ជាតិ
សង្គមជាតិ
ចង់​បង្កើត​គ្រួសារ​ដែលមាន​សុភមង្គល គួរ​អនុវត្ត​៤​ដំណាក់កាល​?
28, Jul 2019 , 3:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ដើម្បី​កសាង​គ្រួសារ​ឱ្យមាន​សុភមង្គល មនុស្ស​ទូទៅ​គួរ​អនុវត្ត​៤​ដំណាក់កាល រួមមាន ដំណាក់កាល​ស្រមើស្រមៃ និង​បាន​ជួប ,​ដំណាក់កាល​ល្អឥតខ្ចោះ ,​ដំណាក់កាល​ធ្លាក់ទឹក​ចិត្ត និង​ចុងក្រោយ​ការពិចារណា​។ នេះ​បើតាម​លោក ប៉ាង រតនា មន្ត្រី​ស្រាវជ្រាវ​នៃ​វិទ្យាស្ថាន​ភាសាជាតិ នៃ​រាជបណ្ឌិតសភា​កម្ពុជា​។​

 
​លោក ប៉ាង រតនា ពន្យល់​ពី​ដំណាក់កាល​ស្រមើស្រមៃ​និង​បាន​ជួប​ថា មនុស្ស​ម្នាក់ៗ​តែងតែមាន​ការស្រមើស្រមៃ​ចង់បាន​គូ​អនាគត​ដែលមាន​បុគ្គលិកលក្ខណៈ ឬ​រូបសម្បត្តិ​និង​រូប​សម្រស់​តាម​ដែល​ខ្លួន​ប្រាថ្នា​។ បន្ទាប់មក​ពួកគេ​ក៏បាន​ជួប​ពិតមែន​។​
 
​បន្ទាប់មក​ក៏​ចូលដល់​ដំណាក់កាល​ទី​២ ដែលជា​ដំណាក់កាល​«​ល្អឥតខ្ចោះ​»​។ ពួកគេ​នឹង​មើលឃើញ​ឬ​ចាប់អារម្មណ៍​តែ​ចំណុច​ល្អ ដែល​គូភាគី​មាន​ប៉ុណ្ណោះ​។ តាមពិតទៅ​ក្នុងដំណាក់កាល​នេះ ភាគី​ទាំងពី​ក៏បាន​បង្ហាញ​ចំណុច​មិនល្អ​របស់ខ្លួន​ដែរ ប៉ុន្តែ​ដោយ​អំណាច​ក្ដី​ស្នេហ៍​ដែល​ត្រូវ​នឹង​ពាក្យចាស់​មួយ​ឃ្លា​ថា «​ឃ្លាន​ឆ្ងាញ់ ស្រឡាញ់​ល្អ​» នោះ ពួកគេ​ក៏​មិនបាន​យកចិត្តទុកដាក់​ឬ​ចាប់អារម្មណ៍​លើ​ចំណុច​មិនល្អ​ទាំងនោះ​។​
 
«​ធ្លាក់​ទឹកចិត្ត​» ជា​ដំណាក់កាល​ទី​៣ ដែល​លោក ប៉ាង រតនា ថា​សំខាន់បំផុត​ក្នុងការ​ជ្រើសរើស​គូស្រករ​។ បើតាម​លោក រតនា ដំណាក់កាល​នេះ គឺជា​ពេលវេលា​ដែល​គូភាគី​ទាំងពីរ ចាប់ផ្ដើម​មើលឃើញ​កំហុស​គ្នា ឬ​ចំណុច​ដែល​ខ្លួន​មិន​ពេញចិត្ត ហើយក៏​ជា​ពេលដែល​ពួកគេ​ឈ្លោះ​គ្នាច្រើន​ដែរ​។ សូម្បីតែ​កំហុស​ដ៏​តូច​មួយ ក៏​ពួកគេ​អាចយ​កមក​ធ្វើជា​ហេតុផល​បានដែរ​។​
 
​ក្រោយពី​មើលឃើញ​ពី​ចំណុច​មិនល្អ​របស់​គូភាគី ពួកគេ​ត្រូវតែ​អនុវត្ត​ដំណាក់កាល​ទី​៤ ដែលជា​ដំណាក់កាល​«​ពិចារណា​»​។ ស្ថិតក្នុង​ដំណាក់កាល​នេះ​លោក ប៉ាង រតនា ឱ្យ​គូភាគី​ទាំងពីរ​ត្រូវ​ដកឃ្លា​ទៅ​គិតពិចារណា​រៀងៗ​ខ្លួន តាម​កាលកំណត់​មួយ​ច្បាស់លាស់ តែ​មិនឱ្យ​យូរ​ខែ​ឬ​ឆ្នាំ​ពេក​នោះទេ ព្រោះ​វា​អាច​ចូល​ពាក្យចាស់​មួយ​ឃ្លា​ទៀតថា «​ឃ្លាត​កាយ ណាយចិត្ត​»​។​
 
​ពួកគេ​ត្រូវ​រកឱ្យឃើញ​ថា​ចំណុច​មិនល្អ​របស់​គូភាគី ជា​ចំណុច​សំខាន់​ខ្លាំង​ឬទេ​ក្នុង​ជីវិត​គូ​។ បើសិនជា​គេ​គិតថា​ចំណុច​អវិជ្ជមាន​នោះ​ជា​បញ្ហា​ធំ ហើយ​គេ​មិនអាច​ទទួលយកបាន នោះ​ពួកគេ​គួរតែ​បែក​គ្នា​ឱ្យ​ហើយ​។ ប៉ុន្តែ​បើ​គេ​គិតថា​ចំណុច​មិនល្អ​ទាំង​នោះគេ​ដូចជា​មិន​ចូលចិត្ត ប៉ុន្តែ​វា​មិន​សំខាន់ ហើយ​ចំណុច​ល្អ​ដែល​គូភាគី​មាន គឺជា​រឿង​សំខាន់​សម្រាប់​ខ្លួនគេ ដូច្នេះ​ពួកគេ​អាច​បន្ត​រស់នៅ​ជាមួយគ្នា​បាន​។ ក្រោយពី​គិតពិចារណា​ហើយ ភាគី​ទាំងពីរ​ត្រូវតែ​យក​លទ្ធផល​ដែល​ខ្លួន​បានកត់សម្គាល់​ទាំង​ចំណុច​ល្អ និង​មិនល្អ​មក​ពិភាក្សាគ្នា​។ នេះ​ជាការ​លើកឡើង​របស់លោក ប៉ាង រតនា​។​
 
​ទោះជា​យ៉ាងណា​លោក ប៉ាង រតនា ក៏បាន​ព្រមាន​ដែរ​ថា ក្នុងដំណាក់កាល​ទី​៤​នេះ គេ​មិនអាច​សម្ដែង​ធ្វើជា​ពេញចិត្ត​ចំណុច​មិនល្អ ដែល​គូភាគី​មាន​ឡើយ​។ «​នៅពេលដែល​ពួកគេ​ពិចារណា​ច្បាស់លាស់​ហើយ ពួកគេ​ត្រូវតែ​ទទួលស្គាល់ថា ពួកគេ​នឹង​រស់នៅ​ដោយ​ពេញចិត្ត​ជាមួយ​ចំណុច​អវិជ្ជមាន​របស់​គូភាគី​អស់​មូ​យ​ជីវិត​។ នៅក្នុង​ដំណាក់កាល​នេះ​គូភាគី​មិនអាច​ធ្វើជា​ពេញចិត្ត ទាំង​ដែល​ខ្លួន​មិនអាច​ទទួលយកបាន​នូវ​រឿង​ទាំងនោះ​បានឡើយ ព្រោះ​វា​នឹងធ្វើ​ឱ្យ​ជីវិត​គូ​មាន​ជម្លោះ​ទៅ​ថ្ងៃមុខ​»​។ នេះ​ជាការ​បញ្ជាក់​របស់​មន្ត្រី​ស្រាវជ្រាវ​នៃ​វិទ្យាស្ថាន​ភាសាជាតិ នៃ​រាជបណ្ឌិតសភា​កម្ពុជា​។​
 
​បើតាម​លោក រតនា បន្ទាប់ពី​ឆ្លង​ផុត​៤​ដំណាក់កាល​ខាងលើ​ហើយ ពួកគេ​អាច​រៀប​អាពាហ៍ពិពាហ៍​បាន​ហើយ នៅពេលដែល​ពួកគេ​រៀបការ​រួច នោះ​ពួកគេ​ត្រូវ​ប្រើ​ជីវិត​ខ្លួន​ពីរ​ជីវិត​មួយ មានន័យថា​ត្រូវ​រួមសុខ​រួមទុក្ខ​ជាមួយគ្នា ដើម្បី​សាង​សុភមង្គល​ដល់​គ្រួសារ​។ មន្ត្រី​ស្រាវជ្រាវ​រូបនេះ បាន​សង្កត់ធ្ងន់​ដូច្នេះ​ថា​៖«​មកដល់​ដំណាក់កាល​នេះ​ពួកគេ​មិនអាច​ដើរ​បក​ក្រោយ​បានទេ គឺ​ត្រូវ​ដើរកាត់​ព្រៃ កាត់​បន្លា កាត់​ជ្រោះ ឆ្លងកាត់​ឧបសគ្គ​គ្រប់បែបយ៉ាង ដើម្បី​ឡើងទៅ​ដល់​កំពូលភ្នំ ឃើញ​ព្រះអាទិត្យ ដែល​យើង​ហៅថា​ជា​ពន្លឺសុភមង្គល​នោះ​»​។ 
 
​ទោះជា​យ៉ាងណា​លោក ប៉ាង រតនា សង្កេតឃើញថា​មាន​គូស្នេហ៍​មួយចំនួនធំ ជ្រើសរើស​រៀប​អាពាហ៍ពិពាហ៍​នៅក្នុង​ដំណាក់កាល​ទី​២ ដែលជា​ដំណាក់កាល​ល្អឥតខ្ចោះ​។ ហើយក៏​មាន​គូ​ស្វាមីភរិយា​ច្រើន​គូ​ដែរ ដែល​ត្រូវ​ចែកផ្លូវ​គ្នា ដោយ​បន្សល់​ទុកឱ្យ​កូនកំព្រា ព្រោះ​ក្រោយពី​រៀបការ​ហើយ ពួកគេ​ក៏​ដើរ​ដល់​ដំណាក់កាល​ទី​៣ ដែលជា​ដំណាក់កាល​បាក់​ទឹកចិត្ត ឬ​ដំណាក់កាល​ឃើញតែ​កំហុស​ភាគច្រើន​នោះ​។ យ៉ាងណាក្ដី​លោក រតនា មិន​ហ៊ាន​អះអាងថា គូស្នេហ៍​ដែល​ដើរ​តាម​៤​ដំណាក់កាល​នេះ នឹង​ទទួលបាន​សុភមង្គល​១០០​ភាគរយ​ឡើយ​។ ប៉ុន្តែ​លោក​ថា​ក៏​ទទួលបាន​ផល​ច្រើន​៕
 

Tag:
 ប៉ាង រតនា​
  ស្នេហា​
  ចិត្តសាស្ត្រ​
  គ្រួសារ​
 ​ស្នេហា​
© រក្សាសិទ្ធិដោយ thmeythmey.com