អន្តរជាតិ
នយោបាយអន្តរជាតិ
នាយករដ្ឋមន្ត្រីឡាវ៖ មន្ត្រីស៊ីវិលត្រូវឈប់រំលោភអំណាចយកតំណែងរដ្ឋដើម្បីតែប្រយោជន៍បុគ្គល ឬសាច់ញាតិខ្លួន
× រដ្ឋាភិបាលក្រុងវៀងចន្ទន៍ បានចេញបទបញ្ជាថ្មីមួយ ដោយបានដាក់កំហិតឲ្យទាំងមន្ត្រីក្នុងជួរបក្សកុម្មុយនីស្ត និងមន្ត្រីជួររដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់ បញ្ឈប់ការរំលោភ និងបំពានអំណាច ហើយធានាឲ្យបានការផ្តល់សាវាសាធារណៈសម្រាប់ប្រជាជនប្រកបដោយតម្លាភាព។ ក្រុងវៀងចន្ទន៍ ចង់ឃើញមន្ត្រីស៊ីវិលទាំងអស់ ប្រតិបត្តិការងារតាមក្រមប្រតិបត្តិមួយរួមគ្នា និងប្រកបដោយវិជ្ជាជីវៈ។
ចាប់ពីខែសីហាតទៅ ក្រឹត្យលេខ ១៨៤ ស្តីពីក្រមសីលធម៌របស់មន្ត្រីរដ្ឋការស៊ីវិលឡាវ ដែលទើបតែត្រូវបានចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ថុងលួន ស៊ីសូលីត នឹងត្រូវចូលជាធរមានជាផ្លូវការ។ រាល់ការប្រតិបត្តិការងារ និងឥរិយាបថរបស់មន្ត្រីស៊ីវិលទាំងអស់របស់ឡាវ នឹងត្រូវបានគ្រប់គ្រង និងពិនិត្យយ៉ាងហ្មត់ចត់តាមរយៈក្រឹត្យនេះ។
បើតាមការចុះផ្សាយរបស់សារព័ត៌មានឡាវ Laotian Times ក្រឹត្យថ្មីនេះ មានគោលដៅអប់រំដល់មន្ត្រីស៊ីវិល និងធានាថា ពួកគេ ត្រូវមានកាតព្វកិច្ចពេញលេញក្នុងការបំពេញមុខងាររបស់ខ្លួន, គោរពច្បាប់ និងផ្តល់សេវាសាធារណៈដល់ប្រជាជន ជាមួយនឹងក្តីគោរព ស្មើភាព និងរម្យទមបំផុត។ ការថែរក្សាទ្រព្យសម្បត្តិ និងយកជាតិ ជាធំ ក៏ជាចំណុចស្នូលក្នុងក្រឹត្យនេះផងដែរ។
ជាមួយនឹងគ្នានេះ តាមរយៈក្រឹត្យនេះ មន្ត្រីរដ្ឋការស៊ីវិល ត្រូវបានហាមដាច់ខាតពីការបំពានអំណាច ពោលគឺការប្រើប្រាស់អំណាចរដ្ឋ ឬសាធារណៈដើម្បីបម្រើប្រយោជន៍បុគ្គល ក្រុមគ្រួសារ និងអ្នកពាក់ព័ន្ធរបស់ខ្លួន។ ការទទួលយកអំណោយពីបុគ្គល ឬស្ថាប័ឯកជននានា ជាថ្នូរនឹងការដឹងគុណ ក៏ជាសកម្មភាពដែលរដ្ឋាភិបាលកុម្មុយនីស្តហាមដែរ។ អ្នកប្រតិបត្តិផ្ទុយ នឹងត្រូវទទួលទណ្ឌកម្មធ្ងន់ធ្ងរ។
តាម Laotian Times ការដាក់ចេញគោលនយោបាយរបស់រដ្ឋាភិបាល ធ្វើឡើងស្របពេលមានអ្នកវិនិយោគមួយចំនួន បានត្អូញត្អែរ ពីការសុំចំណាយបន្ថែមពីមន្ត្រីសាធារណៈ ដើម្បីជាការសម្រួល និងពន្លឿនឯកសារឲ្យឆាប់បាន បើមិនដូច្នេះ នីតិវិធី នឹងត្រូវអូសបន្លាយយូរ៕
© រក្សាសិទ្ធិដោយ thmeythmey.com