អន្តរជាតិ
ការធ្វើអត្តឃាត​នៅ​សិង្ហ​បុរី កើនឡើង ១០​ភាគរយ ក្នុងចំណោម​ក្មេងប្រុស​
30, Jul 2019 , 8:29 am        
រូបភាព
ឈុតមួយក្នុងរឿងឥណ្ឌា ចំណងជើង 3 Idiots
ឈុតមួយក្នុងរឿងឥណ្ឌា ចំណងជើង 3 Idiots
ដោយ:
​តួលេខ​នៃ​ការធ្វើអត្តឃាត​ក្នុងប្រទេស​សិង្ហ​បុរី បាន​កើនឡើង ១០​ភាគរយ ក្នុង​ឆ្នាំ​២០១៨ ដោយ​ក្នុងនោះ ក្មេងប្រុស​អាយុ​ចាប់ពី ១០ ទៅ ១៩​នាក់ មាន​អត្រា​ខ្ពស់​។  នេះ​បើតាម​ការបញ្ជាក់​របស់​អង្គការ Samaritans of Singapore (SOS) នៅ​ថ្ងៃទី​២៩ ខែកក្កដា​។

 
​របាយការណ៍ បង្ហាញថា ក្នុង​ឆ្នាំ​២០១៨ ការធ្វើអត្តឃាត​មាន​ចំនួន ៣៩៧ ករណី បើ​ធៀប​នឹង ៣៦១ ករណី​ក្នុង​ឆ្នាំ​២០១៧​។ តួលេខ​នេះ ធ្វើ​ឲ្យ​អត្រា​នៃ​ការធ្វើអត្តឃាត​កើនឡើង​ដល់ ៨,៣៦​ករណី ក្នុងចំណោម​ប្រជាជន​សិង្ហ​បុរី ១០​ម៉ឺន​នាក់ ហើយ​កើនឡើង ៧,៧៤​ភាគរយ​ពី​ឆ្នាំ​២០១៧​។ 
 
​តាម​ការ​ការចុះផ្សាយរ​បស់​ទូរទស្សន៍​សិង្ហ​បុរី Channel News Asia ភ្នាក់ងារ​បង្ការ​ការធ្វើ​អត្តឃាត (SOS) បញ្ជាក់​ឲ្យ​ដឹងថា មនុស្ស​គ្រប់ជំពូក លើកលែងតែ​ប្រជាជន​ដែលមាន​អាយុ ៦០ ឆ្នាំ​ឡើងទៅ ត្រូវបាន​រកឃើញថា មាន​អត្រា​នៃ​ការ​សម្លាប់ខ្លួន កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​។ 
 
​អត្រា​មរណភាព​ដែល​កើតចេញពី​ការធ្វើអត្តឃាត ក្នុងចំណោម​យុវជន និង​មនុស្ស​ប្រុស គឺជា​កង្វល់​សម្រាប់​សង្គម​ដ៏​ធំ​មួយ​។ នេះ​បើតាម​ការបញ្ជាក់​របស់​អង្គការ SOS  ដោយ​សង្កត់ធ្ងន់ថា រាល់​ការ​សម្លាប់ខ្លួន ១០​ករណី ក្នុង​ឆ្នាំ​២០១៨ យ៉ាងហោចណាស់ ៧ នាក់ គឺជា​មនុស្ស​ប្រុស​។ 
 
​មនុស្ស​សរុប​ចំនួន ៩៤​នាក់ អាយុ​ចន្លោះ​ពី ១០ ទៅ ២៩​ឆ្នាំ បានធ្វើ​អត្តឃាត​កាលពី​ឆ្នាំមុន​។ ដោយឡែក ក្នុងចំណោម​ក្មេងប្រុស អាយុ​ចន្លោះ​ពី​១០​ឆ្នាំទៅ ១៩​ឆ្នាំ ក្នុង​ឆ្នាំ​២០១៨ ការសម្លាប់​ខ្លួន មាន​ចំនួន ១៩​ករណី ដែលជា​តួលេខ​ខ្ពស់បំផុត ចាប់តាំងពី​ឆ្នាំ​១៩៩១​មក​។ 
 
​តាមរយៈ​ទូរទស្សន៍​សិង្ហ​បុរី Channel News Asia ប្រធាន​ជំនួយការ​ជាន់ខ្ពស់​នៃ​អង្គការ SOS លោកស្រី Wong Lai Chun និយាយថា វា ជា​រឿង​គួរ​ឲ្យ​ព្រួយបារម្ភ​ដែល​ដឹងថា មនុស្ស​វ័យក្មេង​ជាច្រើន មាន​អារម្មណ៍​ខ្វះ​ការគាំទ្រ​ក្នុងអំឡុងពេល​សោកសៅ​បំផុត​របស់​ពួកគេ ហើយ​ពួកគេ មើលឃើញ​ការសម្លាប់​ខ្លួន​ជា​ជម្រើស​តែមួយគត់ ដើម្បី​បញ្ចប់​ការឈឺចាប់ និង​ការ​លំបាកលំបិន​។  
 
​យ៉ាងណាមិញ លោកស្រី កត់សម្គាល់ថា បច្ចុប្បន្ននេះ មនុស្ស​វ័យក្មេង មាន​ឆន្ទៈ​បន្ថែម​ក្នុង​ការសុំ​ជំនួយ​ពី​អង្គការ​លោកស្រី ដើម្បី​ដោះស្រាយ​វិបត្តិ​។ ត្រង់នេះ លោកស្រី អះអាងថា​ក្នុងចំណោម​មនុស្ស​ដែល​បាន​ផ្ញើ​សំបុត្រ​ទៅកាន់​អង្គការ SOS សម្រាប់​ការគាំទ្រ​ផ្នែក​ផ្លូវចិត្ត ច្រើនជាង ៧៨​ភាគរយ គឺជា​មនុស្ស​អាយុ​ចាប់ពី ១០ ទៅ ២៩​ឆ្នាំ​។ តួលេខ​នេះ កើនឡើង ៥៦​ភាគរយ បើ​ធៀប​នឹង​ឆ្នាំមុន​៕

Tag:
 សិង្ហ​បុរី​
  ការធ្វើអត្តឃាត
© រក្សាសិទ្ធិដោយ thmeythmey.com