អន្តរជាតិ
ថៃ ចង់​ព​ន្លឿ​ន​ការបញ្ជាទិញ​នាវាមុជទឹក​ទី​ពីរ​ពី​ចិន​តម្លៃ ៣៨៩​លាន​ដុល្លារ​
30, Jul 2019 , 11:31 am        
រូបភាព
នាវាមុជទឹកប្រភេទ Yuan Class S26T តម្លៃជាង ៤៣៧,៨លានដុល្លារ របស់ចិន
នាវាមុជទឹកប្រភេទ Yuan Class S26T តម្លៃជាង ៤៣៧,៨លានដុល្លារ របស់ចិន
ដោយ:
​ទោះបី​ប្រឈម​បញ្ហា​មួយចំនួន​ក្តី កងទ័ពជើងទឹក​ភូមិ​ន្ទ​ថៃ នឹង​នៅតែ​បន្ត​អនុវត្ត​គម្រោង​ទិញ​នាវា​ទី​ពីរ ពី​ប្រទេស​ចិន​ដែលមាន​តម្លៃ ១២​ពាន់​លាន​បាត ឬ​ស្មើនឹង​ជាង​៣៨៩​លាន​ដុល្លារ ។ តាម​ប្រភព​យោធា​ច្បាស់ការ កងទ័ពជើងទឹក​ភូមិ​ន្ទ​ថៃ នៅ​ត្រូវការ​ឲ្យ​សភា​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី​កញ្ចប់​ថវិកាជាតិ​ឆ្នាំ ២០២០ ជាមុនសិន ទើប​អាច​ទិញ​បាន​។​

 
​ក្នុង​អាណត្តិ​របស់​អតីត​រដ្ឋាភិបាល​សឹក ដែលមាន​លោក​ប្រា​យុទ្ធ ចន្ទ​អូ​ចា ជា​នាយករដ្ឋមន្ត្រី គណៈរដ្ឋមន្ត្រី​ថៃ បាន​យល់ព្រម​បញ្ជា​ទិញ​នាវាមុជទឹក​ចំនួន ៣​គ្រឿង​ពី​ប្រទេស​ចិន ក្រោម​កិច្ចព្រមព្រៀង​តម្លៃ ១,១​ពាន់​លាន​ដុល្លារ​។ គម្រោង​ទិញ​នាវាមុជទឹក​នេះ ត្រូវ​គណៈរដ្ឋមន្ត្រី​ថៃ​បញ្ចប់​ការពិភាក្សា​រួចរាល់ កាលពី​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៦ ហើយ​តម្រូវ​ឲ្យ​មាន​កញ្ចប់​ថវិកា​សម្រាប់​ការបញ្ជាទិញ​រយៈពេល​ដ​ល់​ទៅ ១១​ឆ្នាំ​។ 
 
​គណៈរដ្ឋមន្ត្រី​ថៃ កាលពី​ថ្ងៃទី ១៨ ខែមេសា ឆ្នាំ​២០១៧ បានអនុម័ត​ការបញ្ជាទិញ​ជា​លើកដំបូង​នូវ​នាវាមុជទឹក​ប្រភេទ Yuan Class S26T តម្លៃ​ជាង ៤៣៧,៨​លាន​ដុល្លារ ពី​ប្រទេស​ចិន​។ កងទ័ពជើងទឹក​ភូមិ​ន្ទ​ថៃ និង​ក្រុមហ៊ុន China Shipbuilding & Offshore International Co បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ស្តីពី​ការធ្វើ​លទ្ធកម្ម កាលពី​ថ្ងៃទី ៤ ខែឧសភា ឆ្នាំ​២០១៧ ក្នុងប្រទេស​ចិន​។ 
 
​តាម​ការចុះផ្សាយ​របស់​កាសែត​បាងកក​ប៉ុស្តិ៍ នៅ​ថ្ងៃទី ៣០ ខែកក្កដា ការបង់ប្រាក់​សម្រាប់​នាវាមុជទឹក​ទី​១ នេះ ត្រូវបាន​បែងចែក​ជា ៧ ដំណាក់កាល​។ តាម​ផែនការ កងទ័ពជើងទឹក​ថៃ បានសម្រេច​បង់ ២២,៧​លាន​ដុល្លារ ក្នុង​ឆ្នាំ​២០១៧ ហើយ​និង​បង់ ៦៤,៨​លាន​ជាប្រចាំ​ឆ្នាំ ចាប់ពី​ឆ្នាំ​២០១៨ រហូតដល់ ឆ្នាំ​២០២៣​។ 
 
​ចំណែក​ការសាងសង់​នាវាមុជទឹក​ទី​១​នេះ​វិញ បានចាប់ផ្តើម​ក្នុងប្រទេស កាលពី​ថ្ងៃទី ៧ ខែកញ្ញា ឆ្នាំមុន ហើយ​វា រំពឹងថា​នឹង​បញ្ចប់​រួចរាល់ និង​បញ្ជូនទៅ​ឲ្យ​កងទ័ពជើងទឹក​ថៃ នា​ពាក់កណ្តាល​ឆ្នាំ​២០២៣​ខាងមុខ​។ 
 
​មែនទែនទៅ គម្រោង​ទិញ​នាវាមុជទឹក​របស់​កង​ទ័ពជើងទឹក​នេះ ទទួលបាន​ការគាំទ្រ​ខ្លាំង ចាប់តាំងពី​រដ្ឋប្រហារ​ឆ្នាំ​២០១៤​មក ក្រោយពី​ខ្លួន បាន​ព្យាយាម​ជាច្រើន​ឆ្នាំ​បញ្ចុះបញ្ចូល​រដ្ឋាភិបាល​ថៃ​អាណត្តិ​មុនៗ ដើម្បី​បញ្ជា​ទិញ​នាវាមុជទឹក​មួយ​ទឹក​ពី​អាល្លឺម៉ង់​។ កាលនោះ ពួកគេ បាន​អះអាងថា គ្មាន​ការបញ្ជាទិញ​នាវាមុជទឹក​សូម្បីតែ​មួយគ្រឿង​ក្នុង​រយៈ​ពេល​៦០​ឆ្នាំ​ចុង​ក្រោយនេះ ហើយ​ប្រទេស​ថៃ ត្រូវការ​នាវាមុជទឹក​ទំនើបៗ​ដើម្បី​ការពារ​ប្រយោជន៍​លំហ​សមុទ្ទ​របស់ខ្លួន ក្នុង​ឈូងសមុទ្ទ​ថៃ និង​សមុទ្ទ Andaman ។ 
 
​គួរ​រម្លឹក​ផងដែរ​ថា ក្នុង​ឆ្នាំ ២០១១ កងទ័ពជើងទឹក​ថៃ មាន​គម្រោង​ទិញ​នាវាមុជទឹក​មួយ​ទឹក​ចំនួន ៦ គ្រឿង ដែល​ផលិត​ដោយ​អាល្លឺម៉ង់ ក្នុងតម្លៃ ២៤៩,៧​លាន​ដុល្លារ​។ ប៉ុន្តែ​គម្រោង​នេះ ត្រូវបាន​រដ្ឋាភិបាល​លោកស្រី យី​ង​ឡាក់ ស៊ីណា​វ៉ា​ត់​ត្រា បដិសេធ​៕

Tag:
 ថៃ​
  ចិន​
  នាវាមុជទឹក​
  កងទ័ពជើងទឹក​ភូមិ​ន្ទ​ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com