កីឡាអន្តរជាតិ
អន្តរជាតិ
យុវជនអាមេរិកម្នាក់ឈ្នះជើងឯកហ្គេមអនឡាញ Fortnite ដែលមានប្រាក់រង្វាន់ដល់ទៅ៣លានដុល្លារ
× យុវជនវ័យក្មេងអាមេរិក Kyle Giersdorf ទទួលបានប្រាក់រង្វាន់ចំនួន ៣លានដុល្លារអាមេរិក បន្ទាប់ពីរូបគេឈ្នះជើងឯក Fortnite World Cup នៃការប្រកួតហ្គេមអនឡាញដ៏មានប្រជាប្រិយភាពរបស់អាមេរិក Fortnite នៅថ្ងៃទី២៨ ខែកក្កដា នាទីក្រុង New York។
Geirsdorf អាយុ ១៦ឆ្នាំមកពីរដ្ឋ Pennsylvania សហរដ្ឋអាមេរិក ជាកីឡាករម្នាក់ក្នុងចំណោមកីឡាករហោចណាស់ ១០០នាក់ផ្សេងទៀត ដែលចូលរួមប្រកួតប្រជែងកីឡាអេឡិចត្រូនិច ដែលមានចំនួនទឹកប្រាក់ច្រើនបំផុតក្នុងប្រវត្តិសាស្ត្រសរុប ៣០លានដុល្លារ។ ដោយសារភាពល្បីល្បាញរបស់វីដេអូហ្គេមអនឡាញមួយនេះ Fortnite បានទាក់ទាញការវិនិយោគធំៗ និងជំរុញកីឡាអេឡិចត្រូនិចឲ្យកាន់តែលេចធ្លោ។
ទឹកប្រាក់៣លានដុល្លារ គឺ Giersdorf ដែលមានតួអង្គឈ្មោះ Bugha បានពីការឈ្នះក្នុងការប្រកួតជាលក្ខណៈទោលនៅក្នុងកីឡដ្ឋាន Arthur Ashe (ទីលានកីឡាវាយកូនបាល់ US Open) ក្នុងក្រុង New York។
ក្រោយទទួលបានប្រាក់ដ៏ច្រើនសន្ធឹក Giersdorf បានប្រាប់ BBC ថារូបគេចង់សន្សំប្រាក់រង្វាន់នេះទុក និងរបស់ដំបូងដែលគេចង់បានគឺតុថ្មីមួយ ហើយប្រហែលជាតុសម្រាប់ដាក់ពានរង្វាន់ដំបូងនេះតែម្តង។
ក្រៅពី Giersdorf យុវជនអង់គ្លេស Jaden Ashman ទទួលបានប្រាក់រង្វាន់ ១,២៣ លានដុល្លារផងដែរសម្រាប់ចំណាត់ថ្នាក់ទី២របស់គេ។
Fortnite បានដាក់ឲ្យដំណើរការនៅឆ្នាំ ២០១៧។ ដោយសារទទួលបានប្រជាប្រិយភាពខ្លាំង Fortnite បានជួយក្រុមហ៊ុនផលិតហ្គេមអនឡាន Epic Games កើនតម្លៃរហូតដល់ ១៥ពាន់លានដុល្លារអាមេរិកកាលពីឆ្នាំមុន។
យោងតាមរបាយការណ៍របស់ក្រុមហ៊ុនវិភាគហ្គេមអនឡាញ Newzoo បង្ហាញថាទីផ្សារវីដេអូហ្គេម និងហ្គេមអេឡិចត្រូនិកទូទាំងពិភពលោកដែលមិនរាប់បញ្ចូលកីឡាអេឡិចត្រូនិច Esports នឹងកើនប្រាក់ចំណូលរហូតដល់ ១៥២,១ ពាន់លានដុល្លារក្នុងឆ្នាំ២០១៩ ពោលគឺកើន ៩,៦ ភាគរយលើសឆ្នាំ ២០១៨៕
Tag:
ហ្គេមអនឡាញ
Kyle Giersdorf
Fortnite World Cup
© រក្សាសិទ្ធិដោយ thmeythmey.com