ​នេះ ត្រូវបាន​សមត្ថកិច្ចរ​ក​ឃើញថា ជា​បទល្មើស ដែល​ត្រូវ​ចោទប្រកាន់​ពីបទ​«​ប្រគល់​ឲ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ជាអាទិ៍ ដែល​នាំ​ឲ្យ​អន្តរាយ​ដល់​ការ​ការពារជាតិ​» ដោយ​ផ្អែកលើ​ព័ត៌មាន​ចារកម្ម រួមទាំង​វត្ថុតាង និង​ភស្តុតាង​ផ្សេងៗ ដែល​ប្រមូលបាន​នៅ​កន្លែង​។ សំណុំរឿង​អ្នក​ទាំងពីរ​នេះ កំពុងស្ថិត​ក្នុងដំណាក់កាល ជំនុំជម្រះ​ដល់​អង្គសេចក្តី ក្នុង​ដំណើរការ​នីតិវិធី​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​។​
 
​បកស្រាយ​បែបនេះហើយ អ្នកនាំពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា បាន​អះអាង​ការពារ​ជំហរ​រដ្ឋាភិបាល នៅក្នុង​សេចក្តីថ្លែងការណ៍ នៅ​ថ្ងៃទី​២៧ កក្កដា យ៉ាង​ដូច្នេះ​ថា​៖«​វិធានការ​ផ្លូវច្បាប់​របស់​រាជរដ្ឋាភិបាល​កន្លងមក មិនមាន​គោលដៅ​ជាក់លាក់​លើ​ក្រុម​ជន​ណាមួយ ដូច​ការចោទប្រកាន់​ដែល​គ្មាន​មូលដ្ឋាន​នោះទេ​។ ក្នុងនាម​ជា​ប្រទេស​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ ការគោរព​សិទ្ធិមនុស្ស និង​នីតិរដ្ឋ ជន​គ្រប់រូប​ត្រូវ​ទទួលខុសត្រូវ​តាមផ្លូវ​ច្បាប់ រួមទាំង​អ្នកសារព័ត៌មាន សកម្មជន​នយោបាយ និង​អង្ក​ការ​សង្គម​ស៊ីវិល​នានា​ផងដែរ មិនមែន​ដោយសារតែ​ពួកគេ​ជន​នរណា​នោះទេ តែដោយសារ​បទល្មើស​ដែល​ពួកគេ​បាន​ប្រព្រឹត្ត​»​។​
 
​បន្ថែម​ពីនេះ​អ្នកនាំពាក្យ​សិទ្ធិមនុស្ស​កម្ពុជា ចាត់ទុក​រាល់​ការអំពាវនាវ​របស់​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​មក​រដ្ឋាភិបាល ឲ្យ​ដោះលែង ឬ​លើកលែង​ការចោទប្រកាន់​ជនណាម្នាក់ ដែល​កំពុងស្ថិត​ក្រោម​នី​តិ​វិធី​តុលាការ​នោះ គឺជា​ការអំពាវនាវ​ដោយ​មិន​ផ្អែកទៅលើ​ទិដ្ឋភាព​ច្បាប់ និង​រដ្ឋធម្មនុញ្ញ​រប​ស់​កម្ពុជា​ឡើយ​។ 
 
«​អ្នករាយការណ៍​ពិសេស មិនមែនជា​ចៅក្រម​ដើម្បី​វិនិច្ឆ័យ​ថា នរណាម្នាក់​ខុស នរណា​ត្រូវ នរណា​ត្រូវ​ទទួលខុស​ការចោទប្រកាន់ ឬ​ត្រូវ​សម្រេច​ឲ្យ​រួចផុត​ពីបទ​ចោទប្រកាន់​នោះទេ​…​។ ដោយហេតុថា​តុលាការ​ជា​ស្ថាប័ន​ឯករាជ្យ ហើយ​រាជរដ្ឋាភិបាល​ជា​ស្ថាប័ន​នីតិប្រតិបត្តិ ដែល​មិនអាច​ជ្រៀត​ជ្រែកចូល​កិច្ចការ​របស់​តុលាការ ដែលជា​ស្ថាប័ន​ឯករាជ្យ​បានឡើយ​។ មានតែ​តុលាការ​ទេ ដែលមាន​សិទ្ធិ​សម្រេច​ឃុំខ្លួន ឬ​មិន​ឃុំខ្លួន លើកលែង​បទ​ចោទ ឬ​មិន​លើកលែង ផ្អែកលើ​នីតិវិធី​ច្បាប់​ដែលមាន​ជា​ធរមាន ហើយ​ដែល​មិនមាន​ស្ថាប័ន​ណា​អាច​បង្គាប់បញ្ជារ​បានឡើយ​»​។ នេះ​ជាការ​លើកឡើង​របស់​អ្នកនាំពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ដែល​ស្នើ​ឲ្យ​អ្នករាយការណ៍​ពិសេស និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ពិចារណ​ឡើងវិញ ពី​ការយល់ឃើញ និង​ការសម្រេចចិត្ត​អ្វីមួយ មកលើ​កម្ពុជា​។​
Ralate 
 
​ជុំវិញ​ការឃាត់ និង​ចាប់ខ្លួន សកម្មជន អ្នកកាសែត រួមទាំង​ករណី​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី នេះ ត្រូវបាន​មតិ​អន្តរជាតិ រិះគន់​នឹង​វាយតម្លៃ​ពី​ការធ្លាក់ចុះ​នៃ​ការគោរព​សិទ្ធិមនុស្ស សិទ្ធិ​បញ្ចេញមតិ និង​ការគំរាមកំហែង​ជាដើម​។​ជាពិសេស​ក្រុម​អ្នកជំនាញ​ផ្នែក​សិទ្ធិមនុស្ស និង​ជា​អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ (UN) តែងតែ​បង្ហាញ​ក្តីបារម្ភ​លើ​បញ្ហា​ខាងលើនេះ ដោយ​ពួកគេ​មើលឃើញថា «​អាជ្ញាធរ​កម្ពុជា កំពុង​តម្រង់​ទិសដៅ ទៅលើ​ការបញ្ចេញមតិ​និង​ការជួបជុំ​ដោយ​សន្តិវិធី​»​។ មិន​ត្រឹមតែ​អន្តរជាតិ​នោះទេ សូម្បីតែ​អង្គការ​សង្គម​ស៊ីវិល​ក្នុងស្រុក​កន្លងមក ក៏​មើលឃើញថា អាជ្ញាធរ​កំពុង​ប្រើពាក្យ​ការពារ​នីតិរដ្ឋ ដើម្បី​រិត​ត្បិត​សិទ្ធិសេរីភាព​បញ្ចេញ​មិ​ត និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ផងដែរ​៕

Tag:
 កែម ឡី​
  គង់ រ៉ៃ​យ៉ា​
  អ៊ួ​ន ឈិន​
  UN
© រក្សាសិទ្ធិដោយ thmeythmey.com