ជាតិ
សង្គមជាតិ
ឱកាស​សម្រាប់​និស្សិត​ពេទ្យ​! ការប្រកួត​ស្នាដៃ​អត្ថបទ​ស្រាវជ្រាវ​ដណ្ដើម​ពានរង្វាន់ «​គី​ណា​ល់​»
28, Jul 2019 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
 
​ដោយ​៖ ឃុន សម្ផស្ស​
​ភ្នំពេញ​៖ មូលនិធិ​គី​ណា​ល់ និង​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល នឹង​រៀបចំ​កម្មវិធី​ប្រឡងប្រជែង​ស្នាដៃ​អត្ថបទ​ស្រាវជ្រាវ​ដណ្ដើម​ពានរង្វាន់ «​គី​ណា​ល់​» លើក​ទី​៧​។ ការប្រកួតប្រជែង​នេះ មានការ​ចូលរួម​ពី​សាកលវិទ្យាល័យ បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ផ្នែក​សុខាភិបាល​ទាំងអស់​នៅ​កម្ពុជា​។ កម្មវិធី​នេះ ផ្ដល់ឱកាស​ដល់​និស្សិត​សិក្សា​ផ្នែក​សុខាភិបាល​ដូចជា ឱសថ​សាស្ត្រ វេជ្ជសាស្ត្រ ទន្ត​វទន​សាស្ត្រ ឬ​គិលានុបដ្ឋាក ដើម្បី​បង្កើន​ការសិក្សា​ស្រាវជ្រាវ​លើ​ផ្នែក​សុខាភិបាល​។​

 
​នេះ​ជា​លើក​ទី​៧​ហើយ ដែល​មូល​និ​ធី​គី​ណា​ល់ បានរៀបចំ​កម្មវិធី​ប្រឡងប្រជែង​ស្នាដៃ​អត្ថបទ​ស្រាវជ្រាវ​ដណ្តើមពាន​រង្វាន់ «​គី​ណា​ល់​»  ដោយមាន​ការចូលរួម​ពី​សាកលវិទ្យាល័យ បណ្តុះបណ្តាល​វិជ្ជាជីវៈ ផ្នែក​សុខាភិបាល​ទាំងអស់​នៅ​កម្ពុជា​។ ក្នុងការ​ប្រកួតប្រជែង​នេះ ជ័យលាភី​លេខ​១ នឹង​ទទួលបាន​ប្រាក់​ចំនួន ៤​លាន​រៀល​, លេខ​២ ចំនួន​២​លាន​រៀល​, លេខ​៣ ចំនួន​១​លាន​២០​ម៉ឺន​រៀល និង​លេខ​៤,៥, ៦ ចំនួន ៤០​ម៉ឺន​រៀល​។​
 
 
​បើតាម​សេចក្ដីជូនដំណឹង​ស្ដីពី​ការប្រកួតប្រជែង​នេះ បេក្ខជន​ត្រូវ​សរសេរ​ស្នាដៃ​ស្រាវជ្រាវ​ក្រោម​ប្រធានបទ​ស្តីពី «EVOLUTION OF PAIN TREATMENT FROM THE PAST UNTIL NOW»​។ ស្នាដៃ​របស់​បេក្ខជន ត្រូវជា​ស្នាដៃ​ដែលមាន​គំនិត​ច្នៃប្រឌិត​ថ្មី ផ្ទាល់ខ្លួន និង​មិន​ធ្លាប់​ជាប់​ការប្រឡង ឬ​ជាប់​រង្វាន់​ពីមុនមក​(​សរសេរ​ជា​ភាសា​អង់គ្លេស​)​។ បេក្ខជន ត្រូវធ្វើ​បទ​បង្ហាញ​ជា​ភាសា​ខ្មែរ ឬ​ភាសា​អង់គ្លេស​។​
 
​បេក្ខជន​ដែល​ចាប់អារម្មណ៍​លើ​ការប្រកួតប្រជែង​នេះ ត្រូវជា​និស្សិត​សិក្សា​ផ្នែក​សុខាភិបាល (​ឱសថ​សាស្ត្រ វេជ្ជសាស្ត្រ ទន្ត​វទន​សាស្ត្រ ឬ​គិលានុបដ្ឋាក​) ដោយមាន​សមាជិក​ក្រុម​មិន​លើសពី ៦​នាក់ និង​ត្រូវមាន​សមាជិក​ចម្រុះ​រវាង​២​សាកលវិទ្យាល័យ​។ បេក្ខជន​ទាំងអស់ អាច​ចុះឈ្មោះ​តាម អ៊ី​ម៉ែ​ល ចាប់​ពីថ្ងៃ​ផ្សាយដំណឹង​នេះ រហូតដល់​ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ​២០១៩​។​
 
​សូមបញ្ជាក់ថា សម្រាប់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ បេក្ខជន​ត្រូវ​ផ្ញើ​ស្នាដៃ​អត្ថបទ​ស្រាវជ្រាវ តាមរយៈ​អ៊ី​ម៉ែ​ល​ខាងលើ​។ បេក្ខជន​ដែលជា​ប់​ក្នុង​វគ្គ​ជម្រុះ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ នឹងត្រូវ​ធ្វើ​បទ​បង្ហាញ​របស់ខ្លួន​ដោយមាន​ការវាយតម្លៃ និង​ដាក់ពិន្ទុ​ដោយ​គណៈកម្មការ នៅ​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៩​។ ជាមួយគ្នានេះ ការផ្តល់​ពានរង្វាន់ នឹង​ប្រារព្ធ​ធ្វើ​នៅ​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៩៕
 

 

Tag:
 ស្រាវជ្រាវ​
  ប្រកួតប្រជែង​
© រក្សាសិទ្ធិដោយ thmeythmey.com