ទីបំផុត លោក ត្រាំ អាច​លក់​អាវុធ​តម្លៃ​៨,១​ពាន់​លាន​ដុល្លារ​ឲ្យ​អា​រ៉ា​ប៊ី​សា​អូឌីត​បាន​ហើយ​
អន្តរជាតិ
ទីបំផុត លោក ត្រាំ អាច​លក់​អាវុធ​តម្លៃ​៨,១​ពាន់​លាន​ដុល្លារ​ឲ្យ​អា​រ៉ា​ប៊ី​សា​អូឌីត​បាន​ហើយ​
30, Jul 2019 , 1:58 pm        
រូបភាព
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងរជ្ជទាយាទអារ៉ាប៊ីសាអូឌីត Mohammed bin Salman ។
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងរជ្ជទាយាទអារ៉ាប៊ីសាអូឌីត Mohammed bin Salman ។
​នៅ​សហរដ្ឋអាមេរិក គម្រោង​លក់​អាវុធ​តម្លៃ​៨,១​ពាន់​លាន​ដុល្លារ​ឲ្យ​អា​រ៉ា​ប៊ី​សា​អូឌីត អាច​បន្ត​ទៅមុខ​បាន​ហើយ បន្ទាប់ពី​សភា​អាមេរិក​មិនអាច​រក​សំឡេង​គ្រប់គ្រាន់​ដើម្បី​ជំទាស់​ការលក់​សព្វាវុធ​ដ៏​សន្ធឹកសន្ធាប់​នេះ​បាន​។ គម្រោង​លក់​អាវុធ​ដ៏​ចម្រូងចម្រាស ត្រូវបាន​សភា​ទាំងពីរ​របស់​អាមេរិក បោះឆ្នោត​ប្រឆាំង​ដោយ​បារម្ភ​ថា អាវុធ​អាមេរិក នឹងត្រូវ​ប្រើ​ក្នុង​សង្គ្រាម​នៅ​យេ​ម៉ែន ជាទី​ដែល​វិបត្តិ​មនុស្សធម៌​កំពុង​កើតមាន​។ ប៉ុន្តែ​លោក ត្រាំ បាន​ប្រើ​អំណាច​វ៉េតូ​លើ​ការជំទាស់​របស់​សភា​វិញ​។​

 
​សភា​អាមេរិក នៅ​ថ្ងៃទី​២៩ ខែកក្កដា បាន​បរាជ័យ​ក្នុងការ​ទប់ស្កាត់​គម្រោង​លក់​អាវុធ​តម្លៃ​៨,១​ពាន់​លាន​ដុល្លារ​ទៅ​ឲ្យ​អា​រ៉ា​ប៊ី​សា​អូឌីត សម្ព័ន្ធមិត្ត​ជិតស្និទ្ធ​បំផុត​មួយ​របស់​អាមេរិក​នៅ​មជ្ឈិមបូព៌ា​។ សភា​ទាំងពីរ​របស់​អាមេរិក បាន​ជំទាស់​យ៉ាង​ដាច់អហង្ការ​គម្រោង​លក់​អាវុធ​ចំនួន​២២​មុខ​នេះ ព្រោះ​អា​រ៉ា​ប៊ី​សា​អូឌីត កំពុង​ជាប់ដៃ​ក្នុ​សង្គ្រាម​នៅ​យេ​ម៉ែន​ដែលមាន​អាយុ​៧​ឆ្នាំ​ទៅហើយនោះ​។ ប៉ុន្តែ​ការបែងចែក​ក្នុង​ស្ថាប័ន​នីតិបញ្ញត្តិ​អាមេរិក ធ្វើ​ឲ្យ​រដ្ឋបាល​លោក ដូ​ណា​ល់ ត្រាំ អាច​បន្ត​គម្រោង​នេះ​បាន​។​
 
​តាមពិតទៅ ទាំង​រដ្ឋសភា ទាំង​ព្រឹទ្ធសភា​អាមេរិក សុទ្ធតែ​បាន​បោះឆ្នោត​ប្រឆាំង​គម្រោង​នេះហើយ​ដែរ​។ ចុងក្រោយ​នេះ គឺ​ព្រឹទ្ធសភា​អាមេរិក​បានអនុម័ត​ដំណោះស្រាយ​ដល់​ទៅ​បី​ដើម្បី​រារាំង​រដ្ឋាភិបាល​លក់​អាវុធ​ឲ្យ​សម្ព័ន្ធមិត្ត​របស់​អាមេរិក​។ លោក ត្រាំ បាន​ប្រើ​អំណាច​វ៉េតូ​របស់ខ្លួន​ដើម្បី​បដិសេធ​ការបោះឆ្នោត​ប្រឆាំង​នៅ​វិមាន Capitol វិញ​។ ចុងក្រោយ​ទៅ សភា​អាមេរិក​បែរជា​មិនអាច​រក​សំឡេង​បាន​ពីរភាគបី​ដើម្បី​ជំទាស់​អំណាច​វ៉េតូ​នេះ​។​
 
​អាស្រ័យហេតុនេះ ក្រុង​វ៉ាស៊ីនតោន អាច​លក់​អាវុធ​ឲ្យ​ក្រុង​រី​យ៉ា​ដ​បាន​ហើយ​។ លោក ត្រាំ ផ្ទាល់ បានប្រកាស​ដាក់​ប្រទេស​ក្នុងស្ថានភាព​អាសន្ន​ដើម្បី​លក់​អាវុធ​សន្ធឹកសន្ធាប់​នេះ ក្រោម​ហេតុផល​មានការ​គំរាមកំហែង​ពី​អ៊ីរ៉ង់​។ មិនមែន​តែ​អា​រ៉ា​ប៊ី​សា​អូឌីត​ឡើយ គម្រោង​លក់​អាវុធ​នេះ​ក៏មាន​ឈ្មោះ​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​ដែរ​។ អារ៉ាប់​រួម​នេះ ក៏​ជា​ប្រទេសមួយ​ដែល​លូកដៃ​ជ្រៅ​ក្នុង​វិបត្តិ​យេ​ម៉ែន​តាមរយៈ​សម្ព័ន្ធមិត្ត​ចម្រុះ​ដឹកនាំ​អា​រ៉ា​ប៊ី​សា​អូឌីត​។​
 
​ក្រុម​អ្នក​រិះគន់​អះអាងថា អាវុធ​នេះ នឹង​ដុត​បញ្ឆេះ​ជម្លោះ​នៅ​យេ​ម៉ែន ជាទី​ដែល​សម្ព័ន្ធមិត្ត​ចម្រុះ​ប្រយុទ្ធ​តទល់​នឹង​ក្រុម​ឧទ្ទាម​ហ៊ូ​ទី ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់​។ អង្គការសហប្រជាជាតិ​ធ្លាប់​លើកឡើងថា វិបត្តិ​មនុស្សធម៌​បានអូសបន្លាយ​រាប់​ឆ្នាំ ដែល​ធ្វើ​ឲ្យ​ប្រជាជន​យេ​ម៉ែន​រងគ្រោះ​ទុរ្ភិក្ស​ដ៏​មហន្តរាយ​ក្នុង​ប្រវត្តិសាស្ត្រ​។ ស្ថានភាព​បែបនេះ នឹង​កាន់តែ​ធ្ងន់ធ្ងរ បើ​សហគមន៍​អន្តរជាតិ​មិន​ព្រម​ចាត់វិធានការ​ដោះស្រាយ​ទាន់ពេល​ទេនោះ​។ 
 
​បរាជ័យ​មិនអាច​ទប់ស្កាត់​គម្រោង​លក់​អាវុធ​ខាងលើ បក្ស​ប្រជាធិបតេយ្យ​បាន​រុញ​ការទទួលខុសត្រូវ​លើ​បក្ស​សាធារណរដ្ឋ​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក Ben Cardin សមាជិក​ព្រឹទ្ធសភា​បក្ស​ប្រជាធិបតេយ្យ​និយាយថា ដ្បិត​មិន​រារាំង​ការលក់​អាវុធ ក្រុម​សាធារណរដ្ឋ បាន​បោះបង់​ការទទួលខុសត្រូវ​របស់ខ្លួន​លើ​ការត្រួតពិនិត្យ​ហើយ​។ សមាជិក​គណៈកម្មាធិកា​រ​កិច្ចការ​ការបរទេស​រូប​នេះ​បន្តថា សភា​មានការ​ទទួលខុសត្រូវ​ដើម្បី​ធានាថា អាវុធ​អាមេរិក មិនត្រូវ​ប្រើ​ក្នុងការ​បំពាន​សិទ្ធិមនុស្ស ឬ​បង្ក​ជា​ហិង្សា​លើ​ជនស្លូតត្រង់​៕ 

Tag:
 អាមេរិក​
  អា​រ៉ា​ប៊ី​សា​អូឌីត​
  ដូ​ណា​ល់ ត្រាំ​
© រក្សាសិទ្ធិដោយ thmeythmey.com